លោកតាបណ្ឌិត កុល ផេង៖ បើចង់ឲ្យកូនៗពូកែ ឪពុកម្តាយត្រូវបោះចោលទម្លាប់អាក្រក់ទាំងនេះ

0
129106

ការអប់រំពិតជាបានជួយយ៉ាងពេញទំហឹង ក្នុងការពង្រឹងវិស័យធនធានមនុស្សនៅទូទាំងពិភពលោក។ នៅក្នុងប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមរិក ការអប់រំ ឬការសិក្សាមិនមែនគ្រាន់តែរៀនពីសាលានោះទេ តែពួកគេក៏ទទួលបានការអប់រំពីឪពុកម្តាយ ឬមនុស្សជំនាន់មុនដែលតែងតែអប់រំកូនចៅជំនាន់ក្រោយពួកគេឲ្យក្លាយជាបុគ្គលខ្លាំង ជាពិសេសគឺការជម្រុញលើកទឹកចិត្តតាំងពីនៅក្មេងតូចៗ ឬក៏តាំងពីក្មេងមិនទាន់កើតមកម្លេះ។

ដោយឡែកនៅប្រទេសកម្ពុជាវិញ ឪពុកម្តាយឬមនុស្សចាស់ជំនាន់មុន មិនសូវចូលចិត្តប្រើពាក្យជម្រុញលើកទឹកចិត្តដល់ក្មេងៗទេ តែបែជាជំនួសមកវិញនូវការបង្អាប់ ឬនិយាយបន្លាចពីឧបសគ្គផ្សេងៗ ព្រោះពួកគាត់គិតថា ធ្វើបែបនេះឲ្យក្មេងៗមានការជម្នៈនូវឧបសគ្គទាំងនោះ តែតាមការពិត វាពិតជាធ្វើឲ្យក្មេងមានការភ័យខ្លាច និងតែងតែមានការគិតបែបអវិជ្ជមានគ្រប់ស្ថានភាពទាំងអស់។

លោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងពីបញ្ហាទាំងអស់នេះ ព្រោះបើឪពុកម្តាយ ឬចាស់ៗនៅតែបន្តការបង្អាប់ដល់ក្មេងៗបែបនេះទៀត​ វានឹងធ្វើឲ្យមនុស្សមានភាពទន់ខ្សោយ និងរុញរា ហើយពួកគេតែងមានគំនិតថា ខ្លួន​ឯងគ្មានសមត្ថភាព​​តាមពាក្យសម្តីរបស់ចាស់ៗឬឪពុកម្តាយពួកគេ។

លោកតាបណ្ឌិត មានប្រសាសន៍ថា៖ « បើក្មេងម្នាក់ត្រូវបាន ឪពុកម្តាយ ឬចាស់ៗប្រើពាក្យបង្អាប់ ឬការស្តីបន្ទោសដាក់ពួកគេនោះ វាដូជាការបំបាក់ទឹកចិត្ត ដែលអាចធ្វើឲ្យក្មេងមានការរុញរា មិនហ៊ានជម្នះនូវឧបសគ្គចំពោះមុខ »។

ក្មេងឆ្លាតត្រូវចាប់ផ្តើមពីតូច ព្រោះក្មេងប្រៀបដូចជាក្រដាសសស្អាតមួយសន្លឹកអញ្ចឹង បើយើងគូសរូបអី វានឹងចេញរូបនឹងហើយ។ ពេលឪពុកម្តាយ ឬចាស់ៗនិយាយរឿងអីក៏ដោយ ក្មេងភាគច្រើនគឺជឿទាំងស្រុង និងចងចាំជាប់ក្នុងចិត្តជានិច្ច ដោយគិតថា ពួកគាត់ជាមនុស្សចាស់ទុំ និងជាអ្នកដែលមានបទពិសោធន៍ច្រើនជាងពួកគេ។

នៅពេលដែលពួកគេធ្លាប់​បានលឺពាក្យសម្តីទាំងអស់នេះ តាំងពីក្មេងមកស្ទើរតែរាល់ថ្ងៃ ដែលជាហេតុធ្វើឲ្យពួកគេមានការផ្តេកផ្តួលទៅលើ ការគិតអវិជ្ជមាន និងមិនទឹកចិត្តក្នុងការជម្រុញខ្លួនឯង ព្រោះគេគិតថា ទៅប្រឹងធ្វើអី បើថ្ងៃក្រោយទៅ នៅតែប៉ុន្នឹងដដែល។

ក្នុងនាមជាឪពុកម្តាយ ឬជាចាស់ទុំ គួរតែកែទម្លាប់មិនល្អទាំងនេះចោល ដោយជំនួសមកវិញនូវការអប់រំ លើកទឹកចិត្ត នឹងការសសើរឲ្យបានច្រើន នៅពេលដែលពួកធ្វើសម្រេចនូវរឿងអ្វីមួយ ជាពិសេសកំឡុងពេលដែពួកគេនៅក្មេងវ័យ ជាពេលដែលត្រូវស្រូបយកនូវចំណេះដឹង និងការលើកទឹកចិត្តល្អពីឪពុកម្តាយ ឬចាស់ទុំនៅជុំវិញខ្លួនុះ៕

អត្ថបទ៖ វ៉ាត វឌ្ឍនា, Leadership Team, Business Cambodia

 

LEAVE A REPLY

Please enter your comment!
Please enter your name here