សហគ្រិនស្ត្រីខ្មែរ៖ពីកូនអ្នកក្រឪពុករត់ម៉ូតូឌុក តែឆ្លាតវៃចេញរកស៊ីពីក្មេងរហូតជោគជ័យ

0
12738

លោកស្រីសម លីនណា បច្ចុប្បន្នជាស្ថានិក និងនាយិកាក្រុមហ៊ុនអេលីស គ្រឿងសង្ហារឹម មានប្រវត្តិតស៊ូលំបាកជាច្រើនតំាងពីកុមារភាពមក ដោយលោកស្រីមានអតីតជាកូនច្បងរស់នៅក្នុងត្រកូលអ្នកក្រីក្រម្នាក់ក្នុងតំបន់ទួលគោនៃទីក្រុងភ្នំពេញ។ ទោះបីជាមិនកើតក្នុងត្រកូនអ្នកមានទ្រព្យក៏ពិតមែន តែឪពុកម្តាយរបស់លោកស្រីពិតជាខិតខំប្រឹប្រែងចិញ្ចឹមកូនៗ រួមទំាងលោកស្រីផងបានយ៉ាងល្អ ដោយម្តាយមានមុខរបរជាជាងកាត់ដេរ និងឪពុកជាអ្នករត់ម៉ូតូឌុកម្នាក់ក្នុងក្រុងភ្នំពេញ។ រស់ជាតិជីវិតរបស់សហគ្រិនស្ត្រីឆ្នើមប្រចាំ២០១៧រូបនេះ ពិតជាតស៊ូខ្លាំងណាស់ ផ្សារភ្ជាប់និងភាពឆ្លាតវៃរបស់លោកស្រីចាប់យកឱកាសចេញរកស៊ី វាបានកែប្រែជីវភាពដ៏ក្រក្សត់មួយនេះ ឲ្យមានភាពធូធារនាពេលបច្ចុប្បន្ននេះ។

លោកស្រីសម លីនណា បានថ្លែងប្រាប់Business Cambodiaថា «ការពីកុមារភាព នាងខ្ញុំមានទីលំនៅស្នាក់នៅទួលគោ តំបន់អនាធិបតេយ្យ កើតក្នុងគ្រួសារក្រីក្រ។ ព្រោះតែស្ថិតក្នុងភាពក្រីក្រ ឪពុកម្តាយមិនអាចផ្គត់ផ្គង់ការសិក្សាបាននោះទេ តែដោយសាររៀនពូកែតំាងពីតូច និងមានឱកាសទទួលបានអាហារូបករណ៍ផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ឆ្លៀតក្នុងឱកាសសិក្សាផ្នែកច្បាប់នៅមហាវិទ្យាល័យ ក៏បានឆ្លៀតពេលរៀនភាសាចិន អង់គ្លេស និងរៀនបានឆ្នាំទី២ផ្នែកហិរញ្ញវត្ថុ និងធនាគារបន្ថែមទៀតផងដែរ»។

លោកស្រីបានបន្តថា ចេញរកស៊ីដំបូងតំាងពីរៀនឆ្នាំទី១មកម្ល៉េះ ពោលគឺដំបូងជួយដាក់ទូរស័ព្ទសាធារណៈនៅផ្ទះសិន បន្ទាប់ពីទទួលបានប្រាក់ចំណូលសមរម្យហើយ ក៏បានបើកអាជីវកម្មមួយទៀត នៅក្នុងឆ្នាំ២០០៩ គឺធ្វើការនាំចូលគ្រឿងបន្លាស់ម៉ូតូ ឡាន និងគ្រឿងម៉ាស៊ីនកសិកម្ម ពីក្រៅប្រទេសក្នុងនាមជាឈ្មួញកណ្តាលមកពីប្រទេសជិតខាង ដូចជាវៀតណាម ថៃជាដើម។ តែដោយសារតែការធ្វើឈ្មួញកណ្តាលទទួលបានកម្រៃតិចតួច និងបានសន្សំលុយទុកខ្លះផងនោះ រួមទំាងកម្ចីពីធនាគារខ្លះផង ក៏មានគំនិតធ្វើអាជីវកម្មកាន់តែទូលំទូលាយឡើង ក៏សម្រេចចិត្តនាំចូលគ្រឿងបន្លាស់ និងធ្វើការបោះដុំ ចែកចាយទូទំាងប្រទេសផ្ទាល់តែម្តង។ អាជីវកម្ម ក្នុងនាមជាឈ្មួញកណ្តាលនេះ មិនបានចំណាយដើមទុននោះទេ ដោយទៅចរចារជាមួយគេ ដើម្បីនាំផលិតផលមកលក់តែប៉ុណ្ណោះ។


លោកស្រីបានបន្ថែមថា «ក្រោយបញ្ចប់ថ្នាក់បរិបញ្ញាបត្រច្បាប់ មិនចង់ធ្វើការងារឲ្យគេនោះទេ ទើបនាងខ្ញុំគិតថា អាចចាប់ផ្តើមនូវអាជីវកម្មមួយខ្លួនឯង ដែលមានប្រាក់ចំណូលមួយកើតចេញពីគំនិតខ្លួនឯង វាមានភាពប្រសើរជាងការទៅធ្វើការងារឲ្យគេ។ ទោះបីយើងឃើញប្រភពចំណូលទទួលបានពីការធ្វើការងារឲ្យគេនឹងមានកម្រិតមួយ ហើយសម័យនោះប្រាក់ខែត្រឹម៤០០ ទៅ៥០០ដុល្លារគឺច្រើន។ ក៏ប៉ុន្តែ បើនាងខ្ញុំចាប់ផ្តើមនូវអាជីវកម្មពីបន្តិចម្តងៗ គឺអាចទទួលបានប្រាក់ចំណូលច្រើនជាងនឹង។

លោកស្រីបានបញ្ជាក់ថា «ទាក់ទងនឹងគំនិតរកស៊ីដំបូងនូវអាជីវកម្មនាំចូល ដោយសារនាងខ្ញុំចូលចិត្តស្រាវជ្រាវ ជាពិសេសចង់ដឹង ចង់ឮចង់ស្គាល់ តែសម័យនោះមិនទាន់មានការរីកចម្រើនខាងបច្ចេកវិទ្យាច្រើននោះទេ។  ដោយសារនៅឆ្នាំទី១ ទំនេរពីការសិក្សា ជាពិសេសនៅពេលយប់ចូលចិត្តស្វែងរកនូវអ្វីដែលថ្មីៗ តាមវេបសាយAmazon, Make in China​ ជាដើម ហើយអាចស្រាវជ្រាវឃើញនៅតាមអ៊ីធើណេតនូវផលិតផលផ្សេងៗ ហើយធ្វើការទាក់ទងផ្ទាល់ទៅអ្នកផ្គត់ផ្គង់ផលិតផល។

ហើយមួយវិញទៀត ដោយសារចេះភាសាចិន និងអង់គ្លេសខ្លះ ធ្វើឲ្យមានភាពងាយស្រួលក្នុងការទំនាក់ទំនងទៅខាងក្រុមហ៊ុនផងដែរ។ ហើយសម័យនោះមិនទាន់ពេញនិយមនូវE-commerce ​​នោះទេ តែដោយសារបានចាប់ផ្តើមមុខគេ ទទួលបានឱកាសមុនគេ ហើយធ្វើការនាំចូលផលិតផលនូវចំនួនតិចៗមកលក់ ដោយប្រើប្រាស់ដើមទុនតិចបំផុត។

លោកស្រីបានបញ្ជាក់ទៀតថា ដើម្បីឲ្យគេទុកចិត្តក្នុងការនាំផលិតផលចូលបាន យើងត្រូវធ្វើការទំនាក់ទំនងឲ្យគេស្គាល់យើងសិន ហើយទើបធ្វើការនំាចូលបន្តិចម្តងៗ រហូតច្រើនដងទៅ គេទុកចិត្តខ្លាំងតែម្តង។

បើទោះបីអាជីវកម្មនាំចូលគ្រឿងម៉ាស៊ីនមានការរីកចម្រើនក្តី តែមិនមែនជាចំណង់ចំណូលចិត្តរកស៊ីរបស់លោកស្រីនោះទេ រហូតដល់ចុងឆ្នាំ២០១៥ លោកស្រីមានគំនិតចង់ធ្វើនូវអ្វីម្យ៉ាង ដែលជាអាជីវកម្មបង្កើតឡើងដោយខ្លួនឯងផ្ទាល់។

លោកស្រីបានបញ្ជាក់ថា ចំពោះលោកស្រីផ្ទាល់គឺចូលចិត្តភាពច្នៃប្រឌិត ស្រស់ស្អាត និងសោភ័ណ្ឌភាព ស្របពេលកំពុងសាងសង់ផ្ទះថ្មី ក៏លេចចេញនូវគំនិតមួយថា ការសង់ផ្ទះថ្មីត្រូវការទិញគ្រឿងសង្ហារឹមជាច្រើន តែលោកស្រីបែរជាមិនទិញគ្រឿងសង្ហារឹមទំាងនោះទេនៅក្នុងស្រុកនោះទេ ក៏ចាប់ផ្តើមធ្វើការនាំចូលដោយខ្លួនឯងពីក្រៅស្រុក។ តាមរយៈគំនិតច្នៃប្រឌិតក្នុងការធ្វើការនាំចូលនេះហើយ បានបើកគំនិតសហគ្រិនស្ត្រីវ័យក្មេងរូបនេះ ចាប់យកឱកាស ចាប់ផ្តើមអាជីវកម្មលក់គ្រឿងសង្ហារឹមតែម្តង។ ហើយចាប់ផ្តើមលក់អនឡាញដំបូង ហើយចេះតែរីកចម្រើនរហូតមានទីតំាងខ្លួនឯង និងពង្រីកសាខាថ្មីទៀតផង។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោកស្រីសម លីនណា មានវ័យ២៩ឆ្នាំ គឺជាអគ្គនាយិកាក្រុមហ៊ុនគ្រឿងសង្ហារឹមអេលីស ជាក្រុមហ៊ុនមួយកំពុងមានការរីកចម្រើន និងទើបពង្រីកសាខាថ្មីត្រៀមសម្ពោធនៅក្នុងពេលឆាប់ៗខាងមុខនេះ និងនូវបន្តធ្វើការនាំចូលគ្រឿងបន្លាស់គ្រឿងម៉ាស៊ីនផងដែរ។ តាមការសង្កេត មានយុវជនច្រើនណាស់បានប្រើប្រាស់អ៊ីធើណេត ក៏ប៉ុន្តែការទាញផលប្រយោជន៍ពីវា គឺនៅមានកម្រិតនៅឡើយ តែលោកស្រីវិញមានភាពឆ្លាតវៃ ក្នុងការប្រើប្រាស់អ៊ីធើណេតក្នុងការចាប់ផ្តើមអាជីវកម្មខ្លួនឯង។ នៅពេលថ្មីៗនេះ ដោយសារភាពជោគជ័យនៃអាជីវកម្មផ្ទាល់ខ្លួន លោកស្រីក៏ទើបទទួលបានពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេងឆ្នើមប្រចាំឆ្នាំ២០១៧ ពីសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here