វៀតណាមប្រកាសរឹតបន្តឹងការនាំចូលអេតចាយ ព្រោះប៉ះពាល់ដល់បរិស្ថាន

0
1147
រូបតំណាង (Google)

ក្រុងហាណូយ៖ អគ្គនាយកដ្ឋានគយវៀតណាម បានស្នើទៅកាន់អាជ្ញាធរតំបន់នានាឲ្យធ្វើការរឹតបន្តឹងការនាំចូលអេតចាយមកក្នុងប្រទេសវៀតណាម។ អគ្គនាយកដ្ឋានគយវៀតណាមបានអះអាងថា ការនាំចូលអេតចាយធ្វើឲ្យមានការផ្លាស់ប្តួរយ៉ាងស្មុគស្មាញ ដែលវាអាចបង្កឲ្យមានការបំពុលបរិយាកាស និង ប៉ះពាល់ដល់បរិស្ថានផងដែរ។

អគ្គនាយកដ្ឋានគយវៀតណាមបានប្រាប់ដល់នាយកដ្ឋានគយក្នុងតំបន់ថា គួរតែគោរពទៅតាមច្បាប់នៃការការពារបរិស្ថាន។ យោងតាមក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ការនាំចូលអេតចាយមកក្នុងប្រទេសវៀតណាមត្រូវគោរពទៅតាមច្បាប់បរិស្ថាន។ តែទោះបីជាយ៉ាងណាក៏ដោយ អាជីកម្មអេតចាយមួយចំនួនបានបំពានទៅនឹងច្បាប់ ដោយប្រកាសឈ្មោះ និងលេខកូដផលិតផលមិនត្រឹមត្រូវ និងផ្តល់ព័ត៌មានក្លែងក្លាយសម្រាប់ធ្វើនិតីវិធីនាំចូលអេតចាយ។

អគ្គនាយកដ្ឋានគយ បាននិយាយឲ្យដឹងថា តំបន់ខ្លះក្នុងប្រទេសវៀតណាមគួរតែបង្កើនការត្រួតពិនិត្យលើផលិតផលនាំចូលដូចជាដែកថែបអេតចាយ ដែកធម្មតា ផ្លាស្ទិក និងក្រដាស។ ការសម្រេចបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានគយនៃក្រុងហូជីមិញបានរាយការណ៍ថា កុងតៃណឺរនាំចូលអេតចាយជាច្រើនកំពុងជាប់គាំងនៅលើកំពង់ផែ។


សូមបញ្ជាក់ថា របាយការណ៍ចុងក្រោយរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា នៅក្នុងរយៈពេល៥ខែក្នុងឆ្នាំនេះ ប្រទេសវៀតណាមបាននាំចូលដែកអេតចាយជាង២លានតោន ហើយរកចំណូលបាន៧៤៤លានដុល្លារអាមេរិក។ ការនាំចូលច្រើនបំផុតគឺមកពីប្រទេសជប៉ុន ដោយមានចំនួន៥៤ម៉ឺន៦ពាន់តោនក្នុងតម្លៃទឹកប្រាក់២០០លានដុល្លារអាមេរិក៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here