ស្ថាបនិក Wal-Mart៖ «អាជីវកម្មខ្ញុំជោគជ័យ ដោយសារតែខ្ញុំដើរលឿនជាងគូប្រជែង»

0
2318

ការចាប់ផ្តើមអាជីវកម្មសម្រាប់អ្នកមានដើមទុនក្រាស់ក្រែល បទពិសោធន៍ជោគជាំ ឫធ្លាប់បរាជ័យរាប់​មិន​​អស់ទៅហើយនោះ វាមិនមែនជារឿងលំបាកឡើយក្នុងការរកស៊ីរបស់ពួកគាត់បន្តទៀតលើវិថី​អាជីវកម្ម។ ផ្ទុយមកវិញ សម្រាប់សហគ្រិនក្មេងខ្ចីលើវិថីជំនួញ ប្រាកដណាស់ពួកគាត់នៅខ្វះបទពិសោធន៍ ដើមទុន​ផិតផើយ សូម្បីទំនាក់​ទំនងសង្គមក៏ខ្វះខាតដែរ ទោះបីជាយ៉ាងនេះក្តីក៏មិនមែនបានន័យថា ពួកគាត់ត្រូវបរាជ័យ​ទាំងស្រុង​ដែរ។

យ៉ាងណាមិញសម្រាប់ស្ថាបនិក Wal-Mart លោក Sam Walton មានច្រកចេញ​ដ៏ល្អមួយ​សម្រាប់​សហគ្រិនវ័យក្មេងកម្ពុជា ក៏ដូចជាបទពិសោធន៍លោកផ្ទាល់ផងដែរនោះ​គឺ ត្រូវរៀនពីគូប្រជែងអ្នកអោយបានច្រើន ហើយដើរអោយលឿនជាងពួកគេ តាមដែលអាចធ្វើបាន

ស្ថាបនិក Wal-Mart ដ៏ជោគជ័យមួយរូបនេះ ផ្តើមចេញពីហាងលក់រាយសាមញ្ញ​​​​ប៉ុណ្ណោះ ចាប់ផ្តើមពីកូនហាងលក់ទំនិញ លោក Sam Walton ឧស្សាហ៍យកពេលញាំអាហារថ្ងៃត្រង់ទៅអង្គុយ​ក្នុងហាងគូ​ប្រជែង​របស់លោកហ្នឹងស្ទើរ​តែរាល់ថ្ងៃ លោកតែងច្បិចយកចំណុចល្អៗរបស់គេទាំងនោះ បូករួម​គំនិតច្នៃប្រឌិតដែលលោកមានស្រាប់​បានធ្វើអោយហាងដ៏តូចរបស់ខ្លួន​មានលក្ខណះ​​ពិសេស​ជាងគេ ហើយហាងឯទៀតតាមមិនទាន់។


មិនត្រឹមតែធ្វើអោយហាងធម្មតាមួយនេះល្អប៉ុណ្ណោះទេ តែមួយពព្រិចភ្នែកប៉ុណ្ណោះ Wal-Mart កើនដល់ទៅ៦ហាងឯណោះនៅឆ្នាំដំណើរការដំបូង អ្វីដែលកាន់តែផ្អើលទៅទៀតនោះយីហោនេះបានកើនជាង១០០សាខាក្នុង១ឆ្នាំចន្លោះ១៩៨០ដល់១៩៨៣។

ទីបំផុតគំនិតច្នៃប្រឌិត និងភាពក្លៀវក្លារបស់ស្ថាបនិករបនេះ បានជួយអោយគាត់មានលទ្ធភាពនាំយកស្លាកយីហោ​ហាងលក់ទំនិញដ៏ទំនើបជាងគេមួយនេះបោះទីតាំងពាសពេញពិភពលោក និងក្លាយជាក្រុមហ៊ុន​ចែកចាយទំនិញលំដាប់ជួរមុខគេបង្អស់ជាមួយនឹងទ្រព្យសកម្មជិត៥០០ពាន់​លានដុល្លារអាមេរិកឯណោះ កាលពី​ឆ្នាំ២០១៦។​ ហើយហាងទំនិញអន្តរជាតិមួយនេះ ក៏ជាអតិថិជនកុម៉្មង់អីវ៉ាន់ដ៏ធំ​ពីរោងចក្រ​​ផលិតមួយចំនួន ដែលកំពុងដំណើរការនៅកម្ពុជាផងដែរ។

សូមជម្រាបជូនថា លោក Sam Walton បានលាឈប់ពីនាយកប្រតិបត្តិនៅឆ្នាំ១៩៨៨ នៅអាយុ៧០ឆ្នាំ ហើយបានទទួល​មរណភាពនៅឆ្នាំ១៩៩២ ទោះបីលែងមានវត្តមានស្ថាបនិករូបនេះតទៅទៀតក្តី ​ក៏ប្រសាសន៍របស់​លោក​ត្រូវបានគេដកស្រង់ និងកត់ត្រាជាមេរៀនថា​”ត្រូវមានចំណេះមុនចេញរកស៊ី បទពិសោធន៍រកតាមក្រោយ ហើយរកស៊ីក្នុងជំនួញអ្វីក៏ដោយត្រូវដើរឲ្យលឿនមុនគេជានិច្ច

អត្ថបទដោយ ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here