អតីតនិស្សិតស្រីប៊ុ្រយណេម្នាក់ចប់បរិញ្ញាបត្រគណនេយ្យពីអូស្ត្រាលី មករកស៊ីដុតនំនៅស្រុកកំណើត

0
3879

(ប៊ុ្រយណេ)៖ សហគ្រិនស្ត្រីវ័យក្មេងជនជាតិប៊ុ្រយណេម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យពីប្រទេសអូស្ត្រាលី បែរជាមកចាប់យកមុខរបរដុតនំធ្វើជាម្ចាស់អាជីវកម្មដោយខ្លួនឯងទៅវិញ។​

សហគ្រិនស្ត្រីរូបនេះមានឈ្មោះថា Chiok Shin Yen នាងបានទៅបន្តការសិក្សានៅសកលវិទ្យាល័យ Curtin University កាលពីឆ្នាំ២០១២ លើជំនាញគណនេយ្យ និងធនាគារតាមការចង់បាន និងជាក្តីស្រមៃរបស់ឪពុកម្តាយ ដែលចង់ឲ្យរូបនាងធ្វើការងារនៅក្នុងក្រុមហ៊ុន ឫធនាគារល្អណាមួយនៅក្នុងស្រុកក្រោយពីបញ្ចប់ការសិក្សា។​

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ក្រោយពេលត្រឡប់មកទឹកដីកំណើតវិញនៅឆ្នាំ២០១៤ Shin Yen បែរជានឹកស្រឡាញ់ការងារដុតនំ និងធ្វើនំខេកទៅវិញ ដែលជាការស្រឡាញ់ចូលចិត្តរបស់នាង ហើយនាងតែងតែធ្វើវាជាញឹកញ៉ាប់ កាលដែលនាងរស់នៅជាមួយប្អូនស្រី និងនៅសិក្សាក្នុងប្រទេសអូស្ត្រាលីនោះ។

ដោយសារតែការងារដុតនំនេះជាក្តីស្រឡាញ់ និងដោយសារតែ Shin Yen មិនចង់ធ្វើការងារឲ្យគេផងនោះ ឪពុកម្តាយរបស់នាងក៏យល់ព្រមឲ្យនាងដើរតាមក្តីស្រមៃរបស់ខ្លួន ដុតនំលក់ទៅតាមចំណងចំណូលចិត្តរបស់កូន។

ជំនាញដែល Shin Yen រៀនមិនបានទុកចោលឡើយ ដោយសារតែជំនាញគណនេយ្យ និងធនាគារនេះហើយ ដែលជួយឲ្យនាងគិតគូរទូទាត់លើការចាយវាយ និងប្រាក់ចំណូលបានយ៉ាងល្អ និងត្រឹមត្រូវបំផុត។ ជាងនេះទៅទៀត ប្អូនស្រីរបស់នាងដែលរៀនជំនាញទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងនោះ បានជួយឲ្យការងារចាប់ផ្តើមអាជីវកម្មនេះមានភាពងាយស្រួល និងដំណើរការបានរហ័ស។

សហគ្រិនវ័យជិត៣០ រូបនេះបានបញ្ជាក់ថា៖ ខ្លួននាង អាចធ្វើនំខេកបានយ៉ាងតិច១០នំក្នុងមួយសប្តាហ៍ ដោយនំនិមួយៗចំណាយពេលក្នុងការធ្វើ និងតុបតែងរហូតដល់ទៅ៣ ឫ៤ម៉ោងឯណោះ ដោយលក់ឲ្យភ្ញៀវដែលបានកម៉្មង់ប្រមាណ ៦០ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។

Shin Yen បានបន្ថែមថា អាជីវកម្មដែលមិនទាន់មានទីតាំងច្បាស់លាស់មួយនេះ បានធ្វើឲ្យនាងរវល់ខ្លាំងរហូតចំណាយពេលពី១០ ទៅ ១៥ម៉ោងក្នុងមួយថ្ងៃ និង៦ថ្ងៃក្នុងមួយសប្តាហ៍។

សហគ្រិនស្ត្រីរូបនេះ បានតាំងចិត្តថានឹងបើកហាងកាហ្វេមួយកន្លែង ដោយមានដាក់តាំងលក់នំខេករបស់នាងអមជាមួយគ្នា នាពេលដ៏ខ្លីខាងមុខនេះ៕

 

អត្ថបទដោយ៖ Jimmy

Editor Business ASEAN