មិនធម្មតា ខួរក្បាល AI ថ្មីរបស់ Google អាចទាយដឹងថា ពេលណាអ្នកជម្ងឺអាចនឹងស្លាប់

0
2160

ឆ្លងកាត់ការអនុវត្តន៍ជាក់ស្តែងជាអ្នកជម្ងឺដែលកំពុងដេកលើគ្រែ ខួរក្បាល AI ថ្មីរបស់ Google បានធ្វើការគណនានិងតេស្តលើ ១៧៥ ៦៣៩ ចំណុចលើអ្នកជម្ងឺ ក្រោយមកវាបានរកឃើញថាអ្នកជង្ងឺអាចប្រឈមនឹងឱកាសស្លាប់រហូតដល់ ១៩.៩% ។

តាមទស្សនាវដ្តី Bloomberg ឲ្យដឹងថា ការវិភាគទៅលើស្រ្តីអ្នកជម្ងឺមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានបង្ហាញជាសាធារណៈកាលពីខែមិថុនា ក្នុងគម្រោងស្រាវជ្រាវពីបញ្ហាសុខភាព ដែលវាជាទម្រង់នៃ AI ឬបញ្ញាសិប្បនិមិត្ត ប្រើទិន្នន័យដើម្បីសិក្សានិងវិភាគដោយស្វ័យប្រវត្តិ ។

ក្រុមហ៊ុន Google បានបង្កើតឧបករណ៍ ដែលអាចទស្សន៍ទាយដឹងពីលទ្ធផលរបស់អ្នកជម្ងឺ ដែលរួមមាន រយៈពេលដែលអ្នកជម្ងឺត្រូវដេកក្នុងមន្ទីពេទ្យ ក៏ដូចជាឱកាសនៃការស្លាប់របស់ពួកគេផងដែរ ។ ហើយអ្វីដែលធ្វើឲ្យអ្នកជំនាញវេជ្ជសាស្ត្រមានការភ្ញាក់ផ្អើលនោះ គឺខួរក្បាលរបស់ Google អាចវិភាគលទ្ធផលដោយគ្រាន់តែប្រមូលទិន្នន័យចាស់ៗពី PDF ឬតារាងវាយតម្លៃរបស់អ្នកជម្ងឺមកវិភាគ ដែលវាអាចធ្វើបានលឿន និងទទួលស្គាល់ថាត្រឹមត្រូវជាងតិចនិកដែលធ្លាប់ប្រើកន្លងមក ។


ជំហានបន្ទាប់របស់ Google គឺចង់បង្វែរបច្ចេកវិទ្យានេះទៅជាសេវាកម្មគ្លីនិកតែម្តង នេះបើតាមសម្តីរបស់នាយកផ្នែក AI លោក Jeff Dean ។ មិនតែប៉ុណ្ណោះពេលខ្លះប្រព័ន្ធទស្សន៍ទាយមួយនេះ អាចនឹងក្លាយជាខួរក្បាលវេជ្ជសាស្ត្រផងដែរ មានន័យថាវាអាចវិភាគរោគសញ្ញានិងជម្ងឺ ជាមួយនឹងកម្រិតត្រឹមត្រូវខ្ពស់ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនមេ Alphabet Inc របស់ Google បានបោះជំហានចូលក្នុងបច្ចេកវិទ្យា AI កាលពីឆ្នាំ ២០១៦ ឃើញថា Google បានពង្រឹកលើការផ្គត់ផ្គង់សេវាកម្មចាស់ៗលើអ៊ីនធឺណេត ហើយខួរក្បាលវេជ្ជសាស្ត្រថ្មីនេះ បានផ្តល់​ឱកាសឲ្យ Google វាយលុកចូលទីផ្សារថ្មីរបស់ខ្លួនបន្ថែមទៀត ។

Software ទាក់ទងនឹងការថែទាំសុខភាពនេះ បង្កើតឡើងដោយកូដទ្រង់ទ្រាយធំ ដើម្បីឲ្យម៉ាស៊ីនអាចធ្វើការញែកទិន្នន័យដោយខ្លួនឯង ធ្វើការសិក្សាពីបញ្ហា និងដោះស្រាយ ហើយឥឡូវនេះវាបានធ្វើការពិសោធន៍ជោគជ័យលើចំណុចតូចមួយ និងសម្តៅទៅរកផ្លែផ្កានៅពេលក្រោយ ។

ការស្រាវជ្រាវថ្មីៗនេះ ក្រុមហ៊ុនយក្ស Google បានសហការជាមួយសកលវិទ្យាល័យ California និង Chicago ក្នុងការប្រមូលទិន្នន័យអ្នកជម្ងឺរហូតដល់ ៤៦ ពាន់លានទិន្នន័យ ហើយ AI របស់ Google បានបំពាក់ប្រព័ន្ធទស្សន៍ទាយនៅតាមមន្ទីពេទ្យនីមួយៗ ។

កាលពីឆ្នាំមុននេះ Google ត្រូវបានប្រទេសអង់គ្លេសព្រមាន ខណៈដែលក្រុមហ៊ុននេះបានយកទិន្នន័យរបស់អ្នកជម្ងឺទៅធ្វើតេស្តដោយមិនមានការអនុញ្ញាត ដូចច្នោះឆ្នាំនេះ Google និងមន្ទីពេទ្យដៃគូរបស់ខ្លួនដោយរក្សាការសម្ងាត់ សុវត្ថិភាព និងសុំការអនុញ្ញាតិពីអ្នកជម្ងឺជាមុនសិន ។

គួរបញ្ជាក់ថា Google អាចនឹងបំពាក់សេវាកម្មមួយនេះនៅតាមគ្លីនិកផ្សេងៗ ឬលក់វាតាមរយៈក្រុមហ៊ុនដែលផ្តល់សេវាកម្ម cloud-computing ខណៈដែលក្រុមហ៊ុន Microsoft Corp កំពុងធ្វើការលើសេវាកម្មទស្សន៍ទាយដោយប្រើ AI នេះដែរ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here