ខេត្តស៊ីឈួន នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា

0
1362

(ភ្នំពេញ)៖ ពាណិជ្ជកម្មខេត្តស៊ីឈួន ប្រទេសចិន នឹងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីជា​មួយកម្ពុជា ជាពិសេសនឹងបង្ហាញចេញនូវឧត្តមភាពពេញលេញកសាងវេទិកាមួយដើម្បីជំរុញការចូលរួមរបស់សហគ្រាសស៊ីឈួន ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ការជំរុញនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធបើកជាផ្លូវការពិព័រ​ណ៍ផ្សារ​ពាណិជ្ជកម្មស៊ីឈួន-កម្ពុ​ជា ហៅថា (ផ្សារពាណិជ្ជកម្មចេឌូ បាយី កម្ពុជា-ចិន) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រទី២៣ ជិតផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២១ កន្លងទៅនេះ។

កាលពីឆ្នាំ២០១៧ បរិមាណនាំចូល និងនាំចេញរវាងខេត្តស៊ីឈួន និងប្រទេសកម្ពុជា មានចំនួនសរុប ១១០លានដុល្លារ ដោយផលិតផលនាំចេញចម្បង របស់ខេត្តស៊ីឈួន មកកាន់កម្ពុជាគឺគ្រឿងអេឡិចត្រូនិច មេកានិច ឧបករណ៍សំឡេង និងរូបភាព គ្រឿងបន្លាស់ សមាសធាតុវត្ថុដើមវាយនភ័ណ្ឌ ផលិត​ផល​គីមី និងផលិតផលដែកថែបជាដើម​។


បន្ថែមពីលើនេះ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ សហគ្រាសស៊ីឈួនបានចុះបញ្ជីសហគ្រាសចំនួន ៩ សម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយមានទុនវិនិយោគចំនួន ២០៥លានដុល្លារ ដែលទាក់ទងនឹងសម្ភារសំណង់ កសិកម្ម ការថែទាំសុខភាព ទេសចរណ៍ រ៉ែ និងសេវាអាជីវកម្ម។ ជាមួយគ្នានេះ ត្រឹមខែឧសភា ឆ្នាំ២០១៨ គម្រោងថ្មីមានចំនួន១៣ ត្រូវបានចុះហត្ថលេខានៅកម្ពុជា ហើយកិច្ចសន្យាចំនួនទឹកប្រាក់ប្រហែល ១៧លានដុល្លារអាមេរិក។

គូរបញ្ជាក់ថា ក្រោមក្របខ័ណ្ឌ “ខ្សែក្រវាត់មួយ វិថីមួយ” ខេត្តស៊ីឈួន និងកម្ពុជាមានស​ក្តា​​នុពលយ៉ាងធំ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ​ទេសចរណ៍ កសិកម្ម ថាមពលអគ្គិសនី ដឹកជញ្ជូន សម្ភារសំណង់ គីមី ការដឹកជញ្ជូនជាពាណិជ្ជកម្ម ថាមពលថ្មី និងវត្ថុធាតុដើមថ្មីៗ ហើយក៏អាចលើកកម្ពស់កិច្ចសហប្រតិបត្តិការស្ថាប័នហិរញ្ញវត្ថុសម្រាប់កម្ពុជាផងដែរ ដើម្បីផ្តល់ថវិកាបន្ថែមសម្រាប់ការវិនិយោគ៕

អត្ថបទដោយ៖ ម៉េង សុងលី

 

LEAVE A REPLY

Please enter your comment!
Please enter your name here