និយ័តករ​ទូរគមនាគមន៍​ចាត់វិធានការលើក្រុមហ៊ុនលក់ស៊ីមទូរស័ព្ទគ្មានឯកសារអត្តសញ្ញាណប័ណ្ណ

0
1148

បច្ចុប្បន្ននេះ ការប្រើប្រាស់នៅទូរស័ព្ទដៃនៅកម្ពុជាកំពុងមានកំណើន ជារៀងរាល់ថ្ងៃ ខណៈដែលអ្នកប្រើប្រាស់ខ្លះទិញស៊ីមយកមកប្រើ ដោយមិនមានឯកសារបញ្ជាក់ត្រឹមត្រូវ ។

យោងតាមការប្រកាសរបស់ និយ័តករ​ទូរគមនាគមន៍កម្ពុជា បានជួនដំណឹងទៅដល់អ្នកដែលចែកចាយបន្ដស៊ីមកាតទូរស័ព្ទទាំងអស់ នឹងអ្នកប្រើប្រាស់ស៊ីមកាតទូរស័ព្ទចល័ត ជាពិសេសប្រធានក្រុមហ៊ុន ឲ្យបញ្ឈប់ជាបន្ទាន់រាល់ការបើកឲ្យដំណើរការស៊ីមទាំងឡាយណា ដែលមិនមានឯកសារសំគាល់អត្តសញ្ញាណម្ចាស់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត និង បង្គាប់ឲ្យធ្វើការជាមួយអ្នកប្រើប្រាស់សេវាទូរស័ព្ទរបស់ខ្លួនដែលមិនបានផ្ដល់ឯកសារសំគាល់អត្តសញ្ញាណរបស់ខ្លួនមកបំពេញបែបបទ ឲ្យបានគ្រប់គ្រាន់ ស្របតាម ការគ្រប់គ្រងអាជីវកម្ម នឹង ការប្រើប្រាស់សេវាកម្មទូរគមនាគមន៍ ។

និយ័តករទូរគមនាគមន៍កម្ពុជា ក៏ធ្លាប់បានចុះផ្សាយម្ដងរួចមកហើយដែរ ពីការឈប់ឲ្យអ្នកចែកចាយ លក់ស៊ីមកាតដោយគ្មានឯកសារច្បាស់លាស់ តែមកដល់ពេលនេះ និយ័តករទូរគមនាគមន៍ នៅតែមើលឃើញថា តាមបណ្ដាក្រុមហ៊ុនមួយចំនួន នៅតែមិនអនុវត្តតាមឡើយ ។

ក្នុងនោះ TRC ក៏បានបន្ថែមក្នុងសេចក្ដីប្រកាសដែរថា យើងសូមដាក់កំហិតដល់ ប្រធានក្រុមហ៊ុនទូរស័ព្ទទាំងអស់ ត្រូវលុបចោលជាបន្ទាន់នូវស៊ីមកាតទូរស័ព្ទចល័តទាំងឡាយណាដែលមិនមានឯកសារសំគាល់អត្តសញ្ញាណម្ចាស់អ្នកប្រើប្រាស់ទាំងអស់ នឹង មិនអនុញ្ញាតឲ្យមាននៅសេសសល់ក្នុងប្រព័ន្ធគ្រប់គ្រងប្រព័ន្ធទូរស័ព្ទ របស់ខ្លួនជាដាច់ខាត មុនថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៨ នេះ ។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្ពុជាអត្រាអ្នកប្រើប្រាស់ស៊ីមកាតនៅក្នុងប្រទេសយើងគិតជាមធ្យម យ៉ាងតិចក៏មាន ២ ស៊ីមសម្រាប់មនុស្សម្នាក់ផងដែរ ដែលកំពុងកាន់រាល់ថ្ងៃ នេះក៏ដោយសារតែលំហូរនៅបច្ចេកវិទ្យា បាននឹងកំពុង ឈានជើងចូលក្នុងប្រទេសយើងកាន់តែខ្លាំងទៀតនោះ ដែលធ្វើឲ្យប្រជាជនយើងយល់ដឹងកាន់តែច្រើន ជាមួយការទំនាក់ទំនងគ្នាកាន់តែចាំបាច់ដូចច្នេះ ពួកគាត់ជ្រើសរើសយកស៊ីមទូរស័ព្ទណាដែលមានអ៊ីនធើណែតល្បឿនលឿនជាមួយសេវាខ្លាំងផងដែរ ។

ជាពិសេសនៅឆ្នាំ ២០២០ ប្រទេសកម្ពុជាយើងនឹងមានបណ្ដាញទូរស័ព្ទចល័តប្រើប្រាស់ ១០០ ភាគរយផងដែរ ជាមួយ ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនអាចគ្របដណ្តប់នៅទូទាំងប្រទេស៨០ភាគរយ បន្ថែមទៀត ។

ចំពោះប្រព័ន្ធសេវាអ៊ីនធឺណិត 3G វិញ នៅតាមទីក្រុង ខណ្ឌ នៅទូទាំងប្រទេស មានសេវាអ៊ីនធឺណេតមានល្បឿនត្រឹមតែ ៦០ ភាគរយប៉ុណ្ណោះ សម្រាប់សេវា អ៊ីនធឺណិត 4G បើនៅតាមបណ្ដាជនបទមានសេវាល្បឿនលឿន ១៧ ភាគរយ និងនៅទីក្រុង ៥៧ ភាគរយ ។

ដូច្នេះសូមអ្នកដែលបានទិញស៊ីមដោយមិនមានឯកសារត្រឹមត្រូវ សូមប្រញាប់ទៅចុះឈ្មោះជាបន្ទាប់ ដើម្បីកុំឲ្យក្រុមហ៊ុនទូរស័ព្ទកាត់លេខចេញពីប្រព័ន្ធសេវាទូរស័ព្ទដោយមិនដឹងខ្លួន ។

អត្ថបទដោយ ៖ ឆាំ មករា