ស្វែងយល់! ប្លង់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ ឆ្លងកាត់តំបន់ណាខ្លះ

0
18840

រដ្ឋបាលខេត្តកណ្តាលប្រកាសប្លង់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ បានតភ្ជាប់ពីក្រុងភ្នំពេញ និងខេត្តកណ្តាល មានប្រវែង ៤៧.៦០៨គីឡូម៉ែត្រ ក្នុងកិច្ចពិភាក្សាលើគម្រោងផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៨  នៅមន្ទីរបរិស្ថានខេត្តកណ្តាល។

ក្នុងកិច្ចពិភាក្សា ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថាតាមរយៈការសិក្សាសមិទ្ធិលទ្ធផល បានបង្ហាញ​ឱ្យ​ឃើញថា បើគម្រោងនេះនឹងត្រូវបានសាងសង់ឡើងនោះ នឹងធ្វើឱ្យប្រសើរឡើងបណ្តាញ​ផ្លូវ​ជាតិ​នៅ​កម្ពុជា ពង្រឹង និងពន្លឿនការអផិវឌ្ឍន៍ក្រុង និងចូលរួមសម្រេចផែនការរួមរបស់រាជធានីភ្នំពេញ ក្នុងការកែ​លំ​អរបណ្តាញ​ផ្លូវក្រវ៉ាត់ក្រុងកាត់បន្ថយការកកស្ទះចររាចរណ៍នៅតំបន់ទីប្រជុំជន និងចូលរួមក្នុង​ការ​អភិវឌ្ឍន៏​សេដ្ឋកិច្ចជាតិ។

ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះ មានរចនាសម្ព័ន្ធគម្រោងទីតាំងភូមិសាស្រ្តខេត្តកណ្តាល (ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិ២១) លាតសន្ធឹងលើឃុំ-សង្កាត់ចំនួន១៧ នៃស្រុកចំនួន៣​ក្នុងខេត្តកណ្តាល។


ចំណែកក្រុងភ្នំពេញ មានខណ្ឌចំនួន២ ចាប់ផ្តើមពី​PK១៦+៨០០​ផ្លូវ​កប់​ស្រូវ សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ និងបញ្ចប់គឺចំណុចប្រសព្វPK៦៤+៤០៨ និងផ្លូវជាតិលេខ១ នៅភូមិកណ្តាលលើឃុំបន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និងឃុំឈើទាល ស្រុកកៀនស្វាយ។ នៅក្នុងស្រុកស្អាងមាន ឃុំកោះអន្លង់ចិន សិត្បូ រកាខ្ពស់ ស្រុកកណ្តាលស្ទឹង​មានឃុំកណ្តោក ជើងកើប និងឃុំព្រះពុទ្ធ។ នៅរាជធានីគម្រោងផ្លូវឆ្លងកាត់ខណ្ឌដង្កោ រួមមាន​សង្កាត់គងនយ សាក់សំពៅ ពងទឹក ប្រទះឡាង ខ័ណ្ឌពោសែនជ័យមានសង្កាត់ភ្លើងឆេះរទះ កន្ទោក និងចោមចៅ។

គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ក៏មានការសាងសង់​ស្ពានអាកាសកាត់​ផ្លូវជាតិ​លេខ៤ លេខ៣ និងលេខ២១ និងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចំនួន១០ នៅស្រុកស្អាង និង​ស្រុកកៀនស្វាយ ដែលមានទទឹង២៥m និងក្រាលកៅស៊ូអ៊ុត(ASphaltconcrete) នឹងមានលូ១០១​កន្លែង​មាន២ប្រភេទគឺប្រភេទលូមូលចំនួន២៨កន្លែង មុខកាត់ជាមធ្យម១,៦០m ប្រភេទលូជ្រុង​ចំនួន៧៣​កន្លែងមុខកាត់ជាមធ្យម៣ម៉ែត្រ។

ជាការពិតណាស់ កន្លែងណាមានហេដ្ឋារចនាសម្ព័ន្ធរដ្ឋច្បាស់លាស់ ទីនោះនិងមានការអភិវឌ្ឍន៍ខ្លាំង ជាពិសេសនៅពេលគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ចាប់ផ្តើមសាងសង់ និងបញ្ចប់ការសាងសង់ នោះនិងជះឥទ្ធិពលខ្លាំងដល់វិស័យអចលនទ្រព្យមិនខាន ព្រោះទីណាមានទីប្រជុំជន ត្រូវតែមានការសាងសង់អគារ រោងចក្រ ផ្ទះ និងផ្សារជាដើម៕

រូបតំណាង

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here