៦ខែឆ្នាំនេះ វៀតណាមទទួលបានចំណូលជាង៤ពាន់លានដុល្លារពីការនាំចេញឈើទៅបរទេស

0
1424

ក្រុងហាណូយ៖ វិស័យផលិតផលឈើរបស់វៀតណាមរកចំណូលបាន៤.១៥ពាន់លានដុល្លារអាមេរិកពីការនាំចេញទៅកាន់ទីផ្សារបរទេសនៅឆមាសទី១ ឆ្នាំ២០១៨នេះ ដែលវាស្មើនឹង៤៦%នៃផែនការនាំចេញឈើប្រចាំឆ្នាំ។ ចំណូលនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំទៅមិញ គឺមានការកើនឡើង៨.៤%។ សហរដ្ឋអាមេរិក មហាយក្សចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង គឺជាទីផ្សារនាំចូលធំទាំងបួនសម្រាប់ឈើ និងផលិតផលឈើពីប្រទេសវៀតណាម។

 រដ្ឋបាលព្រៃឈើវៀតណាមដែលស្ថិតក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទបានសន្មត់ថា លទ្ធផលដែលបានមកពីការនាំចេញឈើនេះនឹងយកទៅកសាងរចនាសម្ព័ន្ធឡើងវិញនៅក្នុងវិស័យព្រៃឈើជាមួយនឹងគំរូផលិតផលឈើដែលមានតម្លៃខ្ពស់។ បន្ថែមលើនេះ ការអភិវឌ្ឍនៅក្នុងទីផ្សារផលិតផលឈើក្នុងស្រុកវៀតណាម បានជំរុញទៅដល់ការវិនិយោគក្នុងផលិតកម្មឈើនេះផងដែរ។

ជាក់ស្តែង ក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស និងឯកជនចំនួន៣,៥០០បានធ្វើការផលិតចេញនូវផលិតផលឈើផ្សេងៗគ្នា និងបាននាំចេញទៅកាន់១០០ប្រទេសលើពិភពលោក រួមមានអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិនក៏ដូចជាសហភាពអឺរ៉ុប។ បើតាមសារព័ត៌មានវៀតណាមឈ្មោះថាvietnamnews ឈើចំនួន៩លានម៉ែត្រគូប ត្រូវបានធ្វើអាជីវកម្មចេញពីតំបន់ព្រៃឈើដាំដុះនៅក្នុងរយៈពេល៦ខែឆ្នាំ២០១៨នេះ។ ចំនួននេះ គឺស្មើនឹង៥០%នៃគម្រោងធ្វើអាជីវកម្មឈើប្រចាំឆ្នាំ ហើយវាបានកើនឡើង២.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ កន្លងទៅ៕


ដោយ៖ វណ្ណ ច័ន្ទវីន

 

LEAVE A REPLY

Please enter your comment!
Please enter your name here