កម្ពុជាឈរនៅលេខ១នាំចេញកង់ទៅកាន់EU ខណៈ​​លេខ១ជាង២០ឆ្នាំមុនគឺតៃវ៉ាន់ ធ្លាក់មកលេខ២

0
3033
រូបតំណាង

ភ្នំពេញ៖ កម្ពុជាឈរនៅលំដាប់លេខ១​​​ជា​ប្រទេស​នាំចេញ​កង់​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប(EU)ច្រើនជាងគេ​កាលពី​ឆ្នាំ​២០១៧ជា​លើកដំបូង​ ខណៈកោះតៃវ៉ាន់ដែលកាន់តំណែងជាអ្នកនាំចេញកង់ច្រើនជាងគេទៅកាន់EU​ជាង២០ឆ្នាំធ្លាក់មកលេខ២វិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន bike-eu.com កាលពី​ពេលថ្មីៗ​នេះ។​

ការចេញផ្សាយដដែលឱ្យដឹងទៀតថា កាលពីឆ្នាំ២០១៦ ​កម្ពុជាបាននាំចេញ​កង់ទៅកាន់ទីផ្សារ EU​ មានចំនួន ១,២៩លាន​គ្រឿងឈរនៅលំដាប់លេខ២ បន្ទាប់ពីកោះតៃវ៉ាន់។ ​ដោយឡែកឆ្នាំ២០១៧នេះ ការ​នាំចេញ​កង់​របស់កម្ពុជាទៅកាន់​ទីផ្សារ​នៅ​បណ្តា​ប្រទេស​ទាំង២៨ នៃសហភាពអឺរ៉ុប មានចំនួន ១,៤២លាន​គ្រឿង ​ចំនួននេះបានកើនឡើង ៩ភាគរយ​ បើធៀបនឹងឆ្នាំ២០១៦ កន្លងទៅ។

ចំណែកឯកោះតៃដែលឈរនៅលំដាប់លេខ២ នៅឆ្នាំ២០១៧​ បានធ្វើការនាំចេញកង់ទៅកាន់ទីផ្សារអឺរ៉ុបមានការធ្លាក់ចុះ ១៥ភាគរយ ពោលគឺមានចំនួន​​ប្រមាណ ១,៣១លាន​គ្រឿងតែប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៦ មានចំនួនរហូតដល់ ១,៥៥លានគ្រឿង។


បើគិត​ពី​តម្លៃ​នៃការ​នាំចូល​កង់​សរុប​របស់ EU ក្នុងឆ្នាំ​២០១៧ គឺមាន​ចំនួន ១,០៦ពាន់លានអឺរ៉ូ ស្មើនឹងជាង ១ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ ​កង់​១គ្រឿងមានតម្លៃ ១៥៥,៨៥អឺរ៉ូ (ប្រមាណ ១៨១,៣​ដុល្លារ​អាមេរិក)។ នេះបើតាមការបញ្ជាក់របស់សារព័ត៌ Bike-EU.com ៕

ប្រែសម្រួលដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here