Warren Buffett៖ គំនិតអាជីវកម្ម ទុន ២៥$កាលខ្ញុំមានវ័យ១៧ ជាអាជីវកម្មល្អបំផុតធ្វើឲ្យខ្ញុំមានថ្ងៃនេះ

0
1897

មហាសេដ្ឋី Warren Buffett ត្រូវបានគេប្រសិទ្ធិនាមថា ជាបិតាវិនិយោគ ព្រោះមហាសេដ្ឋីរូបនេះ ចេះវិនិយោគទិញភាគហ៊ុនតាំងពីលោក មានវ័យ ១១ឆ្នាំម្ល៉េះ។ កាលពីពេលថ្មីៗនេះ មហាសេដ្ឋីកំពូលវិនិយោគរូបនេះបានបង្ហើបពីគំនិតអាជីវកម្មចំណាយទុនត្រឹមតែ ២៥ដុល្លារ តែលោកថាជាអាជីវកម្មល្អបំផុត​​ដែលបានបណ្ដុះគំនិតលោកឲ្យក្លាយជាអ្នកវិនិយោគជោគជ័យដូចសព្វថ្ងៃនេះ។

កាលពីមិនទាន់ឈានដល់វ័យ ២០ឆ្នាំ មហាសេដ្ឋី Warren Buffett បានព្យយាមរកលុយដោយខ្លួនឯង ដោយលោកធ្វើជាក្មេងលក់ Coca-Cola និងស្ករកៅស៊ូ ហើយលោកក៏ធ្លាប់ធ្វើជាក្មេងដឹកជញ្ជូនកាសែតដាក់តាមផ្ទះគេផងដែរ។

កាលវ័យ១៧ឆ្នាំគឺ ឆ្នាំ ១៩៤៦ លោកបានរកឃើញគំនិតអាជីវកម្មមួយដោយប្រើដើមទុនតែ ២៥ដុល្លារប៉ុណ្ណោះ។ ពេលនេះលោកបានយកលុយ២៥ដុល្លារដែលលោកបានសន្សំ មកទិញម៉ាស៊ីនហ្គេម( pinball machine)។ ពេលទិញបានហើយ លោកបានបបួលមិត្តម្នាក់ឈ្មោះ Don Danley មកធ្វើជាដៃគូអាជីវកម្ម ព្រមទាំងឲ្យលោក Don Danley ជាអ្នកជួសជុលនិងតម្លើងម៉ាស៊ីន។


ពេលលោក Don Danley ជួសជុលម៉ាស៊ីនហ្គេមរួចហើយ សេដ្ឋី Warren Buffett បានទៅចរចារជាមួយ លោក Frank Erico ដែលជាម្ចាស់ហាងកាត់សក់។ Warren Buffett បាននិយាយបញ្ចុះបញ្ចូល លោក Frank Erico ថាលោកតំណាងឲ្យក្រុមហ៊ុន Wilson’s Coin Operated Machine ហើយលោក Wilson ដែលជាម្ចាស់ក្រុមហ៊ុនបានចង់ពង្រីកម៉ាស៊ីនហ្គេមតាមហាងកាត់សក់។ Warren Buffett បានពន្យល់  លោក Frank Ericoថា អាជីវកម្មនេះ មិនមានហានិភ័យដល់ហាងកាត់សក់របស់លោកឡើយ ហើយពេលភ្ញៀវមករងចាំសក់កាត់សក់ ពួកគេអាចលេងហ្គេម ហើយពេលទទួលបានប្រាក់ចំណេញចាំចែកលុយគ្នា។

តាមពិតទៅ គ្មាន ក្រុមហ៊ុន Wilson’s Coin Operated Machineនោះទេ តែនេះគ្រាន់តែជាល្បិចបញ្ចុះបញ្ចូលរបស់ Warren Buffett ប៉ុណ្ណោះ។ តែយ៉ាងណាមិញ លោក Frank Erico ព្រមឲ្យ សេដ្ឋី Warren Buffett តម្លើងម៉ាស៊ីនហ្គេមក្នុងហាងលោកផ្ទាល់។

ត្រឹមថ្ងៃដំបូង Warren Buffett និង លោក Don Danley ប្រមូលលុយបាន ៤ដុល្លារពីអាជីវកម្មនេះ ហើយរយៈពេលមួយសប្ដាហ៍ ពួកគេរកបាន ២៥ដុល្លារ យកទិញម៉ានស៊ីនហ្គេមមួយទៀត។ អាជីវកម្មរបស់ពួកគេរកចំណូលបានជាបន្តបន្ទាប់ ហើយក៏បានតម្លើងម៉ាស៊ីនតាមបណ្ដាហាងកាត់សក់ជាបន្តបន្ទាប់ទូទាំង រដ្ឋ Washington។

បន្ទាប់ពីអាជីវកម្មដំណើរការបានមួយឆ្នាំ Warren Buffett និង លោក Don Danley បានសម្រេចលក់អាជីវកម្មនេះ ក្នុងតម្លៃជាង ១ពាន់ដុល្លារ។ យ៉ាងណាមិញ លោក Warren Buffett បានឲ្យដឹងថាវាជាអាជីវកម្មល្អបំផុតដែលលោកធ្លាប់ធ្វើ ព្រោះការចាប់ផ្ដើមចំណាយដើមទុនតិចហើយរកផលចំណេញបានយ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះលោករៀនសូត្រពីអាជីវកម្មនេះតាមរយៈការជ្រើសរើសដៃអាជីវកម្មល្អនឹងធ្វើឲ្យអាជីវកម្មជោគជ័យ។

លោកបង្ហើបផងដែរថា អាជីវកម្មប្រើទុន ២៥ដុល្លារនេះ ពិតជាបានជួយត្រួសត្រាយផ្លូវឲ្យលោកហ៊ានរករកស៊ី វិនិយោគជាបន្តបន្ទាប់។ ជាក់ស្ដែងបន្ទាប់ពីបានលក់អាជីវកម្មនេះ ហើយចាប់ផ្ដើមស្វែងរកដៃគូវិនិយោគក៏ដូចជាចូលហ៊ុនវិនិយោគជាមួយក្រុមហ៊ុនធំៗជាច្រើនរហូតលោកក្លាយជាកំពូលសេដ្ឋីវិនិយោគដូចសព្វថ្ងៃនេះ៕

អត្ថបទដោយ៖ ហុង

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here