ពីមហាសេដ្ឋីពាន់លានដុល្លារ ធ្លាក់ខ្លួនក្រហើយ ជំពាក់បំណុលគេជាង៧៥០លានដុល្លារថែមទៀត

0
9482

លោក Bjorgolfur កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤១​  ធ្លាប់មានតំណែងជាមហាសេដ្ឋីលេខទី២របស់ប្រទេសអ៊ីស្លង់ (Iceland) ហើយក៏ធ្លាប់ជាអតីតប្រធាននិងម្ចាស់ក្លឹបបាល់ទាត់ West Ham United FC នៅប្រទេសអង់គ្លេសផងដែរ មុនពេលកើតមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលធ្វើឲ្យលោកត្រូវបរាជ័យអាជីវកម្មបាត់បង់ទ្រព្យសម្បត្តិទាំងអស់គ្មានសល់សូម្បីមួយកាក់មួយសេន ហើយថែមទាំងជំពាក់បំណុលគេជាង៧៥០លានដុល្លារទៀតផង។

មុនកើតវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ លោក Bjorgolfur ត្រូវបានទស្សនាវដ្តីល្បី Forbes ចាត់ចំណាត់ថ្នាក់ជាអ្នកមានបំផុតក្នុងចំណោមមហាសេដ្ឋី១ពាន់នាក់នៅលើពិភពលោក។ កាលណោះតាមការព្យាករណ៍លោក Bjorgolfur មានទ្រព្យសម្បត្តិសរុប ១.៤ពាន់លានដុល្លារ ហើយក៏ជាមហាសេដ្ឋីលំដាប់ទី២នៅ ក្នុងប្រទេសអ៊ីស្លង់ផងដែរ។ ប៉ុន្តែជាអកុសល ដោយសារវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ២០០៨ ធ្វើឲ្យក្រុមហ៊ុនរបស់លោកជាច្រើនត្រូវក្ស័យធន ហើយទ្រព្យសម្បត្តិស្ទើរទាំងអស់របស់លោកត្រូវបាត់បង់ផងដែរ។ លើសពីនេះទៅទៀត នៅចុងឆ្នាំ២០០៨នោះដដែល ទ្រព្យសម្បត្តិរបស់លោកត្រូវបាត់បង់អស់ពីខ្លួនគ្មានសល់។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ ធនាគាររបស់លោកត្រូវបានប្រកាសក្ស័យធន និងត្រូវតុលាការប្រទេសអ៊ីស្លង់ កាត់ឲ្យជាប់បំណុលបន្ថែមប្រមាណជាង៧៥០លានដុល្លារអាមេរិក។

គួររំលឹកថា អតីតមហាសេដ្ឋីលំដាប់លេខ២របស់ប្រទេសអ៊ីស្លង់រូបនេះ ក៏ធ្លាប់ជាអតីតម្ចាស់ភាគហ៊ុនធំ និងធ្លាប់ជាប្រធានធនាគារ Icelandic Bank Landsbanki ដែលជាធនាគារលំដាប់លេខ២នៅប្រទេស អ៊ីស្លង់ទៀតផង។ មិនតែប៉ុណ្ណោះ កាលនៅជាមហាសេដ្ឋីលោក Bjorgolfur បានទិញយក ក្លឹប West Ham United ដែលជាក្លឹប Premier League របស់ចក្រភពអង់គ្លេស។ ក្រោយមកទៀតនៅខែមិថុនា ឆ្នាំ២០០៦ លោកបានទិញយកភាគហ៊ុន ៩០%នៃក្លឹបនេះ ធ្វើឲ្យរូបលោកក្លាយជាប្រធានក្លឹប ហើយមានលោក Eggert Magnusson ជានាយកគ្រប់គ្រងក្លឹប។ ដោយមិនស្កប់ស្កល់ នៅខែឆ្នូ ឆ្នាំ២០០៧ លោក Bjorgolfur បានទិញយកភាគហ៊ុនបន្ថែម ៥%ទៀតពីលោក Magnusson ធ្វើឲ្យលោកក្លាយជាម្ចាស់គ្រប់គ្រងក្លឹបទាំងមូល។


ជាអកុសល ក្រោយការទិញយកក្លឹបកំពូលនៅអង់គ្លេសមិនបានប៉ុន្មានផង វិបត្តិហិរញ្ញវត្ថុដ៏ធំបានកើតឡើង ធ្វើឲ្យលោក Bjorgolfur ត្រូវក្ស័យធនអស់ទ្រព្យសម្បត្តិ និងជាប់បំណុលជាង ៧៥០ដុល្លារ។  ក្រោយតុលាការប្រកាសពីបំណុលរបស់លោក នៅថ្ងៃ៨ ខែ មិថុនា ឆ្នាំ២០០៩ ក្លឹប West Ham របស់លោក ត្រូវដកហូតយកមកគ្រប់គ្រងដោយ ក្រុមហ៊ុន CB Holding វិញ ហើយ លោក Bjorgolfur ក៏បានលាលែងពីប្រធានក្លឹប។

ជាងនេះទៅទៀត បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលធ្វើឲ្យ ប្រព័ន្ធធនគាររបស់ប្រទេសអ៊ីស្លង់ស្ទើរតែដួលរលំទាំងស្រុងនោះ នៅឆ្នាំ២០០៩ លោក Bjorgolfur គឺជាបុគ្គលដែលត្រូវបានបណ្តាញសារព័ត៌មានល្បីៗ កត់សំគាល់ជាងគេបង្អស់ ពីព្រោះលោកបានប្រកាសក្ស័យធន ហើយថែមទាំងជាប់បំណុលជាង៧៥០លានដុល្លារអាមេរិក ដែលនេះអាចចាត់ទុកថា លោក Bjorgolfur មហាសេដ្ឋីដែលមានសំណាងអាក្រក់ជាងគេបង្អស់ ក្នុងកំណត់ត្រារបស់ពិភពលោក។

អត្ថបទដោយ៖ SOY-VUTHEA

LEAVE A REPLY

Please enter your comment!
Please enter your name here