លោក Christopher Lee៖ ធ្វើអីក៏ដោយកុំរំពឹងល្អឥតខ្ចោះពេក តែត្រូវធ្វើឱ្យអស់ពីសមត្ថភាព

0
2533

មនុស្សគ្រប់គ្នានៅលើពិភពលោក មិនថាបុគ្គលដែលមានចំណេះដឹងជ្រៅជ្រះ អ្នកនិពន្ធល្បីៗ ឬអ្នកជំនួញល្បីៗបែបណាក៏ដោយ គឺគ្មាននរណាម្នាក់ធ្វើអ្វីមួយបានល្អឥតខ្ចោះឡើយ។

គ្រប់សម្មភាពទាំងអស់ វាសុទ្ធតែកើតឡើងជាមួយនឹងភាពឆ្គាំឆ្គង ឬកំហុសតូចធំផ្សេងៗដែលមិនអាចជៀសផុត។

លោក Christopher Lee ស្ថាបនិកអង្គការ HEDC អន្តរជាតិនិងជាអ្នកចងក្រងវគ្គអប់រំនិងសៀវភៅ OPERACY មានប្រសាសន៍ថា៖ «រឿងហេតុគ្រប់យ៉ាងវាត្រូវតែកើតពីការ ស្រមៃ និងការប្រមូលផ្តុំនូវកំហុសផ្សេងៗ ព្រោះថាយើងមិនអាចរងចាំ ឬរំពឹងថានឹងធ្វើអ្វីមួយឲ្យបានល្អឥតខ្ចោះឡើយ»។


បើអ្នកចង់ធ្វើអីមួយដោយថារំពឹងថានឹងទទួលបានភាពល្អឥតខ្ចោះ វាប្រាកដជាមិនអាចឡើយ ព្រោះអ្នកនឹងមិនអាចសម្រេចបានអ្វីទាំងអស់ និងមិនហ៊ានចាប់ផ្តើមធ្វើវា ដោយគិតថាខ្លាចធ្វើទៅវាមិនបានល្អឥតខ្ចោះ។

នៅពេលដែលអ្នកគិតថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ហើយនោះ អ្នកគួរតែចាប់ផ្តើមធ្វើវា មិនត្រូវខ្លាចថានឹងមានកំហុសកើតឡើង ហើយអ្នកត្រូវតែប្រមូលផ្តុំនូវកំហុសទាំងនោះសម្រាប់ទុកជាមេរៀននៅក្នុងដំណើរជីវិតរបស់អ្នក។

ជាមួយនឹងសៀវភៅដំបូងដែលលោក Christopher Lee​ បានចុះកិច្ចសន្យាជាមួយរោងពុម្ភដើម្បីសសេរសៀវភៅនោះ តែអស់រយៈពេល៦ខែបន្ទាប់ពីចុះកិច្ចសន្យា គឺលោកទាន់បានសសេរអ្វីចេញទាំងអស់សូម្បីមួយសន្លឹក។

នេះគឺមកពីលោក ចង់ធ្វើវាឲ្យបានល្អឥតខ្ចោះពេក ដោយគិតថានេះស្នាដៃដំបូងរបស់គាត់។ តែតាមការពិត បើសិនជាអ្នករំពឹងចង់បានតែភាពល្អឥតខ្ចោះនោះ ចុងក្រោយអ្នកនឹងមិនបានធ្វើវា និងមិនទទួលបានអ្វីទាំងអស់។

ពេលអ្នកមានបំណង​ចង់ធ្វើអីមួយ សូមកុំរំពឹងទុកថាវានឹងទទួលបានភាពល្អឥតខ្ចោះពេក អ្នកត្រូវតែហ៊ានធ្វើវាឡើងមក កុំខ្លាចថាមានកំហុស ឬបរាជ័យ។ អ្នកតត្រូវចាំថា ក្នុងលោកនេះ គ្មានអ្នកមួយល្អឥតខ្ចោះនោះទេ៕

 

អត្ថបទ៖ វ៉ាត វឌ្ឍនា

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here