ឪពុកមិនឲ្យញ៉ាំស្ករគ្រាប់ រកនឹកកែច្នៃស្ករគ្រាប់ បំប៉នសុខភាពធ្មេញ ក្លាយសេដ្ឋីនីវ័យ ១៣ឆ្នាំ

0
2598

Alina Morse វ័យ ១៣ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនស្ករគ្រាប់ Zollipops ដែលជាស្ករគ្រាប់ជួយបំប៉នសុខភាពមាត់ធ្មេញ។​ បច្ចុប្បន្ន ក្រុមហ៊ុន ស្ករគ្រាប់ Zollipops រកចំណូលបានខ្ទង់លានដុល្លារដែលធ្វើឲ្យ កុមារី Alina Morse ក្លាយជាសេដ្ឋីនីទាំងវ័យក្មេង។

គំនិតអាជីវកម្ម របស់នាងបានលេចេញឡើង កាលនាងមានវ័យ ៧ឆ្នាំ នៅពេលដែលនាងបានទៅធនាគារ ហើយបុគ្គលិកធនាគារម្នាក់បានឲ្យស្ករគ្រាប់ Lollipop​​ ដែលជាស្ករគ្រាប់នាងចូលចិត្តញ៉ាំ។ ពេលនោះ ប៉ារបស់នាង បានហាមមិនឲ្យញ៉ាំឡើយ ព្រោះស្ករគ្រាប់ផ្ដល់ផលអាក្រក់ដល់មាត់ធ្មេញ។ ស្ករភាគច្រើនសុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាពធ្មេញ។ នាងបានសួរប៉ារបស់នាងថា “ហេតុអ្វីបានជាគេ មិនផលិតស្ករគ្រាប់ដែលមិនបង្កផលប៉ះដល់សុខភាពមាត់ធ្មេញ?”

បន្ទាប់ពីមានចម្ងល់​ក្នុងខួរក្បាល នាងក៏បានធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទៅ ជួបពិភាក្សាជាមួយពេទ្យធ្មេញ ដើម្បីសួរគាត់ថាតើមាន ត្រូវមានសារធាតុអ្វីផ្ទុកក្នុងស្ករគ្រាប់ Lollipop ដែលជាជួយដល់សុខភាពមាត់ធ្មេញ។​


ក្រោយពីបានពិភាក្សា ជាមួយពេទ្យធ្មេញ គួបផ្សំជាមួយការស្រាវជ្រាវលើ អនឡាញជាច្រើន នាងបានរកឃើញថា សារធាតុ xylitol និង erythritol អាចជួយបំប៉នសុខភាពធ្មេញរបស់មនុស្សបាន។

ពេលរកឃើញគ្រឿងផ្សំដ៏អស្ចារ្យហើយ នាងបានយកលុយ ៧៥០០ដុល្លារដែលប្រាក់សន្សំដែលគ្រួសារនាងធ្លាប់ផ្ដល់ឲ្យ យកមកធ្វើជាដើមទុនចាប់ផ្ដើមអាជីវកម្ម។

Alina Morse បានចម្អិន ស្ករគ្រាប់ Lollipop នៅក្នុងផ្ទះបាយហើយបានធ្វើការបន្ថែមបន្ថយគ្រឿងផ្សំរហូតទទួលបាននូវរូបមន្តផលិតស្ករគ្រាប់ដែលផ្ដល់សុខភាពធ្មេញ។ បន្ទាប់ពីរករូបមន្តបានជោគជ័យ នាងក៏បានស្វែងរកក្រុមហ៊ុនផលិតស្ករ ដើម្បីធ្វើការផលិតស្ករគ្រាប់ជាលក្ខណៈទ្រង់ទ្រាយធំ។

ក្នុងឆ្នាំ  ២០១៤​ នាង​បង្កើតបានក្រុមហ៊ុនស្ករគ្រាប់មួយឈ្មោះថា” Zollipops” ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់យីហោ” Zollipops”។ Alina Morse ស្ថាបនិកក្រុមហ៊ុនស្ករគ្រាប់ Zollipops បានឲ្យដឹងថា ស្ករគ្រាប់របស់នាងគឺផលិតចេញពីសារធាតុ xylitol និង erythritol តាមបែបធម្មជាតិ ហើយមិនមានជាតិស្ករឡើយ។ លើសពីនេះ វាជួយបង្កើន pH នៅក្នុងមាត់អ្នកបរិភោគ ព្រមទាំង ធ្វើឲ្យធ្មេញរឹងមាំទៀតផង។

បច្ចេប្បន្ន ស្ករគ្រាប់ Zollipops ត្រូវបានដាក់លក់តាមបណ្ដាហាងលក់ទំនិញល្បី ជាពិសេសផ្សារលក់ទិញអនឡាញ ដូចជា ​Amazon, Walmart, Kroger និង Whole Foods ជាដើម ដោយក្នុងមួយកញ្ចប់ តម្លៃប្រមាណ ៤ដុល្លារអាមេរិក។ ក្រុមហ៊ុន ស្ករគ្រាប់ Zollipops របស់កុមារី Alina Morse រកចំណូលបានប្រមាណ ១.៥លានដុល្លារក្នុងមួយឆ្នាំ ហើយនាងគ្រោងនឹងបង្កើនចំណូលឲ្យបាន ២លានដុល្លារក្នុងពេលឆាប់ៗ។

សេដ្ឋីនីវ័យ ១៣ឆ្នាំរូបនេះបានបង្ហើបថា ទោះបីជានាងក្លាយជាសេដ្ឋីនីរកលុយបានច្រើនពិតមែន តែនាងមិនបង់បោះការសិក្សានោះទេ។ នាងថា នាងនឹងនៅតែបន្តការសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ ហើយទោះបីពេលនេះ នាងរកលុយបានច្រើន និងកាន់ក្រុមហ៊ុនក្នុងដៃពិតមែន តែនាងមិនទាន់មានចំណេះដឹងអ្វីជាដុំកំភួននោះទេ។ នាងនៅតែបន្តការសិក្សាដើម្បីទទួលចំណេះដឹងកាន់តែច្រើន ដូច្នេះ​ ពេលនាងចាស់ទៅនាងអាច ចាប់ផ្ដើមអាជីវកម្មផ្សេងទៀត៕

អត្ថបទដោយ៖ ហុង

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here