ក្រុមប្រឹក្សាជាតិគណនេយ្យ និង វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា សហការផ្សព្វផ្សាយច្បាប់គណនេយ្យ និងសវនកម្ម ដល់និស្សិត

0
2700

ភ្នំពេញ៖ កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នេះ ក្រុមប្រឹក្សាជាតិគណនេយ្យ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា រៀបចំសិក្ខាសាលា “ច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម” ដល់ សាស្រ្តាចារ្យ និងនិស្សិត។

សិក្ខាសាលា “ច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម” នេះ ត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ និងជាប្រធាន​ក្រុមប្រឹក្សា​ ជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំង លោកនាយកវិទ្យាស្ថាន ថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ និងនិស្សិតសរុបប្រមាណ ជិត ២០០នាក់។

ថ្លែងនៅក្នុង សិក្ខាសាលា “ច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម” ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ និងជាប្រធាន​ក្រុមប្រឹក្សា​ជាតិគណនេយ្យ បានមានប្រសាសន៍ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង​អំពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ នឹងគណនេយ្យ និងសវនកម្ម នៅកម្ពុជា ដល់សាស្រ្ដាចារ្យ និស្សិត នៃវិទ្យាស្ថាន ពាណិជ្ជសាស្រ្ដ អេស៊ីលីដា ដើម្បីឲ្យយល់​ដឹង​ពីសារប្រយោជន៍ និងកាតព្វកិច្ចនានា ដែលត្រូវអនុវត្ត ក្នុងនោះរួមមាន ជាអាទិ៍ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ កាតព្វកិច្ចរៀបចំរបាយ​ការណ៍​ហិរញ្ញវត្ថុ កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យសវនកម្មជាដើម។


ឯកឧត្ដម បានបន្ថែមទៀតថា នៅពេលដែលក្រុមហ៊ុន សហគ្រាសបានអនុវត្តកាតព្វកិច្ចទាំងនេះបានត្រឹមត្រូវ សហគ្រាសនឹងទទួលបានសារប្រយោជន៍យ៉ាងច្រើន រួមមាន តម្លាភាពនៃការគ្រប់គ្រង ធនធានហិរញ្ញវត្ថុ ភាពងាយស្រួលក្នុងការទទួលបានឥណទាន ពីធនាគារឬស្ថាប័នហិរញ្ញវត្ថុ ការស្វែង​រកដៃគូវិនិយោគពីបរទេស និងចូលរួម​ជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចជោគជ័យតាម យុទ្ធសាស្រ្ដអភិវឌ្ឍន៍ហិរញ្ញវត្ថុ ២០១១-២០២០។

ចំណែក លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមាន​ប្រសាសន៍ថា ជំនាញ គណនេយ្យ និងសវនកម្ម ពិតជាមានសារៈសំខាន់ណាស់។ ជាក់ស្ដែង ធនាគារ អេស៊ីលីដា តែងតែអនុវត្តន៍តាមច្បាប់ គណនេយ្យ និងសវនកម្ម បានយ៉ាងល្អ។

លោកបណ្ឌិត បានបន្ថែមទៀតថា ធនធានមនុស្ស ទាក់ទងទៅនឹង ការងារ គណនេយ្យ ធម្មតា ក្នុងប្រទេសកម្ពុជាយើងគឺមានច្រើនណាស់ តែបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏ដូចជា ក្រុមប្រឹក្សាជាតិគណនេយ្យ បានយកចិត្តទុកដាក់ ជាពិសេសទៅ លើជំនាញ វិជ្ជាជីវៈគណនេយ្យ( satisfied public accountants) ដែលអាចធ្វើ របាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន, ធនាគារ និងក្រុមហ៊ុនទាំងអស់ ដោយបញ្ជាក់ថា របាយការណ៍នេះ ត្រឹមត្រូវច្បាស់លាស់ ទៅតាមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ។​ ទាក់ទងនឹងចំណុចនេះ លោកបណ្ឌិតបានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិគណនេយ្យ កំពុងផ្ដោតយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្សលើជំនាញនេះ ឲ្យបានច្រើនថែមទៀត។

គួរជម្រាបផងដែរថា បច្ចុប្បន្ន វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា កំពុងផ្ដល់នូវសេវាអប់រំ ដល់និស្សិត ជាង ៥០០នាក់ ក្នុងកម្រិត ថ្នាក់បរិញ្ញាបត្ររង និង ថ្នាក់បរិញ្ញាបត្រ លើជំនាញ ហិរញ្ញវត្ថុ និងធនាគារ ប្រកបដោយវិជ្ជាជីវៈ និងគុណភាពគួរឲ្យជឿទុកចិត្ត ។ ជាមួយគ្នានេះដែរ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ចំណាយលុយជិត៤០លានដុល្លារអាមេរិក ក្នុងការសាងសង់អគារលំដាប់ស្តង់ដាអន្តរជាតិ ហើយអគារថ្មី របស់ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា កំពុងត្រូវបានសាងសង់លើផ្ទៃដី ៧៥៧៥០ម៉ែត្រការ៉េ អាចទទួលនិស្សិតចូលរៀនបានពី ៦០០០ ទៅ ៧០០០នាក់(សរុប៣វេន)។​ នៅក្នុងអគារសិក្សាថ្មីនេះ ក៏មានអគាអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្នាក់នៅ មានសួនច្បារ ទីលានបាល់ទាត់ បាល់ទះ និងបាល់បោះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕

អត្ថបទដោយ៖ ហុង

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here