ក្រសួងបរិស្ថាន៖ អ្នករើសអេតចាយជាដៃគូដ៏ល្អរបស់ក្រសួងក្នុងការលើកកម្ពស់អនាម័យសាធារណៈ

0
723

(ភ្នំពេញ)៖ ​រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់ បានចាត់ទុកអ្នករើសអេតចាយជាដៃគូដ៏ល្អបំផុតជាមួយក្រសួងក្នុងការងារលើកកម្ពស់បរិស្ថានជាតិ ព្រោះពួកគាត់បានជួយដើរប្រមូលយកកាកសំណល់បម្រើឱ្យសិប្បកម្ម និងឧស្សាហកម្មកែច្នៃជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។

លោកសាយ សំអាល់ បានថ្លែងកាលពីថ្ងៃទី២៥ ខែមិថុនានេះ នៅទីស្តីការក្រសួងបរិស្ថាន ក្រោយជំនួបពិភាក្សាទ្វេភាគីជាមួយលោក អេរិក សូហេម (Erik Solheim) នាយកប្រតិបត្តិកម្មវិធីបរិស្ថាន នៃអង្គការសហប្រជាជាតិ។ លោកសំអាល់បន្ថែមថា នេះជាកាយវិការរួមចំណែកដ៏ល្អមួយ ជាមួយយុទ្ធសាស្ត្ររបស់ក្រសួងតាមរយៈការអប់រំផ្សព្វ​ផ្សាយទៅដល់សាធារណៈជនឱ្យមានការយល់ដឹង និងចូលរួមសម្អាតបរិស្ថានអនាម័យ ក្រោមវិធានការច្រានចោលផលិតផលប្លាស្ទិកមួយចំនួនដែលមិនចាំបាច់កុំឱ្យនាំចូលមកកម្ពុជា។

គូរបញ្ជាក់ថា ដើម្បីរួមចំណែកច្រានចោលផលិតផលប្លាស្ទិក រដ្ឋាភិបាលបានកំណត់អាករពិសេស ដោយសហការជាមួយផ្នែកពាក់ព័ន្ធ ជាពិសេសជាមួយផ្នែកគយ និងសមត្ថកិច្ចតាមច្រកព្រំដែនហាមមិនឱ្យនាំចូលតែម្តងនូវប្រភេទខ្នាតប្លាស្ទិក ដែលយើងគិតថានាំឱ្យមានផលប៉ះពាល់ទៅដល់សោភណភាពទីក្រុងបន្ទាប់ពីប្រើប្រាស់រួច។


បន្ថែមពីលើនេះ ក្រសួងបានដាក់វិធានការតាមផ្សារទំនើបៗនូវគំនិតផ្តួចផ្តើមមួយ ដោយកំណត់ឱ្យតាមផ្សារទំនើបនូវជម្រើសពីរថាគួរប្រើ ឬមិនប្រើប្រាស់ថង់ប្លាស្ទិក តែបើសិនជាអាជីវករណា នូវរក្សាគំនិតចង់ប្រើប្រាស់ថង់ប្លាស្ទិកតទៅទៀត ក្រសួងតម្រូវឱ្យបង់លុយ ៤០០រៀលក្នុងថង់ប្លាស្ទិកមួយ ហើយវិធានការនេះបានអនុវត្តន៍ទទួលជោគជ័យ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានរហូតដល់ ១/៣ ឬ១/៥ នៃចំនួនដែលពួកគាត់បានប្រើប្រាស់ថង់ប្លាស្ទិក ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here