ទីផ្សារម្រេចរតនគីរីធ្លាក់ថ្លៃខ្លាំង ខណៈតម្លៃម្រេចទាំងក្នុងនិងក្រៅស្រុកនៅបន្តខ្ពស់ដដែល

0
2572

ម្រេចរតនគីរី កន្លងមកពឹងផ្អែកទាំងស្រុងទៅលើឈ្មួញកណ្តាល ដែលចាំទិញនាំចេញទៅប្រទេស​វៀត​ណាម ពេលនេះហាក់កំពុងធ្លាក់ថ្លៃយ៉ាងគំហុកកំឡុងពេល២ឆ្នាំជាប់ៗគ្នា ធ្វើអោយកសិករ​ដែលដាំដំ​ណាំ​​​កំពុងមានសក្តានុពលមួយនេះ​ យំមិនចេញឡើយក្រោយចប់រដូវប្រមូលផលរួច។

លោកភ្លុក រតនាកសិករដាំម្រេចនៅខេត្តរតនគីរីបានប្រាប់ Business Cambodia ដោយរៀប​រាប់​តាមខ្សែទូរស័ព្ទថា អ្នកដាំម្រេចនៅរតនគីរីជួបបញ្ហាតម្លៃធ្លាក់ចុះយ៉ាងគំហុក ធ្វើអោយអ្នក​ខ្លះបាន​សម្រេច​ចិត្តបោះបង់ដំណាំនេះចោលបណ្តើរៗហើយ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃម្រេច​ក្នុងខេត្តនេះ​កាន់តែ​ដុនដាបទៅៗ។

កសិកររូបនេះបន្តថា កាលពី២ឆ្នាំមុនរដូវប្រមូលផលម្រេចចូលមកដល់ គាត់អាចលក់បាន​ជាង៣ម៉ឺន​រៀល​​ឯណោះក្នុងមួយគីឡូក្រាម ប៉ុន្តែតម្លៃនេះហាក់ដាំក្បាល​ចុះបន្តិចសល់ត្រឹមជាង២ម៉ឺនរៀល​កាល​ពីឆ្នាំមុន ហើយកាន់តែអាក្រក់ទៅទៀតនោះគឺ ទើបតែចប់រដូវកាលប្រមូលផលក្តៅៗនេះ តម្លៃម្រេច​ធ្លាក់សល់ត្រឹមតែ៧ពាន់ទៅ៨ពាន់ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។


លោក រតនាបន្ថែមថា មូលហេតុចម្បងដែលធ្វើឲ្យតម្លៃម្រេចរតនគីរីធ្លាក់ចុះខ្លាំង ដោយសារតែអ្នក​ប្រមូល​​ទិញ​​ទ​ម្លាក់​តម្លៃ ក្រោមហេតុផលខាងវៀតណាមមិនទាន់បើកទិញម្រេចពីស្រុកខ្មែរនៅឡើយ ខណៈម្រេច​តម្លៃ​ទីផ្សារទាំ​ង​ក្នុងស្រុក និងក្រៅស្រុកនៅថេរដូចដើម។

គួរជម្រាបជូនថា​ ម្រេចរតនគីរី​ប្រមូលផលយ៉ាងទៀងទាត់អំឡុងពេល៥ខែពេញ ពោលគឺរាប់ចាប់ពីមករា រហូតដល់ខែឧសភា។ សម្រាប់ដំណាំមួយនេះ អ្នកជំនាញកសិកម្មបានបង្ហើបថា​អាចដាំបានទិន្នផល​ខ្ពស់​អាស្រ័យ​លើកត្តា៥​សំខាន់ៗ​ដូចជា ដី ពូជ បច្ចេកទេស ជីធម្មជាតិ និងកត្តាអាកាសធាតុជាដើម។ រីឯតម្លៃនៅលើទីផ្សារវិញ ម្រេចខ្មែរលក់ក្នុតម្លៃដូចខាងក្រោម៖

ម្រេចស មានតម្លៃ២៨/គីឡូក្រាម

ម្រេចក្រហម មានតម្លៃ២៥/គីឡូក្រាម

ម្រេចខ្មៅ មានតម្លៃ១៥/គីឡូក្រាម

និងម្រេចបៃតង មានតម្លៃ៣ /គីឡូក្រាមផងដែរ៕

អត្ថបទដោយ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here