គម្រោងកែលម្អផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ នឹងបញ្ចប់នៅខែក្រោយនេះ

0
946
រូបតំណាង

(ភ្នំពេញ)៖ គម្រោងកែលម្អផ្លូវដែកឡើងវិញពីភ្នំពេញ ទៅដល់ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ នឹងអាចបញ្ចប់​តាមការគ្រោងទុកក្នុងអំឡុងខែកក្កដាខាងមុខនេះ ដើម្បីពន្លឿនដល់សេវាដឹកជញ្ជូនអ្នកដំណើរ និងទំនិញឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃឱ្យកាន់តែងាយស្រួល។​

កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក លី បូរិនបានបញ្ជាក់ថា ដើម្បីឱ្យសម្រេចបានតាមផែនការកំណត់នេះ ក្រសួងបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនចំនួន ៤ធ្វើការកែលម្អជួសជុលកំណាត់ផ្លូវដែកពីពោធិ៍សាត់មកកាន់រាជធានីភ្នំពេញ ដែលមានប្រវែងជាង ១៦០គីឡូម៉ែត្រនេះ ដោយធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាពន្លឿនការតភ្ជាប់ផ្លូវដែកឡើងវិញពីភ្នំពេញរហូតដល់ ប៉ោតប៉ែតព្រំដែនកម្ពុជា-ថៃ។

លោកបានអះអាងថា នៅពេលផ្លូវដែកកម្ពុជាអាចតភ្ជាប់គ្នាបានទាំងស្រុងនោះ ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋពីភ្នំពេញទៅព្រំដែនកម្ពុជា-ថៃ ឬឆ្លងដែនភ្ជាប់ជាមួយបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ានកាន់តែងាយស្រួល ហើយមានតម្លៃថោកផងដែរ។


លោកបន្ថែមថា តាមគម្រោងផ្លូវដែកនេះ នឹងបើកឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ហើយប្រជាពលរដ្ឋអាចប្រើប្រាស់សេវានេះ ដោយមិនត្រូវបានយកលុយឡើយ រហូតដល់ថ្ងៃទី០១ ខែសីហាខាងមុខ។ ដូច្នេះ ប្រជាពលរដ្ឋអាចសាកល្បងប្រើប្រាស់សេវាដឹកជញ្ជូនរបស់រដ្ឋមួយនេះបានដែលអាចជួយកាត់បន្ថយការចំណាយ។

សូមបញ្ជាក់ថា ផ្លូវដែកពីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ មានប្រវែងជាង៣៨០គីឡូម៉ែត្រ ឆ្លងកាត់រាជធានីខេត្តចំនួន៧ ក្នុងនោះ មានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង់ និងខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្នផ្លូវដែកនេះបានតភ្ជាប់ពីក្រុងប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ មកដល់ខេត្តពោធិ៍សាត់រួចហើយ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here