ស្ថាបនិក Facebook ត្រៀមដណ្តើមតំណែងមហាសេដ្ឋីលេខ៣ពិភពលោកពី Warren Buffett

0
2352

លោក Mark Zuckerberg មហាសេដ្ឋីវ័យក្មេង និងជាស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គមដ៏ល្បីល្បាញ Facebook និង Instagram នឹងក្លាយជាមហាសេដ្ឋីមានបំផុតលេខ៣លើពិភពលោក ដោយដណ្តើមតំណែងពីមហាសេដ្ឋីលំដាប់កំពូលចាស់វស្សា លោក Warren Buffett។

តាមរបាយការណ៍ចេញផ្សាយដោយព័ត៌មានជាច្រើនបានឲ្យដឹងថា បន្ទាប់ពីក្រុមហ៊ុន Instagram ត្រូវជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Facebook និងមានប្រជាប្រិយភាពមិនចាញ់បណ្តាញសង្គមល្បីល្បាញ Facebook បានចេញកម្មវិធីបន្ថែមថ្មីមួយទៀតមានឈ្មោះហៅថា Television Feature កាលពីថ្ងៃពុធ កន្លងទៅ។ ក្រោយពីការចេះកម្មវិធីថ្មីបន្ថែម ធ្វើឲ្យតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Facebook កើនឡើង ២.៣ភាគរយនៃតម្លៃហ៊ុនសរុប ហើយជាងនេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ក៏បានកើនឡើង 1.7 ពាន់លានដុល្លារបន្ថែមផងដែរ។ ដោយសារការកើនឡើងទ្រព្យយ៉ាងលឿនរបស់លោក Mark ធ្វើឲ្យមហាសេដ្ឋីវ័យជាង៣០រូបនេះ មានទ្រព្យសរុបផ្ទាល់ខ្លួន ៨១.៣ពាន់លានដុល្លារ ខណៈលោក Warren Buffett នៅសល់ទ្រព្យសម្បត្តិ ៨១.៦ពាន់លានដុល្លារ បើទោះបីជាគាត់តែងតែបរិច្ចាគលុយផ្ទាល់ខ្លួនរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីការងារសប្បុរសនិងជួយប្រទេសក្រីក្រនៅលើពិភពលោកក៏ដោយ។

គួរជម្រាបជូនថា មហាសេដ្ឋីកំពូលវិនិយោគ លោក Warren  Buffett ធ្លាប់ឈរតំណែងមហាសេដ្ឋីលេខមួយជិតរាប់សិបឆ្នាំទៅហើយ ហើយបច្ចុប្បន្នលោកក៏នៅតែឈរជាមហាសេដ្ឋីលំដាប់កំពូលដដែល។ មិនតែប៉ុណ្ណោះ មហាសេដ្ឋីវ័យ៨៧ឆ្នាំរូបនេះ ធ្លាប់បានមានប្រសាសន៍ថា លោកនឹងបន្តបង្កើនចំណាយប្រាក់ផ្ទាល់ខ្លួនបន្ថែមទៀតជារៀងរាល់ឆ្នាំ ដើម្បីបរិច្ចាគការងារសប្បុរសធម៌រហូតដល់លោកអស់ជីវិត។


តាមការប៉ាន់ប្រមាណ គេនឹងអាចសន្និដ្ឋានបានថា មហាសេដ្ឋីវ័យ៣៤ឆ្នាំរូបនេះ នឹងវ៉ាដាច់មហាសេដ្ឋីកំពូលវិនិយោគលោក Warren Buffett នៅរយៈពេលប៉ុន្មានសប្តាហ៍ដ៏ខ្លីខាងមុខនេះ។

អត្ថបទដោយ៖ វុទ្ធា សេរីនរៈវុឌ្ឍិ

LEAVE A REPLY

Please enter your comment!
Please enter your name here