ឧកញ៉ា ម៉ុង ឫទ្ធី៖ បង្ហើបពីមូលហេតុដែលកសិករខ្មែរចិញ្ចឹមជ្រូកមិនឈ្នះគេ រកទីផ្សារលក់មិនបាន

0
3898

លោកឧកញ៉ា ម៉ុងឫទ្ធី សេដ្ឋីកសិកម្មដែលបានប្រឹងប្រែងតស៊ូក្នុងជីវិតពីមាស២ជី រហូតសម្រេចជោគជ័យក្នុងវិស័យកសិកម្មដាំដុះ និងនាំចេញទៅទីផ្សារបរទេស ធ្លាប់បង្ហើបប្រាប់ពីមូលហេតុដែលកសិករខ្មែរ ចិញ្ចឹមជ្រូកមិនឈ្នះគេ និងពិបាករកទីផ្សារលក់ចេញនៅក្នុងស្រុក ដោយសារតែកត្តាសំខាន់មួយចំនួន។

លោកឧកញ៉ាបានពន្យល់យ៉ាងដូចនេះថា សូម្បីតែរូបលោក ដែលជាអ្នកមានបទពិសោធន៍ប្រឡូកក្នុងវិស័យកសិកម្ម និងចិញ្ចឹមជ្រូកមកជាច្រើនឆ្នាំ រហូតបង្កើតចេញជាកសិដ្ឋានចិញ្ចឹមជ្រូករាប់ពាន់ក្បាល ក៏ពិបាករកផលចំណេញពីការងារចិញ្ចឹមជ្រូកសាច់លក់ដែរ។

លោកបន្តថា ការងារចិញ្ចឹមជ្រូកនេះ ទាញប្រាក់ចំណូលឲ្យលោកមិនបានច្រើនប៉ុន្មាននោះទេ គ្រាន់តែមិនប្រឈរមុខនឹងការខាតបង់ប៉ុណ្ណោះ ដោយសារតែលោកមានក្រុមការងារជំនាញចិញ្ចឹមជ្រូក មើលថែតាមបច្ចេកទេសចិញ្ចឹមត្រឹមត្រូវ និងមានរោងចក្រវាយចំណីដោយខ្លួនឯង ធ្វើថ្លៃដើមចំណាយអស់តិច និងអាចលក់ប្រកួតប្រជែងនៅលើទីផ្សារបាន បើទោះជាពេលខ្លះតម្លៃនៅលើទីផ្សារបានធ្លាក់ចុះត្រឹម៥,០០០រៀល ក្នុងមួយគីឡូក៏ដោយ។


ផ្ទុយទៅវិញ សម្រាប់កសិករចិញ្ចឹមជ្រូកកម្ពុជា ភាគច្រើនពួកគាត់ធ្វើការចិញ្ចឹមជាលក្ខណៈគ្រួសារដោយជំនាញបច្ចេកទេសចិញ្ចឹមត្រឹមត្រូវ និងមិនបានគិតពិចារណាពីបញ្ហាទាំងអស់នេះឡើយ ពិសេសពួកគាត់ត្រូវចំណាយទុនច្រើនបំផុតទៅលើចំណីដែលមានតម្លៃថ្លៃ និងចេះតែឡើងថ្លៃពីមួយឆ្នាំទៅមួយ ធ្វើឲ្យថ្លៃដើមខ្ពស់ក្នុងការផលិតខ្ពស់ ពិបាកលក់ចេញ និងពិបាកតម្លៃប្រកួតប្រជែងលើទីផ្សារ។ បើបូកសរុបថ្លៃដើមក្នុងមួយគីឡូ អាចមានតម្លៃថ្លៃជាង៨,០០០រៀលទៅទៀត  ខណៈតម្លៃលក់ប្រកួតប្រជែងលើទីផ្សារប្រមាណតែជាង៦,០០០រៀល ទៅ៨,០០០រៀលប៉ុណ្ណោះ ដែលនេះជាហេតុធ្វើឲ្យពួកគាត់ខាតហើយខាតទៀត។

លោកឧកញ៉ាបញ្ជាក់ថា វាពិតជាសំណាងហើយដែលកសិករខ្លះអាចនៅស៊ូទ្រាំចិញ្ចឹមជ្រូកបានលក់ ចំណេញតិចតួច ហើយពេលខ្លះក៏រួចខ្លួន ព្រោះសម្រាប់លោកបើកុំតែមានរោងម៉ាស៊ីនវាយចំណីដោយខ្លួនឯង និងចំណាយលុយសាងសងរោងអស់ទុនច្រើន ម្លេះលោកឈប់ចិញ្ចឹមបាត់ទៅហើយ៕

 

អត្ថបទដោយ៖ MENG SONGHUA

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here