មកមើលទិដ្ឋភាពក្រោយខ្នងក្រុមហ៊ុនយក្សមហាសេដ្ឋីត្រកូល Ma ពីរនាក់ កំពុងវាយលុកទីផ្សារបរទេសយ៉ាងក្តៅគគុក

0
3973

បើនិយាយពីក្រុមហ៊ុនដែលមានទ្រព្យសម្បត្តិកន្លះទ្រីលាន (ពាន់ពាន់លានដុល្លារ) យើងស្រមៃដល់ក្រុមហ៊ុន Google និង Apple ប៉ុន្តែពេលនេះយើងទុកក្រុមហ៊ុនទាំងនេះមួយឡែកសិន ងាកមើលមើលក្រុមហ៊ុនចិនដែលកំពុងឡើងលើសមរភូមិទីផ្សារយ៉ាងក្តីគគុក និងជាក្រុមហ៊ុនយក្សផងនោះ Alibaba របស់មហសេដ្ឋី Jack Ma និង Tencent របស់មហាសេដ្ឋី Pony Ma ដែលសព្វថ្ងៃគាត់ពីរនាក់នេះជាគូប្រកួតក្នុងស្រុក និងត្រូវវាយលុកទីផ្សារធំៗដូចជាបរទេសរួមគ្នាផងដែរ ។

ចង់ដឹងថា តើមានអ្វីខ្លះនៅពីក្រោយខ្នងក្រុមហ៊ុនយក្សរបស់គាត់ពីរនាក់នេះ?

ក្រុមហ៊ុនពីរនេះហក់លោតលើទីផ្សារបរទេសខ្លាំងក្នុងវិស័យឌីជីថល ដែល Tencent ក្តោបក្តាប់សេវាកម្មហ្គេម និង ផ្ញើសារឈានមុខនៅចិន ស្របពេលដែល Alibaba ជាអ្នកក្តោបក្តាប់លើសេវាកម្ម E-Commerce ធំនៅចិន ។


តាមរបាយការណ៍ពីទស្សនាវដ្តី Fortune បញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនេះជាអ្នកវិនិយោគផ្តាច់មុខលើក្រុមហ៊ុនចាប់ផ្តើមទាំងក្នុងស្រុកនិងក្រៅស្រុក ខណៈដែលក្រុមហ៊ុនពីរនេះឈរជើងលើទីតាំងភូមិសាស្ត្រល្អដូចគ្នា ។ Alibaba ឈរជើងលើទីក្រុងបុរាណហាងចូវ ជិតសៀងហៃ ជំណែក Tencent ឈរជើងនៅទីក្រុងស៊ិនចិន កាត់ព្រំប្រទល់ហុងកុង ។

ក្រុមហ៊ុនទាំងពីរនេះត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដែលក្រឡុកទីផ្សារពិភពលោកមួយចំណែក ក្នុងនោះ Alibaba មានទីផ្សារអ្នកប្រើជាប្រចាំ ៥២២ លាននាក់ ស្របពេលដែល WeChat របស់ Tencent មានអ្នកប្រើប្រាស់ជាង ១​ ពាន់លានគណនី ។

ថ្វីត្បិតជាក្រុមហ៊ុនយក្សដូចគ្នា តែក្រុមហ៊ុនពីនេះមានលក្ខណៈខុសគ្នា មានវប្បធម៌ខុសគ្នា និងរបៀបរកស៊ីខុសគ្នា ។ ត្រឡប់ទៅរកឆ្នាំ ១៩៩០ ស្របពេលដែលចិនទើបស្គាល់អ៊ីនធឺណេតដំបូងពួកគេបានសាងអាជីវកម្មនេះឡើងក្លាយជាក្រុមហ៊ុនយក្ស ប៉ុន្តែដើរផ្លូវផ្សេងគ្នា រួមមានវិនិយោគលើការលក់ទំនិញ និងសេវាហិរញ្ញវត្ថុ ដែលនេះជាចំណុចខ្លាំងរបស់ Alibaba ចំណែកសេវាផ្ញើសារត្រូវប្រគល់ឲ្យ Tencent ជាអ្នកកាន់កាប់ ។

Jack Ma និង Pony Ma សុទ្ធតែជាត្រកូល Ma ដូចគ្នា ដែលមានន័យថា “សេះ”​ ដូចច្នោះនៅក្នុងទីផ្សារឌីជីថល ក្រុមហ៊ុនពួកគាត់ប្រៀបបាននឹងសេះពីរកំពុងរត់ប្រណាំងគ្នាលើចម្ងាយផ្លូវរាប់រាយរយយោជន៍ ។ ប៉ុន្តែការរត់ប្រណាំងនេះ ស្ថិតក្រោមហេតុផលមួយ គឺធ្វើឲ្យចិនក្លាយជាសេដ្ឋកិច្ចឌីជីថលដែលរីកលូតលាស់លឿន និងវិវត្តន៍ទៅជាទីផ្សារឌីជីថលច្រើនជាងប្រទេសផ្សេងៗ ។

ឆ្ងល់ទេថា មុខរបររកស៊ីរបស់មហាសេដ្ឋីទាំងពីនេះខុសគ្នាខុសស្រឡះ ហេតុអ្វីពួកគាត់ចាំបាច់រត់ប្រណាំងគ្នា?

ការពិតទៅការប្រកួតប្រជែងគ្នានេះ គឺប្រកួតប្រជែងលើភាពរីកចម្រើនរបស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុនគាត់ពីរនាក់នេះត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដែលធំជាងគេ ខណៈដែល Jack Ma និង Pony Ma បានប្តូរដំណែងគ្នាទៅវិញទៅមកជាមហាសេដ្ឋីមានបំផុតនៅចិន។

ថ្លែងក្នុងវេទិកា Fortune Global នៅទីក្រុងគ័ងចូវ លោក Ma Huateng ហៅថា Pony Ma មហាសេដ្ឋីវ័យ ៤៥ឆ្នាំរូបនេះធ្លាប់លើកឡើងថា Alibaba មាន Taobao ជាទីផ្សារអនឡាញធំនៅចិន ចំណែកឯ Tencent មិនមានផ្សារទំនិញសម្រាប់ជួលឲ្យអ្នកលក់ដូច Alibaba ទេ ប៉ុន្តែ WeChat ជា Platform ដែលគេអាចទំនិញផ្សេងៗដោយឯករាជ្យពី Tencent និងមិនចាំបាច់បង់ថ្លៃជួលកន្លែង ។

នៅឯប្រទេសអង់គ្លេសមហាសេដ្ឋីវ័យ ៥៣ ឆ្នាំលោក Ma Yun ដែលរហ័សនាមថា Jack Ma ឯណោះវិញលើកឡើងថា “Tencent គឺជាក្រុមហ៊ុនដែលមានឈ្មោះបោះសម្លេងមួយ និងស្ទាត់ជំនាញក្នុងការទាញយកផលចំណេញពី Platform របស់ខ្លួន ដូចច្នោះពេលបច្ចុប្បន្ននេះពួកយើងខុសគ្នាឆ្ងាយណាស់”។ លោកបញ្ជាក់ថា “យើងមានឧត្តមគតិខ្ពស់ ចង់ធ្វើអ្វីដែលល្អៗ ស្របពេលនឹងការរកលុយ ហើយយើងជឿជាក់លើមនុស្សច្រើនជាងផលិតផល”​។

Alibaba និង Tencent វាយលុកលើទីផ្សារគោលដៅខុសគ្នា ដូចច្នោះសេះពីរនេះអាចរត់ប្រណាំងគ្នាដោយមិនចាំបាច់បុកក្បាលគ្នា ។ Alibaba យកយុទ្ធសាស្រដើរទិញភាគហ៊ុនពីកន្លែងផ្សេងៗដែលគាំទ្រ Platform ផ្សារអនឡាញរបស់ខ្លួន ចំណែក Tencent ខំរក្សាភាគហ៊ុនរាប់ពាន់ចំណែករបស់ខ្លួនដើម្បីយកឈ្នះលើគូប្រកួតផ្សេងៗ និងពង្រីកបច្ចេកវិទ្យារបស់ខ្លួន ដូចច្នោះការប្រកួតប្រជែងនេះពិបាកកាត់ក្តីរកអ្នកឈ្នះណាស់ ។

គួរបញ្ជាក់ថា ដោយសារក្រុមហ៊ុនពីរនេះខំរត់ប្រណាំងគ្នានេះហើយ បានជាធ្វើទីឲ្យទីផ្សារធំៗដូចជាអាមេរិកមានការភ្ញាក់ផ្អើលនឹងស្មានមិនដល់ថាចិនក្លាយជាដៃគូប្រកួតសេដ្ឋកិច្ចឌីជីថលដ៏ក្តៅគគុកបែបនេះ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here