ប្រជាជនវៀតណាមទទួលទានភេសជ្ជៈមានជាតិស្ករកម្រិតខ្ពស់ជាង៥ពាន់លានលីត្រក្នុង១ឆ្នាំ

0
1225

(វៀតណាម)៖ ត្រឹមរយៈពេល១៥ឆ្នាំប៉ុណ្ណោះ ភេសជ្ជៈនៅក្នុងប្រទេសវៀតណាម បានបង្កើនកម្រិតជាតិស្ករតម្រូវតាមការនិយមចូលចិត្តរបស់ប្រជាជនវៀតណាម កើនឡើង៧ដង ធ្វើឲ្យអ្នកជំនាញសម្រេចចិត្តប្រកាសអាសន្នហើយពីផលប៉ះពាល់ខ្លាំងដល់សុខភាពនៅក្នុងសន្និសិទសុខភាពក្នុងទីក្រុងហានូយ។

លោក Truong Tuyet Mai អនុប្រធាននៃវិទ្យាស្ថានជាតិអាហារូបត្ថម្ភបានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៦ ប្រជាជនវៀតណាមទទួលទានភេសជ្ជៈដែលមានកម្រិតជាតិស្ករដូចគ្នាប្រមាណជាង៤លានលីត្រក្នុងមួយឆ្នាំ បន្តកើនឡើងមកដល់ឆ្នាំ២០១៨នេះ មានចំនួនប្រមាណជាង៥ពាន់លីត្រ ហើយតាមការប៉ាន់ប្រមាណវានឹងកើនដល់១១ពាន់លានលីត្រក្នុងមួយឆ្នាំនៅឆ្នា២០២៥ខាងមុខ។

លោកបន្តថា តាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក​(WHO) បានប៉ាន់ប្រមាណថា ប្រជាជនវៀតណាមក្នុងមួយនាក់ទទួលទានស្ករពីភេសជ្ជៈប្រមាណ៤៦.៥ក្រាម ក្នុងមួយថ្ងៃ ឫអាចឈានដល់៥០ក្រាម ដែលស្ថិតក្នុងកម្រិតមួយខ្ពស់បំផុត កើនឡើងប្រមាណពីរដងធៀបនឹងឆ្នាំ២០១៧។

លោកបញ្ជាក់បន្ថែមថា ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសវៀតណាមបានបន្តកើនឡើងរហូតដល់ទៅ២០០ភាគរយ ក្នុងរយៈពេល១០ឆ្នាំនេះ ខណៈប្រជាជនវៀតណាមដែលមានអាយុពី៥ ដល់ ១៩ឆ្នាំ លើសគីឡូ ឫលើសទំងន់កើនឡើងប្រមាណ២៧៣ភាគរយ នៅចន្លោះរវាងឆ្នាំ២០០២ ដល់ឆ្នាំ២០១៦។

លោកបានធ្វើការស្នើសុំឲ្យមានការតម្លើងថ្លៃពន្ធលើភេសជ្ជៈ ពិសេសភេសជ្ជៈនាំចូល ដើម្បីកាត់បន្ថយការទទួលទានភេសជ្ជៈមានកម្រិតស្ករខ្ពស់ទាំងនេះ បន្ថែមពីនេះ រដ្ឋាភិបាលនឹងធ្វើការផ្សព្វផ្សាយ បង្កើនការយល់ដឹងពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ រួមទាំងកំណត់ច្បាប់ក្នុងការនាំចូល និងផលិតភេសជ្ជៈទៅលើកម្រិតជាតិស្ករស្តង់ដាណាមួយផងដែរ៕

 

អត្ថបទដោយ៖ Jimmy