ឧកញ៉ាសៀ ឬទ្ធី៖ គន្លឹះក្លាយសហគ្រិនជោគជ័យលើវិស័យអចលនទ្រព្យ (ភាគ១)

0
1989

លោកឧកញ៉ា សៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group ជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា លោកតែងផ្តល់នូវដំបូន្មានល្អៗទាក់ទងនឹងការរកស៊ី ឬក៏មេរៀនអាជីវកម្មជោគជ័យជាច្រើនក្នុងនាមជាសហគ្រិនចាស់វស្សា។

ចង់ក្លាយជាថៅកែ កុំខ្លាចនឹងធ្វើខ្លួនជាកម្មករ

លោកឧកញ៉ាសៀ ឬទ្ធី បានមានប្រសាសន៍ថា ចង់ធ្វើថៅកែគេ កុំខ្លាចនឹងធ្វើខ្លួនដូចកម្មករ។ កាលពីលោករកស៊ីក្នុងវិស័យដឹកជញ្ចូនដំបូង ថៅកែក៏លោក កម្មករក៏លោកដែរ លោកធ្វើជាអ្នកបើកឡានផង អ្នកលើកដាក់ទំនិញផង មិនខ្លាចហត់នឿយឡើយ ហើយក៏ធ្លាប់ប្រឈមគ្រោះថ្នាក់សម្បើមដែរ។ កាលជំនាន់នោះ ដោយសារស្រុកទេសមិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ។ រថយន្តដឹកទំនិញរបស់លោកក៏ធ្លាប់ត្រូវបានគេបាញ់៣ដងដែរ តែជាភព្វសំណាងមិនមានប៉ះពាល់ដល់អាយុជីវិតឡើយ។ អ្វីដែលជាបទពិសោធន៍ដ៏មានតម្លៃមួយទៀតនោះ គឺការិះគន់ នាអំឡុងពេលរកស៊ីដំបូង លោកជួបបញ្ហាមិនចេះអស់មិនចេះហើយទេ ជាពិសេសលើបញ្ហាគុណភាពនៃសេវាកម្មដែលផ្តល់ឲ្យភ្ញៀវ ដោយសារក្រុមហ៊ុនលោកនៅក្មេងខ្ចីមិនទាន់មានបទពិសោធន៍ច្បាស់លាស់នៅឡើយ។


លោកត្រូវរងការស្តីបន្ទោសជាច្រើនពីសំណាក់អតិថិជន តែលោកនៅតែខាំមាត់សង្កត់ចិត្ត និងរៀនសូត្រពីបញ្ហាទំាងអស់នោះ បន្តិចម្តងៗ។ លោកបានគូសបញ្ជាក់ថា រាល់អ្វីដែលអតិថិជនបានស្តីឲ្យ និងរិះគន់ពីសេវាកម្មរបស់លោក គឺហាក់ដូចជាការបង្កាត់បង្រៀនដល់ក្រុមហ៊ុនដ៏ក្មេងខ្ចីរបស់លោកដូច្នោះដែរ។

មុននឹងធ្វើនូវរឿងធំជោគជ័យ អ្នកត្រូវធ្វើខ្លួនឯងឲ្យជោគជ័យសិន

មានមនុស្សមិនតិចទេ ដែលប្រាថ្នាចង់ក្លាយជាបុគ្គលិកជោគជ័យ ដែលភាពជោគជ័យទំាងនោះមានខុសៗគ្នា តែជារួមគឺដើម្បីជីវិតរស់ស្រួល និងមានកេរ្តិ៍ឈ្មោះក្នុងសង្គម។ ប៉ុន្តែ ពួកគាត់ហាក់ភ្លេចធ្វើឲ្យខ្លួនឯងជោគជ័យ មុនឈានទៅសម្រេចបំណងប្រាថ្នាទំាងអស់នោះ មានន័យថា ធ្វើខ្លួនឯងឲ្យក្លាយជាបុគ្គលមានសក្តានុពល ទើបមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឈោងចាប់មហិច្ឆតាបាន។

យ៉ាងណាមិញ លោកឧកញ៉ាប្រធានក្រុមហ៊ុន WorldBridge Group ដែលមានចំណុះដោយក្រុមហ៊ុនប្រមាណជិត ៣០រូបនេះ បានលើកឡើងថា អ្នកមិនអាចធ្វើនូវរឿងធំណាមួយជោគជ័យបានឡើយ ប្រសិនបើអ្នកមិនទាន់ធ្វើខ្លួនឯង ឲ្យជោគជ័យជាមុនសិន ហើយអាចឈានទៅធ្វើឲ្យបុគ្គលនៅជុំវិញខ្លួនជោគជ័យ និងដៃគូជោគជ័យនោះ ទើបអ្នកសម្រេចបានជោគជ័យពិតប្រាកដ។

លោកឧកញ៉ាបន្ថែមថា មុននឹងលោកអាចឈានមកដល់ចំណុចនេះ គឺលោកបានរៀនសូត្រច្រើន តាមរយៈការរៀនពីការងារ ដែលលោកធ្វើ ថែមទំាងបានបន្តពង្រីកចំណេះដឹងតាមរយៈការរៀនវគ្គខ្លីៗទាក់ទងនឹងការធ្វើអាជីវកម្ម ហើយការៀននោះទៀតសោតមិនមែនរៀនត្រឹមតែនៅក្នុងស្រុកទេ លោកក៏បានទៅរៀនសូត្រពីជំនាញ ទំាងអស់នោះពីក្រៅប្រទេសផងដែរ។ លោកគួសបញ្ជាក់ថា លោកបានរៀនជាប់ជានិច្ចពោល គឺរកស៊ីផង រៀនផង។ រហូតដល់ឆ្នាំ២០០៨ លោកយល់ថា ខ្លួនមានបទពិសោធន៍ចាស់ទុំល្មម ទើបលោកឈប់រៀន ហើយចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ទៅលើការប្រតិបត្តិវិញម្តង។

អត្ថបទ៖Business Camboida

[email protected]

 

 

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here