ដោយសារប្រេងឡើងថ្លៃ ថៃបានលាយផលិតប្រេងថ្មីសម្រាប់វិស័យដឹកជញ្ជូន

0
1281

ថៃ៖ប្រេងថ្មី B20 ដែលកើតចេញពីការលាយគ្នារវាងប្រេងBiodiesel ចំនួន២០% និងប្រេងម៉ាស៊ូត៨០% ត្រូវបានគេគ្រោងនឹងដាក់លក់សម្រាប់វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី២ខែកក្កដាខាងមុខនេះ បន្ទាប់ពីធ្វើការសាកល្បងអស់រយៈពេលពី៥ ទៅ ៦ ឆ្នាំមកហើយ។

សម្រេចលាយផលិតនូវប្រេងថ្មីនេះ គឺថៃមានគោលបំណងរក្សាតម្លៃការដឹកជញ្ជូនសាធារណៈស្របទៅតាមការឡើងចុះឥតឈប់ឈនៃតម្លៃប្រេងសកលដែលបានប្រែប្រួលតម្លៃយ៉ាងខ្លាំង។ អ្នកបង្កើតគោលនយោបាយរបស់ថៃបានព្យាករណ៍ថា តម្លៃប្រេងសកលនឹងឈានដល់៩០ដុល្លារក្នុងមួយបារ៉ែលនៅឆមាសទី២ ឆ្នាំ២០១៨នេះ។ ចំណែកប្រេងថ្មី B20 ត្រូវបានគេរំពឹងថា នឹងផលិតបាន៤០ម៉ឺនតោនក្នុងមួយឆ្នាំៗ។

ប្រេងថ្មីB20នេះ នឹងដាក់លក់ក្នុងតម្លៃ៣បាត(លុយថៃ)ក្នុងមួយលីត្រ ដែលវាមានតម្លៃទាបជាងប្រេងគេប្រើបច្ចុប្បន្នឈ្មោះថាB7 ដែលមានតម្លៃពី៤ទៅ៤បាតកន្លះក្នុងមួយលីត្រ។ ប្រេងថ្មីនេះ វាត្រូវនឹងរថយន្តក្រុងសាធារណៈ និងរថយន្តដឹកទំនិញធំៗជិត៥០%ឬចំនួន៤៤ម៉ឺនគ្រឿងនៅក្នុងប្រទេសថៃ។ យ៉ាងណាក៏ដោយ ប្រេងប្រភេទថ្មីនេះ នឹងមិនត្រូវបានដាក់លក់នៅគ្រប់កន្លែងចាក់សាំងទូទៅនោះទេ គឺវានឹងដាក់លក់នៅក្នុងតំបន់ប្រតិបត្តិការរថយ​ន្តក្រុងសាធារណៈ និងរថយន្តដឹកទំនិញធំៗប៉ុណ្ណោះ។


បើទោះបីប្រេងប្រភេទថ្មីនេះ នឹងដាក់លក់ជាផ្លូវការនៅដើមខែក្រោយនេះក៏ដោយ ក៏ប៉ុន្តែនៅពេលនេះក្រុមហ៊ុនលក់ប្រេងនានារបស់ថៃបានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ប្រេងនេះរួចទៅហើយ។ ក្រុមហ៊ុនលក់ប្រេងនានារួមមាន Bangchak Corporation Plc, IRPC Plc, PTT Plc, Thai Oil Plc និង Susco Plc បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការមកដល់នៃប្រេងប្រភេទB20នេះ៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here