អ្នកសេដ្ឋកិច្ចពីររូបឲ្យយោបល់ផ្តល់ជាជម្រើសពីរដល់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រេងឡើងថ្លៃ

0
1417
រូបតំណាង

ភ្នំពេញ៖ ខណៈដែលប្រមុខរដ្ឋាភិបាលកម្ពុជា គឺសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសថា នឹងដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងនៅកម្ពុជានៅថ្ងៃទី២៨ មិថុនានោះ អ្នកជំនាញសេដ្ឋកិច្ចពីររូបរបស់កម្ពុជាបានឲ្យជាយោល់ផ្តល់ជាជម្រើសពីរដល់រដ្ឋាភិបាល ដើម្បីដោះស្រា​យបញ្ហានេះ។ ជម្រើសទាំងពីរនេះ គឺរដ្ឋាភិបាលអាចធ្វើការឧបត្ថម្ភធន ឬត្រូវកាត់បន្ថយការយកពន្ធ។

លោកតេង ដឺលុច បណ្ឌិតផ្នែកសេដ្ឋកិច្ចបានលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ការឧបត្ថម្ភធនពីសំណាក់រដ្ឋាភិបាលកម្ពុជា ដើម្បីជួយទប់តម្លៃប្រេង គឺជាជម្រើសមួយដែលមិនអាចត្រូវមើលរំលងឡើយ។ សូមកត់សម្គាល់ថា ជម្រើសធ្វើការឧបត្ថម្ភធននេះ គឺជាអ្វីដែលប្រទេសជិតខាងកម្ពុជាដូចយ៉ាងប្រទេសថៃជាដើម កំពុងតែធ្វើហើយទទួលបានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។ ប៉ុន្តែចំណុចនេះ លោកបណ្ឌិតតេង ដឺលុច ហាក់មើលឃើញពីផលលំបាកបន្តិចរឿងប្រភពថវិការបស់រដ្ឋាភិបាល ដើម្បីយកមកធ្វើការឧបត្ថម្ភធនទប់តម្លៃប្រេងនេះ។

ដោយឡែក លោកចាន់ សុផល ដែលជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូបទៀតយល់ថា ជម្រើសដែលរដ្ឋាភិបាលគួរតែចាប់យកនៅពេលនេះ គឺការកាត់បន្ថយការយកពន្ធលើប្រេងឥន្ធនៈដែលកំពុងលក់នៅក្នុងប្រទេសកម្ពុជា។ លោកចាន់ សុផល ពន្យល់ថា នៅពេ​លនេះ រដ្ឋាភិបាលកម្ពុជា​បានសម្រេចយកពន្ធលើប្រេងឥន្ធនៈប្រហែល១ពាន់រៀលក្នុងមួយលីត្រ។ ដូច្នេះ ប្រសិនបើចង់ឲ្យប្រេងឥន្ធនៈចុះថ្លៃនោះ គឺរដ្ឋាភិបាលគ្រាន់តែបន្ថយការយកពន្ធនោះ ជាការស្រេច។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការធ្វើបែបនេះ វាគឺជាជម្រើសល្អសម្រាប់បរិបទប្រទេសកម្ពុជា។


គួរបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ប្រេងសាំងធម្មតាលក់ក្នុងតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ។ ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,០០០រៀលក្នុងមួយលីត្រ។ បើទោះបីតម្លៃនេះធ្លាក់ចុះបន្តិចមែន ប៉ុន្តែវានៅតែជាតម្លៃមួយថ្លៃសម្រាប់អ្នកប្រើប្រាស់ផ្លូវទាំងឡាយនៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់ផ្លូវបារម្ភថា នៅពេលដែលប្រេងឡើងថ្លៃ ទំនិញនានាក៏នឹងអាចឡើងថ្លៃដែរមិនខាន។ នេះជាហេតុផលដែលពួកគេស្នើឲ្យមានការបញ្ចុះតម្លៃប្រេងឥន្ធនៈ៕

ដោយ៖ វណ្ណ ច័ន្ទវីន

 

LEAVE A REPLY

Please enter your comment!
Please enter your name here