ធ្វើបែបណាទើបអាចរកដៃគូរកស៊ី ដែលទៅជាមួយគ្នាបានយូរ?

0
4781

ចូលហ៊ុនគ្នារកស៊ីក្នុងអាជីវកម្មថ្មីថ្មោង ពិតណាស់មិនខុសពីការរៀបការនឹងគ្នារវាងប្តី និងប្រពន្ធ​ប៉ុន្មាន​នោះទេ ត្បិតអីគ្រប់​ភាគី​ត្រូវចាប់ដៃគ្នាច្រូងអាជីវកម្មទើបបង្កើតថ្មីមួយនេះអោយដើរទៅមុខ និងរីក​ចម្រើន​ជាលំដាប់។ ចង់មិនចង់ មានរឿងជាច្រើនដែលត្រូវនិយាយគ្នា ទាំងរឿងក្តៅ និងរឿងត្រជាក់​ក្នុងការសម្រេចចិត្តនានា ដោយជៀសមិនផុត នេះហើយជាហេតុផលធំបំផុតដែលគេចាត់ទុកថា ការរើសដៃគូ​ជារឿងសំខាន់ណាស់ សម្រាប់អ្នកទើបនឹងផ្តើមចេញរកស៊ីដំបូង។

ថ្ងៃនេះ Business Cambodia សូមលើកតិចនិកមួយចំនួន សម្រាប់អ្នកចង់ចេញរកស៊ី ថាគួរមើល​លើ​ចំណុច​ណាខ្លះ មុនចាប់ដៃភាគីម្ខាងទៀតចេញរកស៊ី បើកអាជីវកម្មណាមួយ ដើម្បីសម្រេចក្តីស្រមៃ​រួម​ជាមួយគ្នា។

/មើលលើទំនាក់ទំនង


ការរកស៊ីចូលហ៊ុនគ្នាជាមួយដៃគូដែលអ្នកមានទំនាក់ទំនងល្អជាមួយនឹងគេស្រាប់ វាអាចជារឿងល្អ​សម្រាប់អាជីវកម្មទៅថ្ងៃមុខ ព្រោះដោយសារតែទាំងសងខាងយល់ពីគ្នាទៅវិញទៅមកច្រើនមកហើយ ធ្វើអោយបរិយាកាសអាជីវកម្មមិនតឹងតែងពេកពេលជួបបញ្ហាធំៗ ហើយការខ្វែងគំនិតគ្នា​ក៏កាន់តែតិច​ទៅ​ផងដែរ។

មួយជ្រុងទៀតដែលទទួលបានពីចំណុចនេះគឺ ទំនុកចិត្ត ជាការជឿជាក់គ្នាទាំងសងខាង ព្រោះតែពី​មុនមក មិនបានដឹងស៊ីជម្រៅពីអ្វីដែលម្ខាងទៀតចូលចិត្ត ឬមិនចូលចិត្ត។ បើនិយាយបញ្រ្ជាស់មកវិញ យើងម្នាក់ៗ​ពិតជា​ពិបាក​ណាស់​ក្នុងការទុកចិត្តលើមនុស្ស​ដែលទើបនឹង​ស្គាល់​ក្នុងរយៈពេលខ្លី ឬមិនស្គាល់គ្នា​បាន​ច្រើន​ពី​មុនមក ហើយក៏មិនដឹងផងថា ភាគីម្ខាងទៀត​មានចំ​ណូ​ល​​ចិត្ត និងភាពច្បាស់លាស់កម្រិតណានោះដែរ។

/ មើលលើផ្នត់គំនិត និងចក្ខុវិស័យរបស់គេ

ចំណុចនេះអ្នកត្រូវមើលថា​ ភាគីម្ខាងទៀតមានចំណុចទាំងនេះហើយឬនៅ? តើគាត់ជាមនុស្ស​មានគំនិត​វិជ្ជមាន រៀនពីកំហុសដែលកើតឡើងមក តស៊ូប្រឹងប្រែង ប្រកួតប្រជែង និងបន្ត​ជំរុញមនុស្សជុំវិញខ្លួន​ឲ្យដើរទៅមុខ​ហើយឬនៅ? ប្រសិនបើអ្នករកដៃគូអាជីវកម្មដែលអាចកៀកស្មារ​គ្នាដោះស្រាយ​បញ្ហា​ផ្សេង​ៗ និងជម្រុញ​គ្នាទៅមុខទៅវិញទៅមកបាន នោះមិនយូរទេក្រោយដំណើរការអាជីវកម្មរួច អាជីវកម្ម​ដែល​រក​ស៊ី​ចូលគ្នានោះ នឹង​អាចដើរទៅ​ដល់គោលដៅមិនខានឡើយ។

មហាសេដ្ឋី Robert Kiyosaki បានផ្តល់ដំបូន្មានថា នៅក្នុងពិភពជំនួញជាក់ស្តែង អ្នកត្រូវរកដៃគូរកស៊ីណាដែលធ្លាប់ខុសច្រើន ហើយចេះកែកំហុស រីឯមនុស្សមិនចេះខុសសោះគេជាជម្រើសចុងក្រោយ” ​មាន​ន័យថា បើរើសអ្នកមិនធ្លាប់ខុសមកចាប់ផ្តើមអាជីវកម្មជាមួយ នោះអ្នកនឹងជួបរឿងខុសៗទ្វេរដង ដូច្នេះទម្រាំអាច​​ទប់ទល់​កំហុសនេះបាន រកថ្ងៃស្វាងឃើញ វាមិនមែនជារឿងងាយនោះទេ ខាតបង់​ប៉ុណ្ណា​អ្នកអាចស្រមៃឃើញហើយ។

ចំណែកមួយទៀត គឺចក្ខុវិស័យរបស់គេ តើធំសមល្មម គួរប្រថុយចូលទុន ចូលក្តីស្រមៃ ដើម្បីដើរផ្លូវ​រួមគ្នា​ក្នុងការរកស៊ី និងកសាងយីហោហើយឬនៅ? និយាយឲ្យងាយយល់ គឺថាគេចង់ឃើញអាជីវកម្ម​ដែលបណ្តាក់ទុករួមគ្នានោះរីកលូតលាស់ដល់ធំហំប៉ុណ្ណា ព្រោះថា បើគេមានក្តីសុបិន្តតូច ឬស្រពិច​ស្រពិល​នៅឡើយ​ អ្នកគួរកុំចូលរកស៊ីជាមួយគេអី ប៉ុន្តែបើអ្នកចូលចាប់គ្នាចេញរកស៊ី អ្នកត្រូវពង្រឹង​ខ្លួនឯង ពេលគ្មានវត្តមានគេឲ្យហើយទៅ៕

អត្ថបទដោយ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here