ខឹងសន្សំលុយ៧ឆ្នាំទិញផ្ទះនៅភ្នំពេញមិនបាន ប្តីប្រពន្ធ១គូររួមគ្នាបង្កើតអាជីវកម្មផ្ទះក្នុងក្តីស្រមៃ

0
8489

ស្របពេលកំណើនប្រជាជនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការផ្គត់ផ្គង់ លំនៅឋានស្នាក់ នៅ​ក៏កើនឡើងច្រើនដែរ ហើយបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល កម្ពុជានឹងមានផ្ទះ ថ្មីសាង សង់​រួច ប្រមាណ១លានខ្នង នៅឆ្នាំ ២០៣០។

យ៉ាងណាមិញប្រសិនបើក្រឡេកមើលការផ្គត់ផ្គង់លំនៅឋាន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ភាគច្រើន ផ្តោតលើអ្នកចំណូលមធ្យម ចាប់ពីខ្ទង់ ៣ទៅ៥ម៉ឺនដុល្លារអាមេរិក និខ្ទង់ ១០ម៉ឺនដុល្លារសម្រាប់អ្នកចំណូលខ្ពស់ តែយ៉ាងណាក៏នៅមានគ្រួសារមួយចំនួនក៏មិនមានលទ្ធិភាពទិញបានដែរ។

ជាក់ស្តែង ប្តីប្រពន្ធ១គូ ដោយឈឺចិត្តខំសន្សំលុយ៧ឆ្នាំ ដើររកទិញផ្ទះនៅភ្នំពេញសម្រាប់ជាជម្រកសមរម្យសម្រាប់គ្រួសារមិនបាន ព្រោះសុទ្ធតែមានតម្លៃខ្ពស់ ទើបធ្វើឲ្យប្តីប្រពន្ធមួយគូចាប់ផ្តើមអាជីវកម្មផ្ទះក្នុងក្តីស្រមៃឡើង។


លោក ហាវ កុងងី ជាស្ថាបនិក និងជានាយក ផ្ទះក្នុងក្តីស្រមៃ បានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្ម​កម្ពុជាថា រូបលោក និង ភរិយារបស់បានសន្សំអស់រយៈពេល ៧ ឆ្នាំ ក៏ប៉ុន្តែគ្រួសាររបស់លោកនៅតែមិនមានលទ្ធភាពទិញផ្ទះ នៅក្នុងទីក្រុងភ្នំពេញបាន ។

ដោយមើលឃើញពីភាពលំបាកសម្រាប់ប្រជាជនចំណូលមធ្យម ​និងបានមើលឃើញពី តម្លៃនៃការទិញផ្ទះក្នុងទីក្រុងមានតម្លៃថ្លៃ បានជម្រុញអោយរូបលោក បង្កើតគម្រោងមួយ ដែលមានឈ្មោះថា ផ្ទះក្នុងក្តីស្រមៃ “My dream House”​ ទោះគ្មានជំនាញជាអ្នកវិស្វករ សាងសង់ និង រចនាអ្វីនោះទេ ។

នៅឆ្នាំ២០១៣ លោកបានចាប់ផ្តើមគំនិតនេះឡើង ដោយធ្វើបទបង្ហាញទៅកាន់មនុស្សជាង២០០នាក់ ប៉ុន្តែអ្វីដែលលោកទទួលបានគឺមិនមានភាពជឿជាក់ពីពួកគេឡើយ ដោយគេនិយាយថា វាជាគំនិតឆ្គួតៗ។

ទោះបីជាមនុស្សជុំវិញខ្លួន មិនគាំទ្រនូវគំនិតរបស់លោកក៏ដោយ ក៏លោកនៅតែបន្ត បេសកម្ម ដោយមានភាពជឿជាក់លើខ្លួនឯង។

នៅពេលចាប់ផ្តើមដំបូងមានបញ្ហាថ្មីៗជាច្រើន ដែលលោកត្រូវដោះស្រាយ ទៅលើជំនាញដែលលោកមិនធ្លាប់បានធ្វើ ពោលគឺលោកត្រូវសិក្សាជំនាញទីផ្សារ សិក្សាពីការផលិត និងការគ្រប់គ្រងបុគ្គលិកជាដើម។

ការបង្កើតគម្រោងផ្ទះក្នុងក្តីស្រមៃនេះ គឺលោកមានសហគ្រាសផលិតដុំឥដ្ឋមានលក្ខណៈថ្មីមួយដែលខុសពី ការផលិតដុំឥដ្ឋកន្លងមកនាពេលបច្ចុប្បន្ន ។ពោលគឺសហគ្រាសផលិតដុំឥដ្ឋរបស់លោក ផលិតដុំឥដ្ឋដោយប្រើស៊ីម៉ង់ និង ដីខ្សាច់ ជាមួយនឹងបច្ចេកវិទ្យាថ្មីដោយពុំមានការឆ្លងកាត់ការចម្អិននោះទេ ។

សម្រាប់ផ្ទះដែលសាងសង់ប្រើដីឥដ្ឋក្នុងទំហំតូចមធ្យមកម្ពស់ពីរជាន់ ចំណាយការប្រើប្រាស់ទឹកប្រាក់ចន្លោះពី ៤ពាន់ដុល្លារទៅ ៦ ពាន់ដុល្លារអាមេរិក រួមបញ្ចូលទាំងជំនួយបច្ចេកទេសសាងសង់ និង ការគូរប្លង់ជាដើម។

គួរជម្រាបផងដែរថា ស្ថាបនិក និងជានាយក ផ្ទះក្នុងក្តីស្រមៃ បាន​បញ្ចប់បណ្ឌិតផ្នែកអភិវឌ្ឍន៏និងអនុបណ្ឌិតផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានបទពិសោធធ្វើការប្រាំមួយឆ្នាំជាមួយអង្គការជាតិនិងអន្តរជាតិនានាដូចជាវិទ្យាស្ថានមេគង្គនិងវិទ្យាស្ថានបើកទូលាយស្រាវជ្រាវកសិកម្មកម្ពុជានិងអភិវឌ្ឍន៍ សុខភាពគ្មានដែនកំណត់ និង អង្គការក្រៅរដ្ឌាភិបាលផ្សេងៗទៀត ។ បន្ថែមពីនេះ លោកក៏បានចូលរួមក្នុងគម្រោងស្រាវជ្រាវជាច្រើនទៀតនៅក្នុងតំបន់ដែលមានប្រធានបទផ្សេងគ្នាដូចជា ទំនាក់ទំនងបច្ចេកវិទ្យា កសិកម្ម សុខភាពនិងការអប់រំ។

អត្ថបទ៖ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here