សង្រ្គាមអនឡាញ ៖ JD.com ចូលដៃជាមួយ Google ស្របពេល Alibaba កំពុងប្រណាំងជាមួយ Tencent

0
2530

សង្គ្រាមលក់ទំនិញអនឡាញនៅចិនកំពុងផ្ទុះឡើងយ៉ាងក្តៅគគុគខណៈតួអង្គធំៗនៅចិនរួមមាន JD.com ដែលជាគូប្រកួតស្លាប់រស់របស់ Alibaba បានចូលដៃជាមួយ Google ក្រោមរូបភាពវិនិយោគ ៥៥០ លានដុល្លារ ស្របពេល Alibaba របស់មហាសេដ្ឋី Jack Ma និង Tencent របស់មហាសេដ្ឋី Pony Ma បានជះលុយជាង ១០ ពាន់ដុល្លារដើម្បីប្រកួតគ្នាលើសេវាទូទាត់លុយលើអនឡាញ ។

JD.com គឺជាក្រុមហ៊ុនចិន និងជាផ្នែកមួយនៃក្រុមហ៊ុនអ៊ីនធឺណេតអាមេរិក ដែលជាគូប្រជែងរបស់ Amazon នៅអាមេរិក និង ជាក្រុមហ៊ុនដែលមានការរីកលូតលាស់លឿននៅអាស៊ីផងដែរ ។

ការចុះកិច្ចព្រមព្រៀងរវាង JD.com និង Google នេះរួមមានការជួយប្រូម៉ូត JD.com នៅលើវេបសាយរបស់ Google ដែលវាជាផ្នែកធំមួយជួយឲ្យ JD ពង្រីកសក្តានុពលរបស់ខ្លួនបន្ថែមនៅចិន អាស៊ី ព្រមទាំងទីផ្សារអាមេរិកនិង អ៊ឺរ៉ុបផងដែរ ។


ស្របពេល Alibaba កំពុងរត់ប្រណាំងជាមួយ Tencent អាចនិយាយបានថា Alibaba កំពុងមានគូប្រកួតមួយផ្នែកទៀតកំពុងវាយលុកកាន់តែខ្លាំង ដោយសារ Tencent ក៏ជាអ្នកវិនិយោគនៅពីក្រោយខ្នង JD.com ដែរ ដូច្នោះទាំង JD និង Tencent សុទ្ធតែបែរមុខព្រួញទៅវាយលុក Alibaba ។

ត្រឡប់មក Alibaba និង Tencent វិញ កាលពីឆ្នាំមុខក្រុមហ៊ុនពីរនេះបានចំណាយលុយរៀងៗខ្លួនជាង ១០ ពាន់លានដុល្លារដើម្បីបង្កើតការលក់ និងពង្រីកយីហោរៀងខ្លួន ។ ចំពោះការធ្វើសង្រ្គាមរវាងក្រុមហ៊ុនទាំងពីរជាផ្នែកមួយក្នុងការដណ្តើមទីផ្សារទូទាត់សាច់ប្រាក់ សេវាដឹកជញ្ជូន បណ្តាញសង្គម និង កន្លែងផ្ទុកទិន្នន័យ big data ។

បើនិយាយពីចំណុចខ្លាំងរបស់ Alibaba គឺសេវាទូទាត់លុយ ដោយសារក្រុមហ៊ុនយក្សមួយនេះមានទីផ្សារជួយលក់ទំនិញច្រើនដែលនាំឲ្យអ្នកលក់និងអតិថិជនទាំងអស់ត្រូវតែប្រើប្រាស់សេវាទូទាត់របស់ Alipay ។ ចំណែក Tencent វិញក្តោបក្តាប់ធំលើបណ្តាញសង្គម សេវាទូទាត់ឌីជីថល និង សេវាកម្មហ្គេម ។

បើនិយាយពីសេវាទូទាត់របស់ក្រុមហ៊ុនទាំងពីរនេះសុទ្ធតែមានប្រជាប្រិយភាពរៀងៗខ្លួន ខណៈដែល Alibaba មាន Alipay ចំណែក Tencent មានសេវាកម្មទូទាត់លុយតាម WeChat ។

ការវិនិយោគរបស់ Google នេះបានបញ្ជាក់ថា Google កំពុងបោះជំហានបន្តិចម្តងក្នុងការវិនិយោគលើទឹកដីអាស៊ី ជាពិសេសគឺផ្តោតសំខាន់ទៅលើការលក់ទំនិញ វិស័យហិរញ្ញវត្ថុ និងជាការប្រកាសសង្រគាមមួយរវាងក្រុមហ៊ុនអាមេរិកនិងចិនផងដែរ ។

គួរបញ្ជាក់ថា ការបោះលុយទាំងដុំរបស់ក្រុមហ៊ុនយក្សទាំងនេះ អាចនិយាយបានថាវាជាសង្រ្គាមពីរច្រករវាងអាមេរិកនិងចិនក្នុងការគ្រប់គ្រងទីផ្សារអាស៊ី និងមួយផ្នែកទៀតរវាងក្រុមហ៊ុនយក្សចិននិងចិន ក្នុងការគ្រប់គ្រងទីផ្សារចិន ។

អត្ថបទដោយ ៖ ហ៊ួត​ សុធារ៉ា

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here