អតិថិជនLOLC អាចបង់ប្រាក់កម្ចីជាមួយភ្នាក់ងារ ទ្រូម៉ាន់នីទូទាំង២៥ខេត្តក្រុង

0
777

ទ្រូម៉ាន់នីដែលជាក្រុមហ៊ុនផ្ទេរប្រាក់ដ៏ល្បីល្បាញមួយកំពុងតែពង្រីកវិសាលភាព និងកិត្តិនាមរបស់ខ្លួនទូទាំងព្រះរាជាណាចក្រកម្ពុជានោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីសហប្រតិបត្តិការអាជីវកម្ម លើសេវាកម្ម បង់ប្រាក់កម្មីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ។

នៅក្នុងកម្មវិធីចុះហត្ថលេខា កាលថ្ងៃពីទី២១ ខែមិថុនា ឆ្នាំ២០១៨ លោក គង់ មាន អគ្គនាយក ក្រុមហ៊ុនទ្រូម៉ាន់នី ប្រចាំប្រទេសកម្ពុជាបានថ្លែងថា៖ បច្ចុប្បន្នក្រុមហ៊ុនយើងខ្ញុំមានភ្នាក់ងារជាង ៦.០០០កន្លែង និង អតិថិជនសរុបជាង2លាននាក់ នៅទូទាំង២៥ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងនៅតែបន្តពង្រីកភ្នាក់ងារឱ្យកាន់តែច្រើនដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទ្រូម៉ាន់នី ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុនដែលជាដៃគូសហការរបស់ក្រុមហ៊ុនទ្រូម៉ាន់នីផងដែរ។

លោក គង់ មាន បានបន្តទៀតថា៖ ថ្ងៃនេះក្រុមហ៊ុនទ្រូម៉ាន់នី មានកិត្តិយសក្នុងការក្លាយជាដៃគូសហការជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ល្បីមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយលោកក៏បានបញ្ជាក់ផងដែរថា អ្វីដែលសំខាន់ ការសហការរវាងក្រុមហ៊ុនទាំងពីរបានផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា និងជួយកាត់បន្ថយចំណាយយ៉ាងច្រើន ដល់អតិថិជននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទាំងអស់គឺអាចបង់ប្រាក់កម្ចី ដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងាររបស់ទ្រូម៉ាន់នី ទូទាំង២៥ខេត្ត/ក្រុង។
នៅក្នុងកម្មវិធីចុះហត្ថលេខានោះដែរ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា៖ អិលអូអិលស៊ី បានចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៩៤ មានចក្ខុវិស័យក្នុងការផ្តល់នូវសេវាឥណទានប្រកបដោយគុណភាព ប្រសិទ្ធិភាព និងមានការទទួលស្គាល់ជាសកល។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី កំពុងមានប្រតិបត្តិការនៅ ៧៦ សាខា ក្នុងរាជធានីភ្នំពេញ និងគ្រប់បណ្តាខេត្តដែលបច្ចុប្បន្នមានអតិថិជនចំនួនសរុប ២០០.០0០នាក់ នៅទូទាំងប្រទេស។
លោក សុខ វឿន បានសង្កត់ធ្ងន់ថា៖ សេវាកម្មបង់ប្រាក់កម្ចីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលទៅដល់អតិថិជន អិលអូអិលស៊ី ទាំងអស់ ក្នុងការទូទាត់បង់ប្រាក់កម្ចី ដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងារទ្រូម៉ាន់នីជាង ៦.០០០កន្លែង នៅទូទាំង២៥ខេត្ត-រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាការផ្តល់ជូនជម្រើសដ៏ពិសេសថ្មីមួយដល់អតិថិជន អិលអូអិលស៊ីដែលភាគច្រើនមានការមមាញឹកនឹងអាជីវកម្ម ហើយមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការមកបង់ប្រាក់ដោយផ្ទាល់ ព្រោះមានលំនៅដ្ឋាននៅឆ្ងាយពីការិយាល័យអិលអូអិលស៊ី ឬមានធុរៈធ្វើដំណើរទៅឆ្ងាយមិនអាចធ្វើការបង់ប្រាក់បាន។

ជាមួយគ្នានេះផងដែរ លោកបានបន្តទៀតថា៖ ខ្ញុំជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សេវាបង់ប្រាក់កម្ចីនេះនឹងផ្តល់អត្ថប្រយោជន៍ និង ជាជម្រើសដ៏ត្រឹមត្រូវដល់អតិថិជនទាំងអស់ ក្នុងការទូទាត់ បង់ប្រាក់កម្ចី ដោយមិនអស់ថ្លៃសេវា ហើយថែមទាំងមាន ដំណើរការងាយស្រួល ចំណេញពេលវេលា ថវិកា និង សុវត្ថិភាព ដែលពួកគាត់អាចធ្វើប្រតិបត្តិការតាមរយៈភ្នាក់ងាររបស់ ទ្រូម៉ាន់នីទោះបីជាថ្ងៃឈប់សម្រាកក៏ដោយ៕