បញ្ហាលក់ប្រេងអត់គ្រប់លីត្រនៅកើតមាននៅកម្ពុជា

0
1215
Credit: Google

ភ្នំពេញ៖ ស្ថានីយ៍លក់ប្រេងឥន្ធនៈមួយចំនួនទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តនានានៅតែលួចកេងបរិមាណប្រេងដោយលក់មិនគ្រប់លីត្រដល់អ្នកប្រើប្រាស់យានយន្ត។ បញ្ហានេះនៅមិនទាន់អាចដោះស្រាយបាន ខណៈតម្លៃប្រេងឡើងខ្ពស់នៅជាបញ្ហាស្មុគស្មាញសម្រាប់រដ្ឋាភិបាលកម្ពុជា។

ជាក់ស្តែង កាលពីថៃ្ងទី២៦ ខែ មិថុនាម្សិលមិញនេះ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តបានរកឃើញទីតាំងលក់ប្រេងពីរកន្លែង ដែ​លបានលក់ប្រេងមិនគ្រប់ចំណុះ។ ក្នុងចំណោមនេះ ទីតាំងលក់ប្រេងមួយបានលក់ប្រេងមិនគ្រប់ចំណុះហើយទាំងបន្លំគុណភាពប្រេងថែមទៀត។ បន្ទាប់ពីពិនិត្យឃើញបែបនេះ ក្រុមការងារត្រួតពិនិត្យគុណភាពប្រេងក្រសួងពាណិជ្ជកម្ម បានអប់រំដល់ម្ចាស់ស្ថានីយឲ្យកែសម្រួលឡើងវិញ។

ជាការសម្គាល់ នេះមិនមែនជាករណីទីមួយទេដែលអាជ្ញាធរមានសមត្ថកិច្ចរកឃើញនូវទីតាំងដែលលក់ប្រេងមិនគ្រប់លីត្របែបនេះ។ កន្លងមក ករណីដូច្នេះក៏ត្រូវបានរកឃើញនៅតាមខេត្តមួយចំនួនផងដែរ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ចំពោះករណីលក់ប្រេងអត់គ្រប់លីត្រនេះ ក្រសួងចាត់ការទៅតាមដំណាក់នីមួ​យៗ ដោយមុនដំបូងក្រុមការងារក្រសួងពាណិជ្ជកម្មគ្រាន់តែធ្វើការអប់រំឲ្យម្ចាស់ទីតាំងលក់ដែលមិនគ្រប់លីត្រឲ្យលក់ឲ្យបានត្រឹមត្រូវវិញ។ ចំណែកដំណាក់កាលទីពីរ ប្រសិនបើម្ចាស់ទីតាំងលក់ប្រេងនោះនៅតែលក់មិនគ្រប់លីត្រទៀត ក្រសួងនឹងចេញសេចក្តីព្រមានជាសាធារណៈ។ ដំណាក់ចុងក្រោយ បើសិនម្ចាស់ទីតាំងនោះ នៅតែមិនស្តាប់ទៀត ក្រសួងពាណិជ្ជកម្មនឹងដកហូតអាជ្ញាប័ណ្ណលែងឲ្យបើកធ្វើអាជីវកម្មតែម្តង។


សូមបញ្ជាក់បន្តិចថា ការចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងនេះ គឺក្រុមការងារក្រសួងពាណិជ្ជកម្មផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងៗខុសគ្នាមាន ចំណុះ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here