ទម្លាប់អវិជ្ជមានដ៏មានឥទ្ធិពល ដែលធ្វើអោយអ្នកគ្មានផ្លូវបានចេញរកស៊ី

0
2408

គេតែងនិយាយថា បើចង់មានត្រូវបណ្ណុះផ្នត់គំនិតអ្នកមានជាមុនសិន ព្រោះផ្នត់គំនិតនេះហើយ  ដែលបង្កើតទម្លាប់ល្អៗ វិន័យបង្កើតប្រាក់ គំនិតវិនិយោគ និងបន្ថែមចំណូល ដែលធ្វើអោយ​អ្នកធូរធាជាងមុន លែងខ្វះមុខខ្វះក្រោយ។ និយាយផ្ទុយពីនេះ បើអ្នកមានទម្លាប់ចាយបែបអ្នកក្រ ហើយនៅឱបក្រសោបតទៅទៀត មិនព្រមដោះចេញ ណោះមុខជាធ្វើអោយអ្នកពិបាកនឹង​ចេញរកស៊ី ដោយសារតែទម្លាប់ទាំងនេះហើយរារាំងអ្នក។

ថ្ងៃនេះ Business Cambodia សូមលើកយក ទម្លាប់អវិជ្ជមាន ដែលធ្វើអោយអ្នកក្រហើយក្រទៀត គ្មានថ្ងៃបានចេញរកស៊ី និងមិនអាចកែប្រែជីវភាពឲ្យបានប្រសើរឡើងឡើយ៖

១. ទ្រាំខ្វះគំនិត


ខ្វះគំនិត ធ្វើអោយអ្នករកកន្លែងប្រថុយមិនឃើញ ខ្វះគោលដៅ មិនហ៊ានចេញប្រថុយរកស៊ី តែនៅ​តែទ្រាំ​មិនចេញ​ទៅរៀនពីគេ មិនសាកល្បងអ្វីដែលអាចបង្កើតបទពិសោធន៍អោយខ្លួនឯង។ ចង់ជម្រុះទម្លាប់នេះ អ្នកត្រូវចាប់ផ្តើម ពីការរៀនសូត្របណ្តុះគំនិតសហគ្រិន រៀនពីបញ្ហា​អ្នកដទៃ​នៅក្នុងសង្គម និងវិធីដោះស្រាយវា ដែលអាចក្លាយជាជំនួញរបស់អ្នកតម្លៃ​រាប់ម៉ឺនបាននា​ពេលអនាគត។

២.ទម្លាប់គិតអវិជ្ជមាន

គិតថាខ្លួនមិនឆ្លាត មិនពូកែ មិនមានបទពិសោធន៍ និងការគិតបែបអវិជ្ជមានជាច្រើនទៀត ឬមើលតែ​អាជីវកម្មដែលបរាជ័យ ស្តាប់តែសម្តីគេរកស៊ីខាតរាល់ថ្ងៃ ធ្វើអោយអ្នក​មើល​គ្មានចិត្តចង់រក ឬអាច​មិនចង់​​សូម្បីតែគិតរឿងរកស៊ី។ ត្រង់ចំណុចនេះ អ្នកត្រូវចាប់ផ្តើមបណ្តុះទម្លាប់ បណ្តុះឆន្ទះ ហ៊ាន​គិត ហ៊ានចាប់ផ្តើម ហ៊ានបរាជ័យ​ បើជួបបរាជ័យចាត់ទុកជាបទពិសោធន៍ ហើយសូមកុំបាក់​ទឹកចិត្តនោះថ្ងៃណាមួយ អ្នកនឹងអាចរកផ្លូវត្រូវឃើញ ចេញពីកំហុសកន្លងមក។

៣.ទម្លាប់ខ្ជិល

ប្រសិនបើអ្នកមានជម្ងឺខ្ជិលហើយ ធ្វើអ្វីក៏មិនជោគជ័យដែរ ព្រោះបើមានឱកាសហុចមកអោយ ប្រាកដ​ជាអ្នកដទៃយកមុនអស់ កុំថាឡើយបង្កើតឱកាសអោយខ្លួនឯងនោះ។ មនុស្សខ្ជិល តែងបង្កើតលេស​នៅខាងខ្លួនឯងជានិច្ចដែលធ្វើអោយគេ នៅកន្លែងដដែលងើបមុខមិនរួច។ អ្នកត្រូវបង្កើត​មហិច្ចតា​អោយខ្លួនឯង ពេលណាអ្នកចេះចង់បានហើយ អ្នកនឹងលែងខ្ជិល លែងងោកងុយទៀតហើយ។

៤.ទម្លាប់វាយឬក

មនុស្សវាយឬកគេយល់ថា ទាល់តែជោគជ័យបានគេធ្វើ ពិតណាស់ក្នុងការចេញរកស៊ី សុទ្ធតែមាន​ហានិភ័យ​ជាប់តាមជាមួយជានិច្ច ទោះអ្នកគិតថា ហានិភ័យតិច តែមួយឆ្នាំ ឬ៣ឆ្នាំក្រោយមក បញ្ហាក៏កើតឡើង ហើយអ្នករកស៊ីខ្លះសម្រេចចិត្តបោះបង់ចោល ដែលហេតុផលបែបនេះ ធ្វើអោយមនុស្ស​វាយឬកចេញរកស៊ីមិនកើត ព្រោះថាបើដួលទៅខ្លាចខ្មាស់គេ៕

អត្ថបទដោយ ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here