ប្រៀបធៀបតម្លៃអចនទ្រព្យនៅសែនសុខ មុននិងក្រោយពេលមានវត្តមាន AEON II

0
4542

បើយើងក្រឡេកមើលស្ថានភាព មុនពេលដែល ផ្សារទំនើបខ្នាតអអន្តរជាតិ AEON II មានវត្តមាននៅ តំបន់សែនសុខ ដីដែលស្ថិតក្នុងចំងាយក្រោម១គីឡូម៉ែត្រទៅទិសខាងលិចពីទីតាំងរបស់ផ្សារមានតម្លៃ​ត្រឹមតែ ៣០០ទៅ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែឥឡូវនេះ​តម្លៃលក់​មាន​ចាប់​ពី៥០០​ទៅ៧០០​ដុល្លារក្នុងមួយម៉ែត្រការ៉េ។

នៅតាមបណ្តោយផ្លូវធំៗក្នុងតំបន់ដដែលនេះតម្លៃដីឡើងដល់ ៧០០ដុល្លារទៅ១,០០០​ដុល្លារក្នុង​មួយ​ម៉ែត្រការ៉េ។ សម្រាប់ដីនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ច​ន្លោះផ្លូវ១០០៣ និងផ្លូវហាណូយ​តម្លៃ​កើន​ឡើងដល់១,៥០០ដុល្លារទៅ២,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ​ ដែលពីមុនមានតម្លៃ​១,០០០​ទៅ១,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក ស៊ន សៀប នាយក និងស្ថាបនិករបស់ក្រុមហ៊ុន Key Real Estate មានប្រសាសន៍ថា ផ្សារ​ទំនើបអ៊ីអនម៉ល២មានឥទ្ធិពលខ្លាំងលើតម្លៃអចលនទ្រព្យនៅក្នុងតំបន់ជុំវិញ។តម្លៃដីនៅ​តាម​បណ្តោយ​ផ្លូវ ជា សុផារ៉ាបានកើនឡើង​ជាមធ្យម​ដល់១,៥០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េដែល​តម្លៃដីនឹង​កាន់​តែខ្ពស់បើមានទីតាំងស្ថិតនៅកាន់តែជិតផ្លូវធំ ។


លោក សៀប បានបញ្ជាក់ទៀតថាបើទោះ​បីតម្លៃដីបានកើនឡើងខ្លាំងក៏ដោយ​ប៉ុុន្តែតម្រូវការ​នៅតែ​មាន​ច្រើន។ ហើយជាក់ស្តែងនៅតាមបណ្តោយផ្លូវធំៗស្ទើរតែមិនមានដីទំនេរសម្រាប់លក់ទេ។ ប៉ុន្តែ​សម្រាប់​ដី​នៅប៉ែកខាងលិច និងប៉ែកខាងជើងនៃគម្រោងផ្សារនៅមានដីទំនេរច្រើន។

គួរជម្រាបផងដែរថា ផ្សារទំនើប AEON II គ្របដណ្តប់លើផ្ទៃដីទំហំ ១០ ហិកតា និងមានផ្ទៃក្រឡា ១៥១,០០០ ម៉ែត្រការ៉េ  ដែលគ្រប់គ្រងដោយជប៉ុនមួយនេះបានបើកដំណើរការលក់ជាផ្លូវការហើយ។ នៅក្នុងផ្សារទំនើបនេះមានហាងលក់ទំនិញធំ ៗ រោងភាពយន្ត ភោជនីយដ្ឋាន ហាងលក់ភេសជ្ជៈ និងអាហារ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ នៅខាងក្រៅមានកន្លែងចតយាន្តយន្តធំទូលាយ ដែលអាចដាក់រថយន្តបានចំនួន ២,៥០០ គ្រឿង និងម៉ូតូចំនួន ២,០០០ គ្រឿង។

LEAVE A REPLY

Please enter your comment!
Please enter your name here