ធនាគារជាតិ៖បើជនណាមិនទទួលយកលុយរៀល នឹងពិន័យជាប្រាក់១០០ដង

0
25924

ភ្នំពេញ៖ ធនាគារជាតិកម្ពុជា បានអះអាងនៅថ្ងៃព្រហស្បតិ៍្តនេះថា ធនាគារជាតិនឹងពិន័យជាទឹកប្រាក់១០០ដង ដល់ជនណាដែល​ពុំព្រមទូទាត់ទទួលយកប្រាក់រៀលនៅក្នុងប្រទេសកម្ពុជា។ ធនាគារជាតិអះអាងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកនេះ។

ធនាគារជាតិក៏បានឲ្យដឹងទៀតថា យោងតាមច្បាប់ជាធរមាន នៅក្នុងករណីដែលជួបប្រទះនូវបញ្ហាមិនទទួលឬប្រើប្រាស់ប្រាក់រៀលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋកម្ពុជាអាចប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដោយភ្ជាប់មកជាមួយនូវភស្តុតាងចាំបាច់នានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

បន្ថែមលើនេះ ធនាគារជាតិកម្ពុជាក៏បានដកស្រង់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាត្រង់មាត្រា៤៣ មកបង្ហាញថា ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់និងកាក់ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែនចំពោះក្រដាសប្រាក់ និងមានព្រំដែនចំពោះកាសក្នុងលក្ខខណ្ឌកំណត់ដោយធនាគារកណ្តាល។


ធនាគារជាតិកម្ពុជា បានបន្ថែមនិយាយពីមាត្រា៦៤ ទៀតថា ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូលនិងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ៕

ដោយ៖ វណ្ណ ច័ន្ទវីន

LEAVE A REPLY

Please enter your comment!
Please enter your name here