កូនបង្គា២លានក្បាល ត្រូវបានលែងចូលក្នុងស្រះចិញ្ចឹមបង្គាធម្មជាតិដ៏ធំមួយក្នុងស្រុកព្រៃនប់

0
1043
អភិបាលខេត្តព្រះសីហនុ លោកយន្ត មីន និង មន្ត្រីរដ្ឋបាលជលផល បានចូលរួមលែងកូនបង្គាកាលពីរសៀលថ្ងៃទី២៣ មិថុនា

ខេត្តព្រះសីហនុ៖ កូនបង្គាចំនួន២លានក្បាលត្រូវបានលែងចូលជាលើកដំបូងនៅក្នុងស្រះចិញ្ចឹមបង្គាបែបធម្មជាតិដ៏ធំមិនធ្លាប់មាននៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៣ មិថុនា។ អភិបាលខេត្តព្រះសីហនុ លោកយន្ត មីន និង មន្ត្រីរដ្ឋបាលជលផល បានចូលរួមលែងកូនបង្គានេះ។

លោកនេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមបានឱ្យដឹងថា ស្រះនេះមានទីតាំងជាប់ទំនប់ ការពារទឹកប្រៃ (ទំនប់ប៉ុលឌែ)ស្ថិតក្នុងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់  មានផ្ទៃដីសរុបចំនួន ៨ហិកតា ហើយនេះជាតំណាក់កាលទី១ ដែលបានធ្វើការសាកល្បងលែងកូនបង្គាចូលស្រះជាលក្ខណៈធម្មជាតិខ្នាត់ធំក្នុងស្រុកព្រៃនប់ ជាប់ព្រែកសមុទ្រ១នេះ ដោយមានការស្វាគមន៍ ពីសំណាក់ប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ជាពិសេស អភិបាលខេត្តព្រះសីហនុ។ ​

ទាក់ទិននឹងស្រះនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានសម្តែងការសារទរយ៉ាងខ្លាំង ទៅនឹងការបង្កើតទីតាំងភ្ញាស់កូនបង្គា និងចឹញ្ចឹមកូនបង្កា ដែលបង្កាត់ពូជក្នុងស្រុក របស់ក្រុមហ៊ុន ហេង ហេង ឌីវើឡុបភើមែន ដែលសកម្មភាពនេះ គឺជាការចូលរួមចំណែកមួយយ៉ាងធំធេង ដល់សង្គមជាតិ ព្រោះវាបានបង្ហាញអំពីសក្តានុពលរបស់ខេត្ត ក៏ដូចជាការជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋកម្ពុជាផងដែរ ជាពិសេសបងប្អូននៅក្បែរទីតាំងនេះផ្ទាល់។


បន្ថែមពីលើនេះ លោក ស៊ិន សត្ថា​ តំណាងក្រុមហ៊ុន ហេង ហេង ឌីវើឡុបភើមែន បានគូសបញ្ជាក់ថា ការព្រលែងកូនបង្គានេះ វាជាលើកទីមួយដែលអាចចាត់ទុកថាជាការសាកល្បង ក្នុងគម្រោងដ៏ធំមួយសម្រាប់ខេត្តព្រះសីនុ ហើយនៅថ្ងៃខាងមុខ ក្រុមហ៊ុននឹងមានគម្រោងពង្រីកនៃការចឹញ្ចឹមបន្ថែមទៀត ដូចជាត្រី ក្តាម ជាដើម ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here