គម្រោងទីក្រុងBooyoung Town របស់កូរ៉េ តម្លៃ១,១ពាន់លាន$ កំពុងដំណើរការសាងសង់យ៉ាងសកម្ម

0
6438

គម្រោងអភិវឌ្ឍន៍ក្រុងពាណិជ្ជកម្ម និងលំនៅឋាន Booyoung Town ដែលវិនិយោគរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង នូវទឹកប្រាក់ប្រមាណជា១,១ពាន់លានដុល្លារអាមេរិក កំពុងដំណើរការសាងសង់របស់ខ្លួន បើទោះបីជាមានការផ្អាកដំណើរខ្លះនាពេលកន្លងមកខ្លះក្តី។

គម្រោងទីក្រុងដ៏ធំរបស់កូរ៉េនេះ មានផ្ទៃដីទំហំ សរុបជាង២លានម៉ែត្រការ៉េ នៅជាប់នឹងក្លោងទ្វារវត្តអង្គត់បុរី តាមបណ្តោផ្លូវសហព័ន្ធរុស្ស៊ី ក្រោយតែពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ គេឃើញមានសកម្មភាព គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ ​ជីក​ដី​សម្រាប់​ធ្វើចំណត​យានយន្ត​ នៅ​ខាង​ក្រោម​ដី ​នៃ​អគារ​ពាណិជ្ជកម្ម។

បើទោះបីជាបើកដំណើរការសាងសង់តាំងពីឆ្នាំ២០១៣ក្តី តែល្បឿននៃការអភិវឌ្ឍន៍នៅយឺតនៅឡើយ រហូតស្ទើរគ្មានដំណើរការអ្វីសោះនាពេលកន្លងមក។ តែបច្ចុប្បន្ននេះ គេសង្កេតឃើញមានវិស្វករ កម្មករជាច្រើនបានសម្រុកសាងសង់យ៉ាងសកម្ម ធ្វើឱ្យរូបរាងនៃគម្រោងចាប់ផ្តើមលេចឡើងជាបណ្តើរៗ។


គម្រោងអភិវឌ្ឍន៍ទីក្រុងរបស់កូរ៉េ នឹង​កសាង​កន្លែង​ស្នាក់នៅ​ចំនួន ១៧,០០០ Unit អគារ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​កីឡា និង​សាលារៀន ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​ជាង ១,១ ពាន់​លាន​ដុល្លារ។ នៅ​ដំណាក់កាល​ទី១​នេះ​ ក្រុមហ៊ុន​នឹង​សាង​សង់​អគារ​ស្នាក់នៅ​រួម និង​អគារ​ពាណិជ្ជកម្ម​លើ​ផ្ទៃ​ដី ២៥ ម៉ឺន​ម៉ែត្រ​ការ៉េ ដោយ​មាន​ទុន​វិនិយោគ​ប្រហែល ១០៥ លាន​ដុល្លារ​អាមេរិក។

សូមបញ្ជាក់ថា គម្រោង​កសាងទីក្រុង Booyoung Town ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ពហុធុរកិច្ច​​ ធំមួយ​របស់​ប្រទេស កូរ៉េ​ខាង​ត្បូងឈ្មោះ «Booyoung Group»។ គម្រោងអភិវឌ្ឍន៍ក្រុងនេះ​បាន​បើក​ការដ្ឋាន​សាង​សង់​កាល​ពីដើមខែឧសភា ឆ្នាំ ២០១៣ នៅ​លើ​ផ្ទៃ​ដី​សរុប​ជាង២លាន​ម៉ែត្រ​ការ៉េ៕ ​

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here