ម៉ូតូឌុបឥណ្ឌូណេស៊ីចាប់ផ្តើមហក់ចូលទីផ្សារថៃនិងវៀតណាម ដេញជើងតាក់ស៊ី​ Grab

0
2061

សេវាហៅម៉ូតូឌុបដែលមានឈ្មោះបោះសម្លេងមួយរបស់ឥណ្ឌូនេស៊ី Go-Jek កំពុងរៀបចំជំហានរបស់ខ្លួនហក់ចូលទីផ្សារថៃនិងវៀតណាម ដេញជើងតាក់ស៊ី Grab ដែលកំពុងប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាយើងដែរ ។

ការបោះជំហានចូលមកកាន់ទីផ្សារប្រទេសទាំងពីរនេះជាចំណែកមួយក្នុងគម្រោងពង្រីកទីផ្សាររបស់ Go-Jek តម្លៃ ៥០០ លានដុល្លារ ។

Go-Jek ប្រកាសថា នៅក្នុងប្រទេសវៀតណាមសេវាកម្មរបស់ខ្លួនត្រូវបានផ្តល់ឲ្យដោយ Go-Viet និងចាប់ផ្តើមដំណើរការសាកល្បងនៅខែកក្កដាខាងមុខនេះ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែបន្ទាប់ ។


ចំណែកនៅថៃឯណោះវិញ Go-Jek គ្រោងនឹងសហការជាមួយយីហោក្នុងស្រុក Get ដែលពេលនេះក្រុមហ៊ុនក្នុងស្រុកមួយនេះកំពុងស្ថិតក្នុងការពិចារណាជាមួយម្ចាស់ភាគហ៊ុន រដ្ឋាភិបាល ដៃគូបើកបរ និង អតិថិជននៅឡើយ ។

ក្រុមហ៊ុនទាំងពីរនេះនឹងក្លាយជាក្រុមហ៊ុនហៅម៉ូតូឌុបដំបូងដែលភ្ជាប់មកជាមួយសេវាដឹកជញ្ជូនអាហារ និងសេវាទូទាត់លុយឌីជីថល នេះបើតាមការលើកឡើងរបស់ Go-Jek ។

បើ Go-Jek មិនចេញមុខបម្រើសេវាកម្មខ្លួនឯងផង តើ Go-Jek រកស៊ីយ៉ាងម៉េច?

ស្របពេលក្រុមហ៊ុនឥណ្ឌូនេស៊ីមួយនេះបានប្រកាសពីគម្រោងពង្រីកទីផ្សារអន្តរជាតិរបស់ខ្លួន Go-Jek ឲ្យដឹងថា ប្រតិបត្តិការនៅក្នុងទីផ្សារថ្មីនេះនឹងត្រូវដំណើរការដោយយីហោក្នុងស្រុក ដែល Go-Jek ជាអ្នកផ្តល់បច្ចេកវិទ្យានិងជំនាញនៅពីក្រោយក្រុមហ៊ុនទាំងនោះ ។

គួរបញ្ជាក់ថា ស្របពេល Go-Jek ចូលមកទីផ្សារថៃនិងវៀតណាម គូប្រកួតធំរបស់ Go-Jek គឺ Grab កំពុងប្រតិបត្តិការលើទីផ្សារប្រទេសពីរនេះដែរ ខណៈនៅវៀតណាម Grab កំពុងពង្រីកទីផ្សារលើ ៥ តំបន់រួមមាន ដ្ឋធានីហាណូយ ទីក្រុងហូជីមិញ ខេត្ត Khanh Hoa ទីក្រុងDaNang និងខេត្ត Quang Ninh ។

ក្នុងនោះក្រុមហ៊ុន GrabTaxi ប្រចាំនៅប្រទេសវៀតណាមបានដាក់សំណើមួយ ដើម្បីសុំពង្រីកសេវាកម្មនៅក្នុងតំបន់ផ្សេងទៀត រូមមានដូចជានៅក្នុងខេត្ត Ninh Thuan ខេត្ត Dong Thap និងខេត្ត Gia Lai ប៉ុន្តែសំណើនេះ ត្រូវបានអាជ្ញាធរវៀតណាមបដិសេធទៅវិញ ។

ការហក់ចូលទីផ្សារនិងការប្រកួតប្រជែងទីផ្សាររបស់គូប្រកួតធំទាំងពីរនេះ ជាចំណែកមួយនាំឲ្យសេវាកម្មហៅម៉ូតូឌុបនិងតាក់ស៊ីនៅអាស៊ីអាគ្នេយ៍កាន់តែផ្ទុះឡើង ជាមួយសេវាកម្មថ្មីៗ ខណៈដែលសេវាទូទាត់កាត់តែទំនើបជាមុន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here