មកមើលការវិវត្តន៍របស់ Facebook តាំងពីកូនវេបសាយកំប៉ិចកំប៉ុករហូតក្លាយជាបណ្តាញសង្គមយក្ស

0
3223

ធ្លាប់តែបើក Facebook មកលេងរាល់ថ្ងៃឃើញព័ត៌មានព្រោងព្រាតពេញនេះ ការពិតពីមុនមកវាមិនមែនបែបនេះទេ ប្រហែលជាអ្នកខ្លះធ្លាប់បានដឹងខ្លះរួចមកហើយពីប្រវត្តិរបស់ Facebook ប៉ុន្តែអ្នកប្រហែលមិនទាន់ដឹងដំណាក់កាលនៃការវិវត្តន៍ខ្លួនរបស់ Facebook នៅឡើយទេ ។

ត្រឡប់ទៅកាន់ឆ្នាំ ២០០៤ អ្នកប្រាកដជានឹកឃើញថា Facebook គ្រាន់តែជាកូនវេបសាយតូចមួយសម្រាប់ទំនាក់ទំនងក្នុងសកលវិទ្យាល័យ Harvard ប៉ុណ្ណោះ ដែលគោលបំណងនៃការប្រើ Facebook ពេលនោះដើម្បីស្វែងរកមនុស្សនៅក្នុងសាលាជាមួយគ្នា មិត្តភក្តិរួមថ្នាក់ និងបង្កើតមិត្តភក្តិថ្មីៗ ។

ចូលដល់ ២០០៥ វេបសាយមួយនេះត្រូវបានបើកឲ្យប្រើប្រាស់នៅសាលាផ្សេងៗ ហើយពេលនោះអ្នកប្រើប្រាស់ត្រូវឆែកមើលទំព័រ Login រាល់ថ្ងៃដើម្បីប្រាកដថាគណនីរបស់ពួកគេបានបញ្ចូលទៅក្នុងបញ្ជីអ្នកប្រើប្រាស់ហើយឬនៅ ដូចច្នោះសាលាមួយៗត្រូវដណ្តើមគ្នា Login ចូល Facebook រាល់ថ្ងៃ ចំណែកក្មេងជំនាន់ក្រោយប្រហែលមិនស្គាល់រសជាតិនេះទេ ព្រោះពេលអ្នកបង្កើត Facebook ភ្លាមគណនីរបស់អ្នកត្រូវបានកត់ទុកក្នុងទិន្នន័យរបស់ Facebook តែម្តង ។ តែកាលពីឆ្នាំ ២០០៥ បញ្ហាគាំង Facebook គឺជារឿងធម្មតា មិនមែនលេងស្រួលៗដូចឥឡូវទេ ។


រហូតដល់ឆ្នាំ ២០០៦ គឺជាពេលដែលកូន News Feed មួយបានកើតឡើង វាគឺកន្លែងដែលព័ត៌មានរបស់អ្នកប្រើប្រាស់ចាប់ផ្តើមមានបន្តិចម្តង ដែលធ្វើឲ្យ Facebook វិវត្តន៍ខ្លួនមួយកម្រិតទៀត ។

២០០៧ រូបរាងរបស់ Facebook ចាប់ផ្តើមផ្លាស់ប្តូរ ហើយ News Feed ផ្លូវការត្រូវបានដាក់ឲ្យប្រើប្រាស់ ជាពិសេសក្មេងៗអាយុ ១៣ឆ្នាំឡើងទៅ អាចប្រើប្រាស់គណនី Email របស់ពួកគេដើម្បីចុះឈ្មោះជាមួយ Facebook ពេលនោះហើយដែលគេចាប់ផ្តើមបង្ហោះរូបអួតគ្នាពេញវេបសាយមួយនេះ ។

២០០៨ ក៏មិនទាន់មានអ្វីប្លែកដែរ តែចូលដល់ឆ្នាំ ២០០៩ Facebook ចាប់ផ្តើមផលិត App ទូរស័ព្ទដំបូងលើ iPhone ហើយឆ្នាំនេះ Facebook ត្រូវបានគេរិះគន់យ៉ាងច្រើនទាក់ទងនឹងបញ្ហា Real Time មានន័យថាអ្នកធ្វើសកម្មភាពអ្វីលើ Facebook គឺវាបង្ហាញប្រាប់គេទាំងអស់ ។

ឆ្នាំ ២០១០ និង ២០១១ Facebook បានផ្លាស់ប្តូរការរចនាទាំងស្រុង ទាំងទំព័រ Login ,News Feed និង Timeline ។ អ្នកអាចដាក់រូប Profile រូបលើ Cover ឃើញមិត្តភក្តិកំពុងអនឡាញនៅចំហៀងខាងស្តាំ ជាពិសេស Profile របស់អ្នកប្រើប្រាស់ម្នាក់ៗបានបញ្ជាក់ពីព័ត៌មានលម្អិតច្រើនជាងមុន ។

ផុតពីឆ្នាំកំណែកទម្រង់ស្ទើទាំងស្រុងនេះមក Facebook ក៏មិនសូវកែទម្រង់វេបសាយរបស់ខ្លួនប៉ុន្មានទេ ប៉ុន្តែ Facebook បានផ្តោតទៅលើកំណែទម្រង់មុខងារពិសេសៗ និងថ្មីៗជានិច្ច មានទាំងល្អ មានទាំងមុខងារដែលទើសចិត្តអ្នកប្រើប្រាស់ ស្របពេលគ្នានេះ Facebook Page បានក្លាយជារឿងពេញនិយម សម្រាប់ចែករំលែកព័ត៌មាន​ ឬលក់ទំនិញជាដើម ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here