ក្រុមហ៊ុនអភិវឌ្ឍន៍២ បោះទុនជាង១០០លាន$ សង់សណ្ឋាគារផ្កាយ៤ និងផ្កាយ៥នៅព្រះសីហនុ

0
5000

ថ្មីៗនេះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចំនួន២ បានបោះទុនវិនិយោគ ជាង ១០០លានដុល្លារ សាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ នៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងតម្រូវការកំណើននៃការស្នាក់នៅកាន់តែច្រើនឡើងៗពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បានចេញលិខិតអនុញ្ញាតក្រុមហ៊ុនចំនួន២ មានសិទ្ធិសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនោះមាន៖

១-ក្រុមហ៊ុន «NAN HAI REAL ESTATE DEVELOPMENT CO.,LTD.» លើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយប្រាំ ចំនួន ៥០០បន្ទប់ និងជម្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៦,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.៨៤៨កន្លែង។


ទី២-ក្រុមហ៊ុន «HEIN LI PROPERTIES CO.,LTD.» គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយបួន ចំនួន ១៤៩បន្ទប់ និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៩,៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៤១កន្លែង។

បន្ថែមពីលើនេះ សម្រាប់ខេត្តព្រះសីហុន ដើម្បីបំពេញសេចក្តីត្រូវការក្នុងការស្នាក់នៅរបស់ភ្ញៀវទេសចរ ខេត្តព្រះសីហនុមានគម្រោងសាងសង់សណ្ឋាគារប្រណិតៗប្រមាណ ២,០០០-២,៥០០បន្ទប់ទៀតក្នុងរយៈពេល២ឆ្នាំទៀត។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុបច្ចុប្បន្ន​ មានសណ្ឋាគារ ៦៩កន្លែង (៣,៥២១បន្ទប់) ផ្ទះភ្ញៀវមាន ៣១៩កន្លែង (៤,០២៩បន្ទប់) ភោជនីយដ្ឋាន-អាហារដ្ឋានមាន ២៥១កន្លែង (៩,៧៧៣កៅអី) ម៉ាស្សាមាន ៤២កន្លែង (៣០០គ្រែ)៕

រូបតំណាង

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here