រដ្ឋាភិបាល នឹងសាងសង់ផែទឹកជ្រៅតម្លៃជាង ២០០លាន$មួយទៀត នៅចុងឆ្នាំ២០១៩

0
4107

(ព្រះសីហនុ)៖ ក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ចំណតផែពហុបំណងស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនានេះ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់ផែទឹកជ្រៅមួយទៀត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។  ​

រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្នុងអំឡុងទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសជប៉ុន កាលពីឆ្នាំ២០១៧កន្លងទៅនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចុះហត្ថលេខាលើពិធីប្តូរសារ និងកិច្ចព្រមព្រៀងប្រាក់កម្ចីសម្បទានលេខ CP-P21 រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនលើគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅនេះ ដែលតម្លៃសរុបប្រមាណជា ២០៣លានដុល្លារអាមេរិក និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំណតផែកុងតឺន័រថ្មីនេះ មានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង ៣៥០ម៉ែត្រ ដោយកំពង់ផែនេះ នឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំ ចំណុះ ៦ម៉ឺនតោន រហូតដល់ ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣។ ហើយកំពង់ផែនេះ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់មធ្យម ដោយបរិមាណកុងតឺន័រឆ្លងកាត់នឹងមានបរិមាណលើសពី ១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង ៕


អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here