គំនិតបន្ថែមគុណតម្លៃលើផលិតផលចរាចរលក់លើទីផ្សារជាចំណុចរស៊ើបមួយ អាចនិយាយបានថាជាទីផ្តាច់ព្រាត់របស់អ្នករកស៊ីកំពុងរត់ប្រណាំងគ្នាស្ទើរតែគ្រប់អាជីវកម្មទៅហើយ មិនថាជាផលិតផល ឬជាសេវាកម្មដែលកំពុងពេញនិយមក្តី។ អាជីវកម្មកំពុងមានសកម្មភាពក្តី និងអាជីវកម្មកកើតថ្មីៗក្តី ផលិតផលមួយណាមានគុណតម្លៃកាន់តែខ្ពស់ គេអាចលក់ផលិតផលនោះបានកាន់តែថ្លៃទៅតាមការទទួលស្គាល់ពីអ្នកប្រើប្រាស់បានផងដែរ។
ថ្ងៃនេះ Business Cambodia សូមលើកវិធីសាស្រ្តទាំង៩ចំនុច សម្រាប់ម្ចាស់អាជីវកម្មដែលកំពុងលក់ផលិត ឬសេវាកម្ម ពិចារណានិងអនុវត្តន៍ដើម្បីបន្ថែមគុណតម្លៃជូនអតិថិជន នូវផលិតផល ឬសេវាកម្មដែលមានទីផ្សារស្រាប់៖
វិធីសាស្រ្តទី១៖ ប្រឹក្សាយោបល់ និងបង្ហាញពីជំនាញបច្ចេកវិទ្យាខ្ពស់
អ្នកអាចណែនាំអតិថិជននូវផលិតផលដែលអាចឆ្លើយតបតម្រូវការប្រើប្រាស់ ត្រូវនឹងកញ្ចប់លុយអតិថិជន បូករួមអត្ថប្រយោជន៍ផ្សេងទៀត។ ឧបមាថា អតិថិជនត្រូវការផលិតផលតម្លៃ២០ដុល្លារ សម្រាប់ផលិតផលមុខងារ៣មុខ ធៀបជាមួយគូប្រជែងតម្លៃ និងមុខងារផលិតផលប្រហាក់ប្រហែលគ្នា ប៉ុន្តែផលិតផលអ្នកមានមុខងារសាគួរផ្សេងទៀត ដូចជាងាយស្រួលតម្លើងអោយធំជាងមុន(Upgrade) ប្រើបានយូរ ទោះបីជំនាន់ក្រោយចេញជាបន្តបន្ទាប់ក្តីគ្រាន់តែភ្ជាប់ជាមួយឧបករណ៍បន្ថែមណាមួយ។
មានន័យថា អ្នកដឹងពីផលិតផលមិនមែនត្រឹមតែប្រើសម្រាប់ថ្ងៃនេះ ប៉ុន្តែផលិតផលមួយនេះនឹងក្លាយជាប្រយោជន៍អតិថិជនបានដល់អនាគតវែងឆ្ងាយ ឬសេវាកម្មបំពេញនូវតម្រូវការនាពេលអនាគតដែលកាន់តែរីកធំឡើងៗ។
វិធីសាស្រ្តទី២៖ ធ្វើសំបក និងសោភ័ណភាពនៃការវេចខ្ចប់ល្អបំផុតមួយ
ចំណុចនេះមិនមែនសំដៅថា ផលិតផលអ្នកគួរមានការវេចខ្ចប់អោយមានរូបរាងបែបណាមួយឡើយ។
រូបរាងសំបក និងការវេចខ្ចប់តាមគំនិតច្នៃប្រឌិតរបស់ម្ចាស់ផលិតផលហ្នឹងឯង ប៉ុន្តែគួរលៃលករៀបចំយ៉ាងណា ពេលផលិតផលដល់ដៃអតិថិជនហើយ ពួកគាត់មានអារម្មណ៍ថាសមសួន សមស្របទៅនឹងប្រភេទផលិតផល។
វិធីសាស្រ្តទី៣៖ ចែកលំដាប់ថ្នាក់អតិថិជន
ផលិតផលឬសេវាកម្មទាំងអស់ មិនមែនតម្រូវអោយថ្លៃខ្ពស់មានសមត្ថភាពខ្លាំងកប់ៗនោះទេ ផលិតផលគួរតម្រូវទៅតាមប្រភេទមនុស្សដែលត្រូវការប្រើប្រាស់ ឧទាហរណ៍មានប្រភេទសាមញ្ញ និងប្រភេទVIPជាដើម។ បើទោះបីជាបែងចែកកម្រិតបែបនេះក្តី ម្ចាស់អាជីវកម្មត្រូវប្រាកដថាគ្រប់ផលិតផលដែលផ្តល់ជូនគឺល្អសម្រាប់ភ្ញៀវ ហើយអ្នកបានទទួលពាក្យ”អរគុណ”។
វិធីសាស្រ្តទី៤៖ កម្មវិធីពិសេសសម្រាប់អតិថិជនទិញញឹកញាប់
នេះជាវិធីសាស្រ្តចងជើងអតិថិជន ក៏ដូចជាទាក់ទាញអតិថិជនថ្មីអោយទន់ជង្គង់ដូចគ្នាផងដែរ។
ត្រង់នេះជាការតបស្នងចំពោះអតិថិជនដែលស្មោះស្ម័គ្រនឹងផលិតផល ឬសេវាកម្មអ្នក ដោយផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗ និងផលិតផលដែលទាក់ទងមួយចំនួនធ្វើអោយផលិតផលនោះកាន់តែសម្បូរបែប។
វិធីសាស្រ្តទី៥៖ ផ្តល់ភាពរីកចម្រើន និងចំណេះដឹង
ប្រសិនបើមានអតិថិជនថ្មី ចង់ដឹងពីផលិតផលអ្នក ច្បាស់ណាស់អ្នកត្រូវលើកបង្ហាញពីសកម្មភាព និងការផ្លាស់ប្តូរអ្វីខ្លះ ដែលអាចធ្វើអោយជីវិតពួកគាត់កាន់តែប្រសើរឡើង ជាមួយវត្តមានផលិតផលអ្នក។ បន្ថែមពីលើនេះ ក៏ត្រូវផ្តល់ចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់ដល់ពួកគាត់កាន់តែទូលំទូលាយផងដែរ។
វិធីសាស្រ្តទី៦៖ កេរ្តិ៍ឈ្មោះ និងរង្វាន់ដែលផលិតផលទទួលបាន
ចំណុចនេះផ្តោតសំខាន់ទៅលើកេរ្តិ័ឈ្មោះរបស់ផលិតផល ឬសេវាកម្ម តួយ៉ាងប្រៀបដូចជាការរៀបចំប្រវត្តិក្រុមហ៊ុនដូច្នោះដែរ តាំងពីចំណុចចាប់ផ្តើមរហូតដល់បច្ចុប្បន្ន ក្រុមហ៊ុនធ្លាប់ធ្វើអ្វីខ្លះ មានដៃគូធំៗ ក៏ដូចជាអ្នកសហការមកពីបណ្តាភាគីសំខាន់ៗណាខ្លះ និងរង្វាន់ឫជាការទទួលស្គាល់ពីស្ថាប័នណាមួយដែលមានការទទួលស្គាល់ពីមហាជន។
វិធីសាស្រ្តទី៧៖ គិតគូពីតម្លៃរបស់អតិថិជន
ចំណុចនេះជាអថិភាពមួយមិនគួរមើលរំលងបានឡើយ សម្រាប់បង្កើនគុណតម្លៃនៃផលិតផលរបស់អ្នកដើម្បីវាយលុកលក់ដល់អតិថិជនតម្រង់មករកផលិតផល ឫសេវាកម្មអ្នកយ៉ាងប្រាកដ ហើយក៏ចំណុចស្នូលត្រូវការពារអោយបានម៉ឹងម៉ាត់ផងដែរ។ ផ្ទុយមកវិញបើទោះបីជាផលិតផលឫសេវាកម្មអ្នកល្បីប៉ុណ្ណាក៏ដោយ កាលណារូបភាពមួយចំនួនបានធ្វើអោយប៉ះពាល់ដល់អារម្មណ៍ភ្ញៀវត្រឹមតែម្នាក់ក្តី ក្នុងសម័យកាលបច្ចេកវិទ្យានេះ អ្នកមិនអាចប៉ាន់ស្មានដឹងទេថាអាចធ្វើអោយខូចក្រេឌីដខ្លាំងប៉ុណ្ណានោះ បើព័ត៌មានមិនល្អបែកធ្លាយចេញទៅ។
វិធីសាស្រ្តទី៨៖ ការដឹកជញ្ជូន និងសេវាកម្មទាន់ចិត្ត
ចំណុចនេះបើមើលសើរៗមិនសូវឃើញពីតម្លៃ និងពិសេសណាស់ណាទេ ប៉ុន្តែមិនមែនជារឿងល្អឡើយប្រសិនបើការដឹកជញ្ជូនមានបញ្ហាយឺតយាវខ្លាំង រអាក់រអួលខកណាត់ជាដើម។ បើអ្នកជាម្ចាស់អាជីវកម្មអ្នកត្រូវយកចិត្តទុកដាក់ខ្លាំងបន្តិចលើរឿងនេះ ថ្វីត្បិដថាវាមិនមែនជារឿងស្មុគស្មាញ តែដាច់ខាតកុំមើលរំលងពីគុណប្រយោជន៍វាអោយសោះ ហើយចំណុចនេះក៏រួមចំណែកបង្កើនគុណតម្លៃផលិតផលអ្នកផងដែរ។
វិធីសាស្រ្តទី៩៖ ព័ត៌មានផ្ទៃក្នុង
សឹងតែទូទៅហើយផលិតផល ឫសេវាកម្មនានា មានវេបសាយផ្ទាល់ខ្លួន យ៉ាងហោចណាស់ក៏មានត្រឹមផេកហ្វេសប៊ុកដែរ ទីនេះជាកន្លែងបង្ហាញពីព័ត៌មានមួយចំនួនដូចជា ស្តុកផលិតផល ប្រភេទសេវាកម្ម ដំណើរការទិញ-លក់ ពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុ រួមនឹងផ្នែកសំខាន់ៗជាច្រើនសម្រាប់ភ្ញៀវបានសិក្សាលម្អិត និងកាន់តែជឿជាក់លើសេវាកម្មផងដែរ។
អត្ថបទដោយ៖ វុទ្ធា សេរីនរៈវុឌ្ឍិ