បន្ទាប់ពី Facebook ពេលនេះ Youtube ចាប់ផ្តើមដាក់លក់វីដេអូផ្តាច់មុខក្នុងតម្លៃជាង ៥ ដុល្លារក្នុងមួយខែ

0
7480

ថ្មីៗនេះក្រុមហ៊ុន Youtube បានប្រកាសមុខងារថ្មីរបស់ខ្លួនដែលជួយឲ្យអ្នកផលិតវីដេអូអាចរកចំណូលបន្ថែមមួយកម្រិតទៀតក្រៅពីគិតលុយពីពាណិជ្ជកម្ម គឺអតិថិជនត្រូវបង់លុយមួយខែ ៤.៩៩ ដុល្លារសម្រាប់សេវាវីដេអូផ្តាច់មុខ ដែលមិនមានបង្ហាញជាសាធារណៈ ។

ក្រុមហ៊ុន Youtube ឲ្យដឹងកាលពីថ្ងៃសុក្រនេះថា Youtube នឹងដាក់តម្លៃ ៤.៩៩ ដុល្លារក្នុងមួយខែសម្រាប់ថ្លៃសមាជិក “channel memberships” ដែលអតិថិជនអាចទិញវីដេអូផ្តាច់មុខបាន ។ ហើយមុខងារថ្មីនេះគ្រាន់តែដាក់សម្រាប់ Channel ណាដែលត្រូវបានជ្រើសរើសថាស័ក្តិសមសម្រាប់គិតលុយពីអ្នកប្រើប្រាស់ប៉ុណ្ណោះ ។

Youtube ក៏បានសហការជាមួយក្រុមហ៊ុនលក់ទំនិញនៅអាមេរិកដើម្បីឲ្យម្ចាស់វីដេអូអាចលក់ទំនិញតាមរយៈ Platform មួយនេះ ហើយ Youtube បានបញ្ជាក់ថា មុខងារនេះមានតែនៅអាមេរិកប៉ុណ្ណោះសម្រាប់ Channel ដែលមានអ្នកគាំទ្រលើសពី ១០ ០០០នាក់ ។


ជាមួយគ្នានេះ Youtube ក៏បានចេញមុខងារមួយទៀតហៅថា Premieres ដែលម្ចាស់ Channel អាចថតវីដេអូរបស់ខ្លួនរួចធ្វើការ Live នៅលើ Youtube ដូចច្នោះអ្នកមើលវីដេអូ Live ទាំងអស់អាចបង់លុយទៅកាន់ម្ចាស់វីដេអូដើម្បីទទួលការឆ្លើយតប Comment ផ្សេងៗ ។

តែអ្វីដែលការព្រួយបារម្ភនោះគឺ ការធ្វើបែបនេះអាចធ្វើឲ្យបាត់បង់គណនីរកលុយមួយចំនួនរបស់ម្ចាស់វីដេអូ ដោយសារ Youtube កាន់តែចេញមុខងារថ្មី ច្បាប់ក្នុងការរកលុយកាន់តឹងតែងទៅ ធ្វើឲ្យពិបាកដល់ម្ចាស់វីដេអូទាំងអស់ ។

គួរបញ្ជាក់ថា ដោយសារការដាក់កម្រិតធ្ងន់ធ្ងរលើអ្នកផលិតវីដេអូ ក្រុមអ្នករកលុយមួយចំនួនបានប្តូរទៅរកលុយជាមួយក្រុមហ៊ុនផ្សេងដូចជា Patreon ដែលអនុញ្ញាតិឲ្យម្ចាស់វីដេអូទទួលបានលុយបង់ថ្លៃប្រចាំខែរបស់ខ្លួនពីការលក់វីដេអូផ្តាច់មុខដូច Youtube ដែរ ជាពិសេសម្ចាស់វីដេអូនឹងទទួលបានរង្វាន់ផ្សេងៗទៅតាមចំណូលដែលពួកគេរកបានពីអតិថិជន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here