ការនាំចេញផលិតផលវាយនភ័ណ្ឌនិងកាត់ដេរវៀតណាមកើនខ្ពស់ដល់តម្លៃជិត១១ពាន់លានដុល្លារ

0
876

វៀតណាម៖ នៅក្នុងអំឡុងពេលពីខែមករាដល់ខែឧសភា កំណើននៃការនាំចេញផលិតផលវាយនភ័ណ្ឌនិងកាត់ដេរវៀតណាមសម្រេចបាន១៦.២% ស្មើនឹង១០.៩១ពាន់លានដុល្លារបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ កំណើននេះស្មើនឹង១១.២%នៃតម្លៃនាំចេញសរុបរបស់ប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអគ្គនាយកដ្ឋានគយរបស់វៀតណាម។

អគ្គនាយកដ្ឋានគយវៀតណាមបានលើកឡើងថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតសម្រាប់ផលិតផលវាយនភ័ណ្ឌ និងកាត់ដេររបស់វៀតណាមដែលបានកើនឡើង១២.៤% ឫសម្រេចបាន៥.១៥ពាន់លានដុល្លារអាមេរិក។​ ចំណែកសហភាពអឺរ៉ុបវិញ បានកើនឡើង១២.១%ស្មើនឹង១.៤៣ពាន់លានដុល្លារអាមេរិក និងប្រទេសកូរ៉េខាងត្បូងកើនឡើង២២%ស្មើនឹង១.០៩ពាន់លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយរបស់វៀតណាមក៏បានអះអាងថា ការនាំ​ចេញរបស់វៀតណាមទៅកាន់ទីផ្សារនៃប្រទេសសមាជិកកិច្ចព្រមព្រៀងបើកទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាត់ថា CPTPP ស្មើនឹង១៧.១% នៃការនាំចេញសរុបសម្លៀកបំពាក់របស់វៀតណាម។ ភាគរយនេះ វាឈានដល់តម្លៃ១.៨៧ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមនេះ ការនាំចេញទៅកាន់ប្រទេសជប៉ុនមានកម្រិតខ្ពស់ជាងគេដោយកើនឡើង២២.៦% ស្មើនឹង១.៣៩ពាន់លានដុល្លារ។ ចំណែកប្រទេសសិង្ហបុរី កើនឡើង២២% ស្មើនឹង៣៩.១៦លានដុល្លារ កាណាដា កើន១៧.៤% ស្មើនឹង២៣០.២៩លានដុល្លារ និងនាំចេញទៅប្រទេសអូស្រ្តាលីកើន១៦% ស្មើនឹង៧៩.៤១លានដុល្លារ៕


ដោយ៖វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here