បុគ្គលិកបរាជ័យធំបំផុត ឃើញលុយ សំខាន់ជាងភាពរីកចម្រើនក្រុមហ៊ុន

0
136685

ក្រុមហ៊ុនទាំងឡាយតែងចាត់ទុកបុគ្គលិក ជាផ្នែកដ៏សំខាន់របស់ខ្លួនមិនអាចខ្វះបាន ព្រោះតែមានបុគ្គលិកខ្លាំងនេះហើយ ដែលញំាឱ្យក្រុមហ៊ុនមានការរីកចម្រើនលូតលាស់។ ហេតុនេះ បានជាក្រុមហ៊ុនមួយចំនួនហ៊ានចំណាយលុយផ្តល់ប្រាក់ខែខ្ពស់ដល់បុគ្គលិកណា ដែលមានឆន្ទៈខ្ពស់ក្នុងការធ្វើការងារ។ តែចៀសមិនរួច នៅមានបុគ្គលិកមួយចំនួនតែងរំពឹងចាំក្រុមហ៊ុនផ្តល់ប្រាក់ខែច្រើន ទើបខ្លួនខំប្រឹងធ្វើការងារ វាជាសញ្ញាណមិនល្អទាល់តែសោះ សម្រាប់បុគ្គលិកខ្លួនឯង និងក្រុមហ៊ុន។

ក្រុមហ៊ុនមួយខ្លាំង មិនមែនមានដើមទុនច្រើនក្នុងការវិនិយោគនោះទេ តែមកពីមានធនធានមនុស្សខ្លាំងៗច្រើននៅគ្រប់ផ្នែកនៃខ្សែចង្វាក់ផលិតកម្ម។ ជាទូទៅគេតែងសង្កេតឃើញ ក្រុមហ៊ុនធំៗហ៊ាន ចំណាយលុយដ៏ច្រើន ដើម្បីទាញបុគ្គលិកខ្លាំងមកបម្រើការងារក្នុងស្ថាប័នខ្លួន។ តែបុគ្គលិកខ្លាំង មិនត្រឹមតែមានជំនាញច្បាស់លាស់នោះទេ តែទស្សនៈវិស័យការងារខ្លាំងផងដែរ។

ក្រុមហ៊ុនប្រើប្រាស់ទឹកលុយ ដើម្បីទាញបុគ្គលិកមកធ្វើការ ភាគច្រើនត្រឹមអ្នកមានជំនាញបច្ចេកទេសតែប៉ុណ្ណោះ តែបុគ្គលិកមានទាំងបច្ចេកទេស និងទស្សនៈវិស័យមិនត្រូវបានអូសទាញបាននោះទេ។ បុគ្គលិកមានត្រឹមបច្ចេកទេសបម្រើការងារក្នុងស្ថាប័នមិនយូរទេ បើមានស្ថាប័នណាឱ្យប្រាក់ខែច្រើន គេនិងផ្លាស់ប្តូរបន្តទៀត​ ខុសពីបុគ្គលិកមានទាំង២ចំណុច បើក្រុមហ៊ុនរីកចម្រើន ហើយគ្មានរូបគេក៏អាចដំណើរការទៅមុខបាន នោះទើបគេសម្លឹងឱកាស ដើម្បីផ្លាស់ប្តូរកន្លែងធ្វើការមិនខាន។


ចំណែកបុគ្គលិកយកលុយដាក់មុខវិញ ពួកគេតែងធ្វើការទៅតាមទឹកលុយ ឱ្យលុយច្រើន ធ្វើច្រើន ឱ្យតិចធ្វើទៅតាមលុយតិច គ្មានទស្សនៈវិស័យ គ្មានគុណធម៌ចំពោះក្រុមហ៊ុននោះទេ បុគ្គលិកប្រភេទនេះឆ្ងាប់ផ្លាស់ប្តូរការងារណាស់ បើកន្លែងថ្មីមានប្រាក់ខែច្រើនជាង។ ពួកគេភ្លេចគិតថា ការខិតខំប្រឹងប្រែងធ្វើការងារឱ្យក្រុមហ៊ុនមានភាពរីកចម្រើន គេក៏មានការរីកចម្រើនទៅតាមនោះដែរ តែបើក្រុមហ៊ុនមានបញ្ហា គេមានបញ្ហាដែរ។

លោកបណ្ឌិត សំ ហេង មានប្រសាសន៍ថា បុគ្គលិកពេលចូលបម្រើការងារក្នុងក្រុមហ៊ុនណាមួយ ត្រូវមានផែនការ និងមហិច្ចតាពង្រីងសមត្ថភាព ដើម្បីកាន់នូវតួនាទីខ្ពស់ ដូចជាតំណែងជានាយកគ្រប់គ្រងទូទៅ ឬតួនាទីខ្ពស់ផ្សេងៗទៀតក្នុងក្រុមហ៊ុន ដូច្នេះយើងត្រូវខិតខំរៀន អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ បើមិនបានតំណែងក្រុមហ៊ុនចាស់ ក៏យើងមានឱកាសខ្ពស់ក្នុងក្រុមហ៊ុនថ្មីដែរ។ នៅពេលដែលអ្នកធ្វើឲ្យក្រុមហ៊ុនរីកចម្រើន និងបានរៀនពីក្រុមហ៊ុនអស់ហើយនោះ អ្នកគួរតែផ្លាស់ប្តូរកន្លែងការងារផ្សេង ដើម្បីអភិវឌ្ឍន៍ខ្លួនបន្តទៀត។

ចំណែកលោកស្រីសុទ្ធ ចន្ថា នាយិកាក្រុមហ៊ុន Daily Transport មានប្រសាសន៍ថា «បុគ្គលិកឆ្នើមមិនអាស្រ័យលើការសិក្សាពេកទេ តែសំខាន់លើបេះដួង និងអត្តចរិក ព្រោះយើងអាចធ្វើការជាមួយបុគ្គលណាម្នាក់ជាមួយអត្តចរិក ហើយវាអាចឲ្យមនុស្សរស់នៅជាមួយគ្នា៨០%»។ ជាការពិតណាស់ យើងមិនអាចធ្វើការជាមួយបុគ្គលិកគិតតែលុយជាប្រាក់ខែ តែមិនគិតរឿងអ្វីផ្សេងទាក់ទងនិងរឿងក្រុមហ៊ុននោះទេ។

ជាសរុបមក បុគ្គលិកឃើញតែលុយ សំខាន់ជាងការរីកចម្រើនរបស់ក្រុមហ៊ុន មិនមែនជាបុគ្គលិកពិតប្រាកដនោះទេ បើទោះបីជាជំនាញ មានសញ្ញាបត្របណ្ឌិតក្តី។ ក៏ប៉ុន្តែ បើអ្នករៀនមិនបានខ្ពស់ មិនទាន់មានជំនាញក្តី តែមានឆន្ទៈខ្ពស់ក្នុងការធ្វើការងារ ចង់ចេះដឹងរឿងរ៉ាវ ខិតខំប្រឹងប្រែងធ្វើការងារ នេះហើយជាបុគ្គលិកដែលម្ចាស់ក្រុមហ៊ុនទាំងឡាយត្រូវការ ហើយបើមានទាំងជំនាញបច្ចេកទេស និងទស្សនៈវិស័យ កាន់តែប្រសើរថែមទៀត៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here