លោក ហួ តុលា៖ បើចង់ដឹងថាយុជនមានសមត្ថភាពរឺអត់ ត្រូវផ្តល់ឱកាស

0
1814

កម្មវិធីមួយនេះត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះត្រូវបានទទួលស្គាល់ និងមានប្រជាប្រិយភាពពីថ្នាក់ដឹកនាំធំៗទាំងស្ថាប័នរដ្ឋ និងឯកជនដែលនេះជាកម្មវិធី​ទីមួយ​ហើយក្នុងប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីបណ្តុះធនធានយុវជនក្នុងសង្គមខ្មែរជាក្តីសង្ឃឹមនាពេលអនាគត។

ទាក់ទិនចំណុចនេះ លោក ហួ តុលា ជាសមាជិកស្ថាបនិក និងជានាយកគ្រប់គ្រងកម្មវិធី The Perspectives Cambodia បានបញ្ជាក់ថា៖« កម្មវិធី The Perspectives Cambodia ដែលយើងបង្កើតនេះគឺជា​វេទិកា​សង្គម​មួយ​ដែល​បណ្តុះ​ស្មារតី​សាមគ្គីភាព និង​មានគំនិត​វិជ្ជមាន​ក្នុងសង្គម  ដើម្បី​ឲ្យ​យុវជន​អាច​រស់នៅ​ជាមួយគ្នា ក្នុង​ភាព​ផ្សេងគ្នា​ និង​ចម្រុះ​គ្នា​នៃ​គំនិត និង​ការយល់ឃើញ​ប្រកបដោយ​សីលធម៌ គុណធម៌ និង​ការទទួលខុសត្រូវ​។ ហើយមានមូលហេតុ៣ធំៗក្នុងការបង្កើតកម្មវិធីនេះឡើង។»

ទី​១. ខ្ញុំសង្កេតឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យុវជនកម្ពុជា​យើង​ មានកើនឡើង​កាន់​តែច្រើនឡើងៗ​ ក្នុងការចាប់អារម្មណ៍លើការងារសង្គម ពិសេស​បញ្ចេញ​មតិយោបល់ ទស្សនៈ​យល់​ឃើញនានា ​អំពី​គោលនយោបាយជាតិ កត្តាប្រឈម និងបញ្ហា​នានា​ក្នុងសង្គម នៅតាម​បណ្តាញ​​សង្គម និង​​ទម្រង់​ផ្សេងៗ។ ក្នុងនោះមានយុវជនមួយចំនួន បានបង្កើត និងចែកចាយ ព័ត៎មាន​បំពុល​សង្គម ប្រើប្រាស់សិទ្ធ​បញ្ចេញ​មតិ ទស្សនៈគំនិត ឬ​យោបល់នានា​ទាំងនោះ ពុំមានមូលដ្ឋានសិក្សាស្រាវជ្រាវច្បាស់លាស់ ​​ខ្វះ​ការ​ពិចារ​ណា វិភាគ និង​ខ្វះការទទួលខុសត្រូវ ពិសេស​គឺ​ការប្រើ​ភាសា​មិន​សមរម្យ មិនពិរោះពិសា អសុរោះ លាបពណ៎ដាក់គ្នា បំបែក​បំបាក់​សាមគ្គីភាព និងនាំឲ្យខូចកិត្តិយសជាតិ លើពិភពលោក។


ទី​២ ខ្ញុំ​ចង់ឃើញ​សង្គម​ខ្មែរ ជាពិសេស​យុវជនកម្ពុជា​ជំនាន់​នេះ និងជំនាន់ក្រោយ ចូលរួមអភិវឌ្ឍ​សង្គម ក្នុងមូលដ្ឋានគ្រឹះនៃចំណេះដឹង​ ​មាន​ស្មារតី​សាមគ្គីភាព និង​មានគំនិតជា​វិជ្ជមាន​ចំពោះសង្គម​ជាតិ  ដើម្បី​ឲ្យ​ពួកគាត់​រៀន​​រស់នៅ​ជាមួយគ្នា ក្នុង​ភាព​ផ្សេងគ្នា និង​ចម្រុះ​គ្នា​នៃ​គំនិត ពិសេស ការបញ្ចេញទស្សនៈគំនិត និងការយល់ឃើញរបស់ខ្លួន ​ប្រកបដោយ​សីលធម៌ គុណធម៌ និង​ការទទួលខុសត្រូវ​ខ្ពស់​។

ទី​៣ យើង​ចង់​ផ្តល់ឱកាស​ដល់​យុវជន​កម្ពុជា អាចបង្ហាញ​សមត្ថភាព ទេពកោសល្យ បញ្ចេញ​ទស្សនៈគំនិត និង​បទពិសោធន៍ល្អៗ ​របស់ខ្លួន ចែករំលែក​ទៅកាន់​យុវជនកម្ពុជា​ដូចគ្នា ក៏ដូចជា​សង្គមជាតិ​ទាំងមូល តាមរយៈ​វេទិកា ការជជែក ​ដេញដោល តស៊ូមតិ ចូលរួមការងារសង្គមនានា និងជាផ្នែកនៃតួអង្គដំណោះស្រាយ នៅលើ​ស្ថានភាពសង្គម កត្តាប្រឈម និងបញ្ហា​នានា​ ក្នុង​គោលដៅ ​ផ្ញើ​សារ​ជូនថ្នាក់ដឹកនាំ យុវជនកម្ពុជា និង​សាធារណៈជនទូទៅ  ជាពិសេស ស្ថាប័នរដ្ឋ ឯកជន ឬ​អង្គភាពនានា ​ដែល​ពាក់ព័ន្ធ​ក្នុងដំណើរការកសាងជាតិ ឲ្យលោកបង្កើន​កិច្ច​អភិវឌ្ឍ​ បង្កើន​ការយកចិត្តទុកដាក់ លើ​ការអនុវត្ត​គោលនយោបាយ​ជាតិ ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ​។​

អត្ថបទ៖ មាំ វិបុល,​ Leadership Editor

LEAVE A REPLY

Please enter your comment!
Please enter your name here