មួយរយៈនេះកម្ចីអនឡាញហាក់រីកចម្រើនខ្លាំងណាស់មានទាំងក្រុមហ៊ុនដែលបានចុះបញ្ចីត្រឹមត្រូវ មានទាំងក្រុមហ៊ុនដែលគ្មានប្រវត្តិច្បាស់លាស់ បើអ្នកគិតមួយភ្លែតដូចជាស្រួលខ្លាំងណាស់ បំពេញព័ត៌មានតាមអនឡាញហើយក៏បានលុយដោះទាល់មួយគ្រាៗដែរ ប៉ុន្តែបើវិភាគឲ្យស៊ីជម្រៅបន្តិចទៅ បានដឹងថាការពិតវាមិនស្រួលទេ បើជៀសបានក៏ជៀសទៅ ជាជាងជូតទឹកភ្នែកស្តាយក្រោយ ។
តាមសម្តីលោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា ថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកថា កម្ចីបែបនេះមិនស្របច្បាប់ទេ ហើយមានបញ្ហាអ្វីទៅគេពិបាកជួយអន្តរាគមន៍ណាស់ ព្រោះក្រុមហ៊ុនទាំងនេះគ្មានអាជ្ញាប័ណ្ណ គ្មានទីតាំងច្បាស់លាស់ ។
លោកបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះ មិនមានការការពារអតិថិជន ឬគ្មានគោលការណ៍ការងារកូនបំណុល មិនដូចជា ក្រុមហ៊ុនស្របច្បាប់ដែលត្រូវបានទទួលស្គាល់ដោយធនាគារជាតិនោះទេ។ ដូច្នេះ ប្រជាជនគួរតែប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនរបៀបនេះ ។
ចំណែកលោកង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលឧស្សាហ៍ចែករំលែករឿងលុយកាក់នៅលើវេបសាយរបស់ Business Cambodia ឲ្យដឹងថា កម្ចីពួកនេះឲ្យខ្ចីស្រួលៗ មិនត្រូវការឯកសារសាំញ៉ាំ ប៉ុន្តែការប្រាក់ថ្លៃខ្លាំងណាស់ ថ្លៃជាងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុទៀត ។ លោកក៏បានលើកឡើងក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនថា កម្ចីបែបនេះ ការប្រាក់ខ្ពស់កប់ពពក មានរហូតដល់៤០%ក្នុង១ខែ នេះខ្លាំងជាងសេវាលុយរាប់តាមផ្សារទៅទៀត ហើយកម្ចីបែបនេះគ្មានធ្វើឲ្យជីវភាពប្រជាពលរដ្ឋធូរធារអ្វីទេ មានតែធ្វើឲ្យក្រថែម ដោយសារការប្រាក់ថ្លៃ ហើយធ្វើឲ្យមនុស្សគ្មានវិន័យហិរញ្ញវត្ថុទៀតផង ដែលអ្នកផ្តល់កម្ចីជាអ្នកសម្លាប់ អ្នកទទួលកម្ចីជាអ្នកបើកដៃអោយគេសម្លាប់តែម្តង ។
នេះជាការលើកឡើងរបស់អ្នកជំនាញមួយផ្នែកទុកជាការដាស់តឿន ប៉ុន្តែនៅមានហេតុផលផ្សេងទៀតដែលអ្នកមិនគួរខ្ចីលុយប្រភេទនេះ ។
១-បង់យឺតបន្តិច ត្រូវអស់លុយទ្វេរដង
ដូចដែលបានលើកឡើងខាងលើថា កម្ចីបែបនេះមានការប្រាក់ថ្លៃកប់ពពក លើសពីនេះបើអ្នកបង់លុយយឺតអ្នកនឹងត្រូវពិន័យលុយកាន់តែច្រើនទៅតាមកន្លែងដែលអ្នកបានខ្ចី ។ ជាធម្មតាទេកម្ចីផ្ទាល់ខ្លួន ឬនិយាយឲ្យស្រួលស្តាប់ថាកម្ចីដោះទាល់ ម្ចាស់លុយប្រាកដជាទាមទារឲ្យអ្នកសងលុយវិញឲ្យបានលឿន ដូចច្នោះ អ្នកត្រូវជ្រើសរើស យកលុយទៅសងគេវិញឲ្យបានលឿន ឬសងយឺតតែត្រូវពិន័យថែម?
២-បញ្ហាឯកជនភាព
នៅពេលដែលអ្នកខ្ចីលុយអនឡាញដែលគ្មានប្រភពច្បាស់លាស់ អ្នកមិនដឹងថាព័ត៌មានរបស់អ្នកត្រូវបានគេយកទៅធ្វើអ្វីខ្លះទេ មិនដឹងថាតើគ្រប់យ៉ាងដែលទាក់ទងនឹងអ្នកអាចរក្សាការសម្ងាត់បានឬអត់ តើគេការពារសិទ្ធឯកជនឲ្យឬទេ?
៣-បញ្ហាចៃដន្យ
ខ្ចីលុយបែបនេះជារឿងដែលងាយស្រួល គេមានលុយឲ្យអ្នកខ្ចី ហើយសងគេវិញជាមួយការប្រាក់ ប៉ុន្តែបើចៃដន្យខែនេះប៉ះចំថ្ងៃឈប់សម្រាកច្រើន ក្រុមហ៊ុនអ្នកក៏ត្រូវពន្យាពេលបើកប្រាក់ខែ តើអ្នកយកលុយឯណាទៅសងគេឲ្យទាន់ពេលវេលា បើសងមិនទាន់ ច្បាស់វ័ន្តកមិនខាន ឬមួយត្រូវទៅខ្ចីពីកន្លែងមួយទៀតយកមកសងកន្លែងចាស់ សូមគិតដល់បញ្ហានេះផងមុនខ្ចីលុយគេ ។
៤-កាត់ថ្លៃសេវាមុនផ្ញើលុយចូលគណនីរបស់អ្នក
នៅបរទេស មានកម្ចីខ្លះបានកាត់សេវាមួយចំនួនមុនពួកគេផ្ញើលុយចូលគណនីធនាគារបស់អ្នក ដូចច្នោះគិតមើលទៅថា អ្នកកំពុងតែក្រផង ហើយមានឆ្លៀតកាត់លុយថ្លៃសេវាទៀត គិតទៅលុយខ្ចីមកការថ្លៃហើយ បានអត់គ្រប់ទៀត តើខ្ចីដើម្បីអ្វី?
ដូចច្នោះអ្នកគួរជៀសវាងប្រភេទកម្ចីបែបនេះ ហើយបើចង់ខ្ចីអ្នកត្រូវពិនិត្យមើលផងថាក្រុមហ៊ុនណាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ជាពិសេសមើលការប្រាក់ផង កុំសប្បាយចិត្តនឹងខ្ចីគេពេក ។
អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា