អាជ្ញាធរវៀតណាមបដិសេធសំណើពង្រីកសេវាកម្មរបស់ក្រុមហ៊ុនGrabTaxi

0
1448

វៀតណាម៖ ក្រសួងដឹកជញ្ជូនរបស់វៀតណាម បានបញ្ជាឲ្យក្រុមហ៊ុនGrabTaxi ប្រចាំនៅប្រទេសវៀតណាមបញ្ឈប់គម្រោងពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងតំបន់ផ្សេងឬថា ក្រុមហ៊ុននេះត្រូវបានអនុញ្ញាតឲ្យពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងតំបន់តែ៥ប៉ុណ្ណោះនៅក្នុងប្រទេសវៀតណាម។

សារព័ត៌មានស៊ីនហួរ បានចុះផ្សាយឲ្យដឹងថា សម្រេចធ្វើដូច្នេះរបស់អាជ្ញាធរវៀតណាម គឺដើម្បីធានាពីប្រកួតប្រជែងដោយស្មើភាព និងការបំពេញកាតព្វកិច្ចបង់ពន្ធដល់រដ្ឋវៀតណាម។ តំបន់៥ដែលក្រុមហ៊ុនGrabTaxiអាចពង្រីកសេវាកម្មរបស់ខ្លួនបាននោះ រួមមានរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ ខេត្ត Khanh Hoa ទីក្រុងDaNang និងខេត្ត Quang Ninh ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនGrabTaxi ប្រចាំនៅប្រទេសវៀតណាមបានដាក់សំណើមួយ ដើម្បីសុំពង្រីកសេវាកម្មនៅក្នុងតំបន់ផ្សេងទៀត រូមមានដូចជានៅក្នុងខេត្ត Ninh Thuan ខេត្ត Dong Thap និងខេត្ត Gia Lai។ ប៉ុន្តែសំណើនេះ ត្រូវបានអាជ្ញាធរវៀតណាម បដិសេធ។

សូមបញ្ជាក់ថា ក្រុមហ៊ុនGrabTaxi គឺក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ដែលមានបម្រើសេវាកម្មតាក់ស៊ី និងដឹកជញ្ជូនតាមរយៈការហៅឬកក់តាក់ស៊ីតាមApp។ បច្ចុប្បន្ន ក្រុមហ៊ុនGrabTaxi នេះ បម្រើសេវាកម្មនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសសមាជិកអាស៊ានដទៃទៀត ដូចយ៉ាង ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម ថៃ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា៕

ដោយ៖ វណ្ណ ច័ន្ទវីន