ដំណឹងល្អ ក្រុមហ៊ុន Blue Origin នឹងចាប់ផ្តើមលក់សំបុត្រទៅលេងឋានព្រះចន្ទនៅឆ្នាំក្រោយ

0
27005

សម្រាប់អ្នកដែលមានធនធាន និងមានក្តីស្រមៃមួយថាចង់ទៅលេងឋានព្រះចន្ទឲ្យបានយ៉ាងតិចម្តង ក្នុងមួយជីវិតរបស់ខ្លួន ពេលនេះក្តីស្រមៃនិងការរំពឹងទុកប្រហែលអាចនឹងក្លាយជាការពិតហើយ ខណៈក្រុមហ៊ុនស្រាវជ្រាវអាវកាស Blue Origin របស់មហាសេដ្ឋីលំដាប់លេខ១ពិភពលោក Jeff Bezos បានបង្ហើបថាសំបុត្រទៅលេងឋានព្រះច័ន្ទ អាចនឹងប្រកាសលក់ជាផ្លូរការនៅឆ្នាំ២០១៩ខាងមុខនេះ។

តាមការចេញផ្សាយដោយសារព័ត៌មាន Space News បានឲ្យដឹងថា ក្រុមហ៊ុន Blue Origin ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនស្រាវជ្រាវផ្នែកអាវកាស និងត្រូវបានបង្កើតឡើងដោយលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់លោកពិភពលោកថា សំបុត្រទៅដើរលេងកំសាន្តសម្រាប់អ្នកទេសចរអាចនឹងត្រូវចាប់ផ្តើមប្រកាសលក់នៅឆ្នាំ ២០១៩ ឆ្នាំក្រោយនេះ។

លោក Rob Meyerson ដែលជាអនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Blue Origin បានមានប្រសាសន៍នៅក្នុងកម្មវិធី the Amazon Web Services Public Sector Summit ធ្វើឡើងនៅទីក្រុង Washington DC កាលពីសប្តាហ៍មុន បានបញ្ជាក់បន្ថែមថា កម្មវិធីស្រាវជ្រាវរបស់ក្រុមហ៊ុន Blue Origin ត្រូវបានពន្លឿនហើយយើងបានកំពុងធ្វើតេស្តសាកល្បងយ៉ាងចិត្តទុកដាក់ ដូច្នេះយើងសង្ឃឹមថាគម្រោងការទាំងឡាយនឹងត្រូវបានបញ្ចប់រួចរាល់នៅចុងឆ្នាំនេះ ហើយសំបុត្រសម្រាប់ដំណើរកម្សាន្តទៅលេងឋានព្រះចន្ទអាចនឹងត្រូវចាប់ផ្តើមលក់នៅឆ្នាំ២០១៩ខាងមុខនេះផងដែរ។ អនុប្រធានជាន់ខ្ពស់រូបនេះបញ្ជាក់ថា ព័ត៌មានលម្អិតនៅមិនទាន់អាចបង្ហើបប្រាប់បាននៅឡើយនោះទេ ហើយចំពោះតម្លៃសំបុត្រទៅលេងឋានព្រះចន្ទ ក្រុមហ៊ុន Blue Origin ក៏នៅមិនទាន់អាចកំណត់ច្បាស់លាស់បាននៅឡើយនោះដែរ ប៉ុន្តែលោកថានៅក្នុងពេលបច្ចុប្បន្ននេះ តម្លៃសំបុត្រប្រហែលសាកសមសម្រាប់តែអ្នកដែលមានធនធានតែប៉ុណ្ណោះ។


គួរជម្រាបជូនថា ក្រុមហ៊ុនដែលកំពុងធ្វើការសិក្សាសម្រាប់ដំណើរកម្សាន្តទៅលេងឋានព្រះចន្ទ មិនមែនមានតែក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋី Jeff Bezos តែមួយនោះទេ ប៉ុន្តែនៅមានក្រុមហ៊ុន២ផ្សេងទៀតដែលបានកំពុងសិក្សាពីលទ្ធភាពដើម្បីនាំមនុស្សទៅលេងក​ម្សាន្តនៅឋានព្រះចន្ទ។ ក្នុងចំណោមក្រុមហ៊ុន២នោះមានដូចជា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដែលមានគម្រោងនាំមនុស្សទៅឋានព្រះចន្ទនៅឆ្នាំ២០២២ និងមួយទៀតក្រុមហ៊ុន Virgin Galactic របស់មហាសេដ្ឋី Richard Branson ដែលតម្លៃសំបុត្រទៅលេងត្រូវបានគេដឹងថាអាចមានតម្លៃរហូតដល់ជិតកន្លះលានដុល្លារក្នុងមួយសំបុត្រ៕

អត្ថបទដោយ៖ SOY-VUTHEA

 

LEAVE A REPLY

Please enter your comment!
Please enter your name here