វិបត្តិសេដ្ឋកិច្ចពិភពលោកធំៗទាំង៣លើកចុងក្រោយ ដែលអ្នករកស៊ីត្រូវតែស្វែងយល់

0
6828

គិតដល់ត្រឹមឆ្នាំ២០១៨នេះ មានរយៈពេល១០ឆ្នាំមកហើយដែលពិភពលោកបានងើបចេញពីវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏អួរអាប់កាលពីអំឡុងឆ្នាំ ២០០៧-២០០៨។ ការធ្លាក់ចូលនៃវិបត្តិសេដ្ឋកិច្ចសកលនេះទៀតសោត វាមិនត្រឹមតែបណ្តាល់ឲ្យប្រទេសធំៗជួបបញ្ហាដ៏ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែប្រទេសកំពុងអភិវឌ្ឍជាច្រើនទៀត ក៏ត្រូវរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលផងដែរ។ តួយ៉ាងបើយើងក្រលេកត្រលប់ក្រោយទៅកាលពីឆ្នាំ២០០៨ ប្រទេសកម្ពុជាក៏ធ្លាប់ធ្លាក់ចូលទៅក្នុងភាពដាំក្បាលចុះនៃវិបត្តិសេដ្ឋីកិច្ចផងដែរ ដោយសារតែការនាំចេញទៅក្រៅប្រទេសនិងការវិនិយោគក្នុងប្រទេសមានការធ្លាក់ចុះ ហើយវាវិបត្តិសេដ្ឋកិច្ចកាលពី១០ឆ្នាំមុន កី៏បានធ្វើឲ្យវិស័យផ្សេងៗជាច្រើនទៀត ត្រូវប្រឈមមុខនឹងបញ្ហាទំរាំអាចស្តារងើបឡើងវិញបាន។ តើអ្វីជាដើមចមដែលធ្វើឲ្យមានបញ្ហាវិបត្តិសេដ្ឋកិច្ចកើតឡើង?

ថ្ងៃនេះ ពាណិជ្ជកម្មកម្ពុជា នឹងលើកយកនូវវិបត្តិសេដ្ឋកិច្ចធំៗទាំងបីលើកចុងក្រោយ ដើម្បីជាការក្រើនរំលឹក និងទុកជាការសិក្សាស្វែងយល់បន្ថែមទុកជាការបង្ការនូវវិបត្តិណាមួយកើតឡើងនាពេលអនាគត៖

១). វិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៩០១៩៩១


វិបត្តិសេដ្ឋកិច្ចអំឡុងឆ្នាំ ១៩៩០-១៩៩១ ធ្វើឲ្យអាមេរិកនិងពិភពលោកទាំងមូលរងគ្រោះរយៈពេល៨ខែ ជាមួយអត្រាអ្នកគ្មានការងារធ្វើកើនឡើងដល់ទៅ ៧.៨% នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩០-១៩៩១។ ដោយសារសេដ្ឋកិច្ចពិភពលោកធ្លាក់ដាំក្បាលចុះ ហើយវាបានបន្តធ្វើឲ្យមានវិបត្តិធ្ងន់ធ្ងរដែលមានភាពស្រដៀងទៅនឹងវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៧-២០០៨ ដែរ ពោលគឺវិបត្តិនេះបានធ្វើឲ្យវិស័យនានាបានប្រឈមមុននឹងការដួលរលំដូចជាវិបត្តិអចលនទ្រព្យ វិបត្តិទីផ្សារភាគហ៊ុន និងវិបត្តិហិរញ្ញវត្ថុ ការជំពាក់បំណុលធនាគារ អត្រាពន្ធឡើងថ្ងៃ និងបញ្ហាតម្លៃប្រេងជាដើម។

តាមការវិភាគរបស់សេដ្ឋកិច្ចវិទូជាច្រើនបានលើកឡើងថា មូលហេតុដ៏ធំនៃការកកើតឡើងនៃវិបត្តិនេះ គឺដោយសារបញ្ហាទីផ្សារភាគហ៊ុន នៅជុំវិញពិភពលោក។ ជាងនេះទៅទៀត នៅចុងឆ្នាំ១៩៨២ដល់ឆ្នាំ១៩៩០ សេដ្ឋកិច្ចរបស់អាមេរិកមានស្ថានភាពស្ថានភាពល្អប្រសើរ អត្រាអ្នកគ្មានការងារក្នុងកម្រិតទាប និងអតិផរណាក៏មានកម្រិតទាបផងដែរ។ ប៉ុន្តែនៅចុងឆ្នាំ១៩៨៧ ទីផ្សារភាគហ៊ុនបានផ្ទុះវិបត្តិឡើង ដែលធ្វើឲ្យពិភពលោកត្រូវទទួលរងនូវឥទ្ធិពលរលកព្យុះនៃវិបត្តិនេះយ៉ាងខ្លាំង។

២). វិបត្តិហិរញ្ញវត្ថុនៅអាស៊ីឆ្នាំ ១៩៩៧១៩៩៨ (Asia Crisis)

វិបត្តិហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៧និង១៩៩៨ ត្រូវបានគេទទួលស្គាល់ថា បានចាប់ផ្តើមឡើងដំបូងចេញពីប្រទេសថៃក្នុងពាក់កណ្តាលឆ្នាំ១៩៩៧ ដោយសារវិបត្តិហិរញ្ញវត្ថុលុយបាតរបស់ថៃ ហើយបញ្ហានេះបានធ្វើឲ្យរដ្ឋាភិបាលប្រទេសមួយនេះប្រឈមមុខនឹងការផ្ទុះឡើងនៃអតិផរណាក្នុងប្រទេសយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ក្នុងអំឡុងពេលនោះ ប្រទេសថៃត្រូវជំពាក់បំណុលបរទេសយ៉ាងច្រើន គួបផ្សំទាំងបំណុលដែលជំពាក់បំណុលបរទេសមិនទាន់បានសងតាំងពីមុនពេលមិនទាន់វិបត្តិជាដើម។ ក្រោយមកវិបត្តិនេះបានពង្រីកខ្លួនមកកាន់បណ្តាប្រទេសនានានៅអាស៊ី ក្នុងនោះប្រទេសដែលត្រូវទទួលរងគ្រោះខ្លាំងជាងគេគឺ ប្រទេសថៃ កូរ៉េ និងឥណ្ឌូនេស៊ី។ ការបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងវិបត្តិដូចទៅនឹងវិបត្តិដូចគ្នានេះដែរនៅអាមេរិកឡាទីនកាលពី១៥ឆ្នាំ អំឡុងឆ្នាំ១៩៨២ គឺជាការមើលស្រាលស្ថានភាព ដោយសារគេយល់ឃើញថាប្រទេសអាស៊ីមានលក្ខណៈខុសគ្នាពីអាមេរិក​ព្រោះពួកគេមានគុណតម្លៃជាជាតិអាស៊ី ធ្វើការងារសកម្ម និងមានវប្បធម៌ខុសគ្នា ហេតុនេះនៅទីបំផុតនៅតែមិនអាចគេចផុតពីវិបត្តិដ៏អាក្រក់នេះបានដដែល។ ទោះជាយ៉ាងណាដ៏ដោយ វិបត្តិនេះត្រូវបានស្រោចស្រង់ឡើងមកវិញនៅដើមឆ្នាំ ១៩៩៨ ដោយមានជំនួយគាំទ្រពីមូលនិធិ IMF ជាទឹកប្រាក់ប្រមាណ ៤០ពាន់លានដុល្លារ ដើម្បីធ្វើការកំណែប្រែកម្មវិធីផ្សេងៗនៃប្រទេសដែលជួបវិបត្តិធ្ងន់ធ្ងរដូចជា ថៃ កូរ៉េ និងឥណ្ឌូនេស៊ីជាដើម។

៣). វិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៧២០០៨ (Global Financial Crisis)

មនុស្សភាគច្រើនបំផុតប្រហែលជានៅចាំបាននិងធ្លាប់បានឆ្លងកាត់រួចមកហើយនូវវិបត្តិហិរញ្ញវត្ថុសកលលោកដែលបានកើតឡើងនៅពាក់កណ្តាលឆ្នាំ២០០៧ និងបានជះឥទ្ធិពលយ៉ាងលឿនពាសពេញពិភពលោក និងមកដល់ប្រទេសកម្ពុជានៅដើមឆ្នាំ២០០៨។ នៅក្នុងវិបត្តិនោះ បានធ្វើឲ្យពិភពលោកត្រូវទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ជាមួយនឹងទំហំទឹកប្រាក់រាប់ពាន់ពាន់លានដុល្លារអាមេរិក។ យោងតាមការវិភាគរបស់សេដ្ឋកិច្ចវិទូភាគច្រើនបានឲ្យដឹងថា មានកត្តាជាច្រើនដែលបានរុញច្រានឲ្យមានវិបត្តិហិរញ្ញវត្ថុកើតឡើង ប៉ុន្តែបញ្ហាដែលត្រូវបានគេមើលឃើញថាជាដើមហេតុធំបំផុតនោះគឺដោយសារបញ្ហាទីផ្សារលំនៅដ្ឋាននៅសហរដ្ឋអាមេរិក (US Housing Market)។

នៅមុនពេលមានវិបត្តិ ធនាគាររបស់សហរដ្ឋអាមេរិកបានផ្តល់កម្ចីទិញផ្ទះយ៉ាងច្រើនលើសលប់ដល់អ្នកទិញផ្ទះបង់រំលស់ ដែលពួកគេទាំងនោះភាគច្រើនជាអ្នកខ្ចីដែលមានជីវភាពមធ្យម។ ក្រោយមក នៅពេលដែលសេដ្ឋកិច្ចអាមេរិកចាប់ផ្តើមធ្លាក់ចុះ ដែលជាការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុ ពេលនោះហើយធ្វើឲ្យប្រជាជនដែលមានជីវភាពចំណូលមធ្យមទាំងនោះឆាប់ទទួលរងឥទ្ធិពលនេះមុនគេ ហើយពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសងការប្រាក់និងប្រាក់ដើមទៅធនាគារវិញនោះទេ។ បន្ទាប់ពីមានចំនួនអ្នកទិញផ្ទះបង់រំលស់ជាច្រើន មិនមានលទ្ធភាពសងប្រាក់ធនាគារ ត្រូវបានប្រឈមមុខយ៉ាងខ្លាំងដោយសារតែតម្លៃផ្ទះ និងដីរបស់អ្នកខ្ចីបានធ្លាក់តម្លៃយ៉ាងគំហុកទាបជាងតម្លៃពីមុន។

ក្នុងពេលនោះ មានធនាគារមិនតិចឡើយដែលត្រូវប្រឈមមុខនឹងការខ្វះទុន ដើម្បីបង្វិលសាច់ប្រាក់រហូតធ្វើឲ្យពួកគេឈានទៅដល់ការប្រកាសក្ស័យធន។ ជាក់ស្តែង ក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុដ៏ធំមួយ Lehman Brothers បានដួលក្ស័យធននៅជាងពាក់កណ្តាលឆ្នាំ២០០៨ ដែបានរុញច្រានឲ្យពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ ស្របពេលដែលមនុស្សរាប់លាននាក់គ្មានការងារធ្វើ ពីមួយខែទៅមួយខែ។ ទោះយ៉ាងណា ស្ថានការណ៍នៃវិបត្តិនេះត្រលប់មកស្ថានភាពស្ងប់ស្ងាត់ឡើងវិញនៅអំឡុងដើមឆ្នាំ២០០៩ ដោយសារតែរដ្ឋាភិបាលអាមេរិកលោក បារ៉ាក់ អូបាម៉ា បានអនុម័តនូវកញ្ចប់ថវិកាប្រមាណ ១ពាន់ពាន់លានដុល្លារអាមេរិក ដើម្បីសម្រួលដល់បញ្ហានានាដែលបានកើតឡើង រួមជាមួយនឹងការចូលរួមពីបណ្តាប្រទេសផ្សេងទៀតផងដែរ។

សរុបមក ទាំងអស់សុទ្ធតែជាបទពិសោធន៍ក្នុងយុគ្គសម័យដែលពិភពលោកធ្លាប់បានឆ្លងកាត់ ហើយវាក៏ជាមេរៀនដ៏សំខាន់សម្រាប់យកមកធ្វើការសិក្សាស្វែងយល់ ដើម្បីបញ្ចៀសនូវរាល់បញ្ហាដែលអាននឹងកើតឡើងនាពេលអនាគតខាងមុខ។

អត្ថបទដោយ៖ SOY-VUTHEA

អ្នកជំនាញ៖ Startup & Franchise

LEAVE A REPLY

Please enter your comment!
Please enter your name here