វៀតណាមដាក់គោលដៅជម្រុញសហគ្រាសក្នុងស្រុកកើនដល់១លាននៅឆ្នាំ២០២០

0
638

(វៀតណាម)៖ រដ្ឋាភិបាលវៀតណាម បានដាក់គោលដៅជម្រុញឲ្យសហគ្រាសក្នុងស្រុកកើនដល់១លានសហគ្រាសនៅត្រឹមចុងឆ្នាំ២០២០ ខណៈអាជីវកម្មកើតថ្មីនៅវៀតណាមកើនឡើងឥតឈប់។

ការកំណត់គោលដៅនេះឡើង ត្បិតតែរៀងនៅឆ្ងាយ និងពិបាកក្នុងការសម្រេចដល់គោលដៅក៏ពិត ប៉ុន្តែរដ្ឋាភិបាលវៀតណាម ពិសេសក្រសួង រៀបចំផែនការ និងវិនិយោគវៀតណាម បានព្យាយាមខិតខំជម្រុញឲ្យមានការវិនិយោគទាំងក្នុង និងក្រៅប្រទេសជួយដល់អាជីវកម្មដែលទើបតែដុះពន្លកថ្មីៗឲ្យមានភាពរឹងមាំ និងរីកចម្រើនក្នុងរយៈពេលដ៏ខ្លីផងដែរ។

លោក Nguyen Quan អតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ន អាជីវកម្មកើតថ្មីភាគច្រើននៅក្នុងស្រុក ទទួលបានការវិនិយោគពីបរទេស ដែលផ្តល់​ឱកាសអភិវឌ្ឍន៍ និងបង្កើនភាពរឹងមាំក្នុងការធ្វើអាជីវកម្មរបស់ពួកគេ។


លោកបន្ថែមទៀតថា បញ្ហាប្រឈមក្នុងការវិនិយោគនេះ គឺទុនវិនិយោគដែលបានពីប្រទេសមួយចំនួនដូចជា សិង្ហបុរី ថៃ ម៉ាឡេស៊ី និងហុងកុងជាដើម ធ្វើឲ្យសហគ្រិនជំនាន់ថ្មីវៀតណាម សម្រេចចិត្តទៅចុះបញ្ជីពាណិជ្ជកម្មនៅក្នុងទឹកដីប្រទេសទាំងនោះទៅវិញ ដោយសារតែលក្ខខណ្ឌអំណោយផលល្អ និងប្រភពទុនវិនិយោគ។

តាមការបញ្ជាក់របស់អតីតរដ្ឋមន្ត្រីរូបនេះបានឲ្យដឹងថា កាលពីចុងឆ្នាំ២០១៧ មានក្រុមហ៊ុនវិនិយោគ ជាង៤០ក្រុមហ៊ុន បានធ្វើការវិនិយោគអាជីវកម្មកើតថ្មីវៀតណាម ដែលភាគច្រើននៃក្រុមហ៊ុនវិនិយោគទាំងនោះគឺជាក្រុមហ៊ុនបរទេស។

បច្ចុប្បន្ន អាជីវកម្មដែលកំពុងដំណើរការនៅក្នុងប្រទេសវៀតណាមសរុបមានជាង៦០ម៉ឺនអាជីវកម្ម និងមានក្រុមហ៊ុនកើតថ្មីប្រមាណជាង១២ម៉ឺនក្រុមហ៊ុនជារៀងរាល់ឆ្នាំ៕

 

អត្ថបទដោយ៖ MENG SONGHUA

អ្នកនិពន្ធសៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ”

LEAVE A REPLY

Please enter your comment!
Please enter your name here